• 2022-06-30 01:30:00
  • ព័ត៌មាន

ជីវិតចុងក្រោយ នៃអ្នកជាប់ឃុំជាមួយ ស៊ីន ស៊ីសាមុត និងគង់ សំអឿន ប្រាថ្នាឃើញស្ដូបឧទ្ទិសដល់អ្នកស្លាប់នៅមន្ទីរ១៥

  • 2022-06-30 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតអ្នកជាប់ឃុំជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងតារាសម្ដែង គង់ សំអឿន ក្នុងរបបខ្មែរក្រហម គឺលោក កែវ ចំណាប់ ប្រាថ្នាឃើញស្ដូបសង់លើបរិវេណតូចល្មមមួយ ស្ថិតនៅភូមិក្បាលកោះ ឃុំពោធិបាន ស្រុកកោះធំ ខេត្ដកណ្ដាល ដើម្បីឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធសិល្បករទាំងពីររូប ព្រមទាំងអ្នកស្លាប់ដទៃទៀតនៅក្នុងមន្ទីរឃុំឃាំង១៥។

ស្ថិតក្នុងវ័យ ៧៧ឆ្នាំ ហើយសុខភាពក៏កាន់តែទ្រុឌទ្រោម លោក កែវ ចំណាប់ អំពាវនាវដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សប្បុរសជនជាតិ និងអន្ដរជាតិ ឲ្យជួយបំពេញបំណងចុងក្រោយក្នុងឆាកជីវិតដ៏កម្សត់របស់លោកកាលពីអតីត ដោយគិតគូររកដីសង់ស្ដូបនេះឲ្យបានឆាប់។ ថ្មីៗនេះលោកបានចុះទៅដល់ទីតាំង នៃអតីតមន្ទីរឃុំឃាំង១៥ ឃើញទីតាំងនោះប្រែក្លាយពីព្រៃ និងគុកសម្រាប់ដាក់អ្នកទោស មកជាផ្ទះប្រជាពលរដ្ឋរស់នៅយ៉ាងកុះករ ហើយបើចង់បានដីនៅទីនោះ គឺគេលក់ក្នុងតម្លៃថ្លៃ។

លោក កែវ ចំណាប់៖ “ខ្ញុំឯណា…ទៅមានលទ្ធភាពទិញដីធ្វើ(ធ្វើស្ដូប) ព្រោះរាល់ថ្ងៃហ្នឹងរស់នៅផ្ទះជួល ជីវភាពក៏លំបាក តែចិត្ដនៅស្រណោះនឹកស្ដាយកេរ្ដិ៍ឈ្មោះវីរៈសិល្បករយើង ខ្ញុំក៏ចង់ធ្វើអ្វីម្យ៉ាងសម្រាប់ពួកគាត់។ ហើយមួយទៀតខ្ញុំចង់ថា បើអាចមានផលិតករភាពយន្ដ ឬអ្នកថតវីដេអូឯកសារណាមានចិត្ដ ថតជាសាច់រឿងហ្នឹង គឺខ្ញុំរីករាយសហការ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយចងចាំ”។

បើតាមគម្រោងលោក កែវ ចំណាប់ បើមិនអាចថតជាខ្សែភាពយន្ដ ឬចងក្រងជាឯកសារប្រវត្ដិសាស្ដ្រនៅតំបន់ដែលលោក ស៊ីន ស៊ីសាមុត និងលោក គង់ សំអឿន បាត់បង់ជីវិតនៅតំបន់នេះទេ គឺលោកសុំឲ្យតែមានការគិតគូរពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសប្បុរជននានា ឲ្យទិញ ឬដោះដូរដីនៅម្ដុំភូមិក្បាលកោះ ឃុំពោធិបាន ឲ្យបានទំហំ ៥០ម៉ែត្រការ៉េ ដើម្បីសង់ស្ដូបគោរពវិញ្ញាណក្ខន្ធមួយ និងរោងធ្វើពិធីបង្សុកូលមួយនៅជាប់នោះ។

សូមបញ្ជាក់ថា លោក កែវ ចំណាប់ ជាមន្ដ្រីចូលនិវត្ដ ហើយជាសាក្សីរស់តែម្នាក់គត់ដែលបានដឹងពីដំណើរ នៃការជាប់ឃុំរបស់លោក ស៊ីន ស៊ីសាមុត នៅមន្ទីរឃុំឃាំង១៥ តាំងពីដំបូង រហូតដល់គេយកលោកទៅសម្លាប់ចោលនៅក្បែរគុកនោះ។ លោក កែវ ចំណាប់ ក៏អះអាងថា តារាសម្ដែង គង់ សំអឿន ក៏បានជាប់ឃុំជាមួយលោកដែរ ហើយត្រូវមេរនុក ឬអ្នកយាមគុក យកទៅវាយចោលនៅក្បែរនោះដែរ។ ដោយនៅជាប់ស្នាមឈឺចាប់ទាំងនេះ ទើបលោកទទូចឲ្យស្ដូប និងរោងធ្វើពិធីបង្សុកូលនេះឡើង៕

ជិន សុភ័ក្ដ្រ

មតិយោបល់