- 2022-06-17 10:41:49
- ព័ត៌មាន
CSFF ឆ្នាំទី១១ មហោស្រពភាពភាពយន្តខ្លីចតុមុខពន្យាពេលទទួលស្នាដៃដល់ថ្ងៃទី ១៥ខែកក្កដា
- 2022-06-17 10:41:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CSFF ឆ្នាំទី១១ មហោស្រពភាពភាពយន្តខ្លីចតុមុខពន្យាពេលទទួលស្នាដៃដល់ថ្ងៃទី ១៥ខែកក្កដា
ចន្លោះមិនឃើញ
ដោយសារតែមានការស្នើពីសមិទ្ធករជាច្រើន សុំឱ្យពន្យាពេលការទទួលស្នាដៃ ទើបបានជាមហោស្រពភាពយន្តខ្លីចតុមុខ សម្រេចពន្យាពេលនៃការទទួលស្នាដៃភាពយន្តខ្លី ដើម្បីប្រកួតប្រជែងរហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
ចាប់តាំងពីខែមីនា មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១១ ឆ្នាំ២០២២ បានចាប់ផ្តើមប្រកាសបើកទទួលស្នាដៃ របស់ផលិតករភាពយន្ត ខ្នាតខ្លី រហូតដល់ថ្ងៃទី ១៥ ខែមិថុនា វេលាម៉ោង ២៣:៥៩ (ម៉ោងនៅកម្ពុជា) ប៉ុន្តែពេលនេះ ត្រូវបាន ពន្យារពេលដល់ថ្ងៃទី១៥ ខែកក្កដាឯណោះ។ ដូច្នេះនៅសល់ពេលជិតមួយខែទៀត រួសរាន់ឡើង ដាក់ស្នាដៃរបស់ លោកអ្នកមក កាន់មហោស្រពរបស់យើង ដើម្បីទទួលបានបទពិសោធថ្មីៗ ដើម្បីមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយសមិទ្ធករ ជាច្រើនរូបទៀត ក្នុងវិស័យភាពយន្ត ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។
សូមរំលឹកថា មហោស្រពភាពយន្តខ្លីចតុមុខ បានធ្វើសកម្មភាពជាច្រើន ដើម្បីគាំទ្រដល់វិស័យភាពយន្តនៅកម្ពុជា ដោយមិន គ្រាន់តែធ្វើការទៅលើការរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់”មហោស្រពភាពយន្តខ្លីចតរុមុខ”ប៉ុណ្ណោះឡើយ។ ចាប់តាំងពីខែ មិនា ឆ្នាំ២០២២មក មហោស្រពភាពយន្តខ្លីចតុមុខ បានអនុវត្តគម្រោងជាច្រើន ដូចជាការចាក់បញ្ចាំងភាពយន្តខ្លី និងភាពយន្ត ឯកសារ នៅតាមបណ្ដាខេត្តមួយចំនួនដូចជានៅខេត្តរតនគិរី ក្រចេះ និងកំពង់ចាម។ បន្ថែមពីនោះ មហោស្រពក៏ បានរៀបចំ កម្មវិធីកិច្ចស្វែងយល់ពីភាពយន្តចតុមុខ (Chaktomuk Film Insights) នៅស្ថាប័នវប្បធម៌ ដូចជា «ផ្ទះមេត្តា» Ikigai Arts Center និងចុងក្រោយគេនៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈភាពយន្ត និងទទួលថតភាពយន្តបរទេស (Cambodia Film Commission) នៅដើមមិថុនាកន្លងទៅនេះ។ នៅទំព័រFacebook របស់មហោស្រពវិញ ក៏មាន ការផ្សាយពីរបៀបបង្កើតខ្សែភាពយន្ត សរសេរអត្ថបទភាពយន្ត ដំណាក់កាលមុនថត ដំណាក់កាលថត និងដំណាក់កាល ក្រោយពេលថត ដោយមានការរើសទីតាំងថត គម្រោងចំណាយលើការថត ការរើសតួសម្ដែង និងការរៀបចំឧបករណ៍ ថតជាដើម។
