• 2022-06-28 03:30:50
  • ព័ត៌មាន

នាយក្រូច ខឹងមិត្ដរួមក្រុមបង្ខូចមុខមាត់លោក ដល់ថ្នាក់ទៅដល់ទីណាគេដាក់តែផ្លែស្វាយឲ្យហូប

  • 2022-06-28 03:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងរួមក្រុម គឺនាយក្រូច និងនាយធ្នុង កំពុងធ្វើឲ្យមហាជនចាប់ខ្លាំងចំពោះសកម្មភាពក្រៅឆាករបស់អ្នកទាំងពីរ ដោយនាយធ្នុងនិយាយបែបលេងសើចថា ទៅលេងផ្ទះនាយក្រូចម្ដងណា គឺហូបតែស្វាយ។ ការ្យនេះបានធ្វើឲ្យនាយក្រូច ខឹងហើយចេញវីដេអូខ្លីមួយបញ្ជាក់ទៅនាយធ្នុងវិញ ហើយថាធ្នុងជាអ្នកលក់មុខលោក ឬធ្វើឲ្យគេយល់ថាលោកមិនចេះហូបអ្វីក្រៅពីផ្លែស្វាយ។

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នាយក្រូច បានទៅលេងផ្ទះមិត្ដសិល្បៈម្នាក់នៅសង្កាត់កៀនឃ្លាំង រាជធានីភ្នំពេញ។ នៅលើតុដែលរៀបត្រៀបត្រាដោយម្ហូបឆ្ងាញ់ៗ និងមាន់ដុត តែនៅក្នុងនោះក៏មានផ្លែឈើពីរមុខ នៅក្បែរដៃលោកជាងគេ គឺផ្លែព្រីង និងស្វាយ។ ពេលនោះមានមិត្ដម្នាក់សួរថា ម៉េចបានអត់ហូបសាច់មាន់? លោកក៏ឆ្លើយតបភ្លាមថា គេអត់ឲ្យហូបផង ព្រោះគេថាអ្នកផ្ទះរបស់លោកចូលចិត្ដហូបតែស្វាយ ដំណឹងនេះបានទម្លាយដោយនាយធ្នុងកាលពីទៅលេងផ្ទះលោកថ្មីៗនេះ។

នាយក្រូច៖ “ខ្ញុំខូចអនាគត តាំងពីអាធ្នុងក្បាលទំពែកហ្នឹង…វាថតដាក់ហ្វេសប៊ុក ហើយនឹងអាTik Tok វាហ្នឹង វាថាផ្ទះខ្ញុំស៊ីតែស្វាយ ឥឡូវមកដល់ផ្ទះបងវ៉ានៅត្រើយម្ខាងនេះ គេហូបមាន់ ត្រីអីពេញហ្នឹង តែខ្ញុំមកដល់គេឲ្យហូបស្វាយទៀត"។

សូមបញ្ជាក់ថា នាយក្រូច ដែលត្រូវជាពូបង្កើតរបស់តារាចម្រៀងចឺម កំពុងសាងសង់វីឡាដ៏ធំមួយនៅស្រុកកំណើតក្នុងស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ហើយតែងតែបបួលមិត្ដសិល្បៈទៅលេង។ ថ្មីៗនេះនាយធ្នុង និងសមាជិកក្រុមកំប្លែង បានទៅលេងផ្ទះលោក ហើយគេក៏ឃើញនាយធ្នុងចេញវីដេអូបែបកំប្លែងមួយ ដោយកំពុងអង្គុយហូបសាច់ក្ងាននៅផ្ទះនាយចឺមដែលនៅក្បែរនោះ ហើយនិយាយលេងថា អង្គុយផ្ទះនាយក្រូចអត់មានអីហូបក្រៅពីស្វាយ ឥឡូវមកដល់ផ្ទះនាយចឺមហូបសុទ្ធតែសាច់ក្ងាន។

វីដេអូបែបលេងសើចក្រៅឆាករបស់អ្នកទាំងពីរនេះ គឺធ្វើឡើងក្រោយពីក្រុមកំប្លែងនាយពាក់មីដែលធ្លាប់ដឹកនាំដោយលោកតាវ៉ិចទ័រ ប្រចាំនៅស្ថានីយទូរទស្សន៍ CTN មានភាពរង្គោះរង្គើក្រុម ក្រោយពីសមាជិកខ្លះ នៃក្រុមកំប្លែងដ៏មានប្រជាប្រិយភាពនេះប្រកាសដើរចេញពីទ្រនំធ្លាប់ផ្ដល់កំណើតសិល្បៈច្រើនឆ្នាំ ព្រោះតែមិនពេញចិត្ដនឹងការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំថ្មីម្នាក់៕

ជិន សុភ័ក្ដ្រ

មតិយោបល់