បន្ថែមពីនោះ មហោស្រពភាពយន្តខ្លីចតុមុខ ទើបតែបានបញ្ចប់កម្មវិធី «ឡើងរោងកុន» ដែលកម្មវិធីនេះ បានចាក់បញ្ចាំង ឡើងវិញនូវភាពយន្តខ្លីជាប់ជយលាភី និងជាប់ជម្រើសកាលពីឆ្នាំមុនៗ។ ក្នុងកម្មវិធីដដែលនេះ ក៏មានការអញ្ជើញ សមិទ្ធករ ម្ចាស់រឿង និងតួសម្ដែងមកចូលរួមដើម្បីចែករំលែកបទពិសោធទាក់ទងនឹងអាជីពទាំងនោះផងដែរ។ ជាពិសេសភ្ញៀវកិតិ្តយសគឺ ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៏ និង វិចិត្រសិល្បៈដែលមានវត្តមានក្នុងកម្មវិធីនេះ ក៏បានមាន ប្រសាសន៍ ទៅកាន់ប្រធានមហោស្រពពេលចប់កម្មវិធីថា៖ «ខ្ញុំមិននឹកស្មានថា ស្នាដៃយុវជនយើងថ្មីថ្មោងនេះ មានគុណភាព ល្អប្រសើរយ៉ាងនេះសោះ។ បើមានកម្មវិធីលើកក្រោយ ខ្ញុំនឹងឆ្លៀតឱកាសចូលរួមចែករំលែកបទពិសោធន៍របស់ខ្ញុំខ្លះ ក្នុងនាម អតីតផលិតករមួយរូបដែរ។»
លោក ស៊ុំ ស៊ីថែន ប្រធាន CSFF 2022 បានមានប្រសាសន៍ថា៖ «ការដាក់ស្នាដៃមកប្រកួតប្រជែងក្នុងមហោស្រព ភាពយន្តខ្លីចតុមុខ គឺជាឱកាសសម្រាប់យុវផលិតករថ្មីៗ ស្វែងយល់ពីវិស័យភាពយន្ត និងពង្រីកចំណេះដឹងរបស់ខ្លួនកាន់តែ ខ្លាំងឡើងថែមទៀត ដើម្បីអភិវឌ្ឍន៍ស្នាដៃរបស់ខ្លួន ចូលទៅឆាកអន្តរជាតិ»។
ដូចឆ្នាំមុនដែរ ក្រៅពីរឿងប្រឌិត និងភាពយន្តឯកសារ CSFF នៅតែបន្តទទួលយកវីដេអូតន្ត្រី និងគំនូរជីវចល ឱ្យតែ រយៈពេលអតិបរមានៃវីដេអូមិនលើសពី ៣០នាទី។ CSFF-XI នឹងបន្ថែមនូវពានរង្វាន់ថ្មី «ភាពយន្តខ្លី អន្តរជាតិល្អបំផុត» ដែលត្រូវបានវិនិច្ឆ័យដោយមេប្រយោគអន្តរជាតិ។ ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោចជា៥ប្រភេទដូចតទៅ៖
ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា
ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា
ភាពយន្តខ្លីឆ្នើមអន្តរជាតិ
រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក
រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ
ចាប់តាំងពីចាប់ផ្តើមជំនាន់ទីថ្មីរបស់ខ្លួនមក CSFF ត្រូវបានគាំទ្រជាផ្លូវការដោយក្រសួងព័ត៌មាន រោងភាពយន្ត Legend Cinemas, ផលិតកម្ម Kongchak, Sabay News និង Everything About Cambodia។
មហោស្រព ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ជាពិសេសរង្វាន់ជាសាច់ប្រាក់ ដល់ម្ចាស់ជើងឯកដែលសមនឹង ទទួលបាននាពេលខាងមុខ នៅក្នុងពានរង្វាន់ទាំង5ប្រភេទ។
ប្រសិនបើលោកអ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀត នៅរាជធានីភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់លោកអ្នក ជាមួយទស្សនិកជនឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFF ឬ http://csff.co/submission/
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលទៅកាន់
ទំព័រហ្វេសប៊ុក Chaktomuk Short Film Festival
គេហទំព័រ Chaktomuk Short Film Festival
ថតរឿងខ្លីឱ្យបានសប្បាយណា៎ អ្នកទាំងអស់គ្នា តែសូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួនផង!