• 2022-08-16 08:35:44
  • ព័ត៌មាន

លោកគ្រូ ព្រឿង ឈៀង ជាធនធានសិល្បៈក្នុងចំណោម ១០% ដែលរស់រានក្រោយថ្ងៃរំដោះ ៧ មករា

  • 2022-08-16 08:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានឈ្មោះដើមថា សេង ឈៀង អតីតសិល្បកររបាំព្រះរាជទ្រព្យ ឯកទេសស្វា ដើរតួហនុមាន បច្ចុប្បន្នលោកគ្រូ ព្រឿង ឈៀង ជាទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ដោយមានជីដូនជាគ្រូធំបង្ហាត់របាំព្រះរាជទ្រព្យ តាមដង្ហែព្រះមហាក្សត្រីយ៉ានី​ កុសុមៈនារីរ័ត្ន សេរីវឌ្ឍនា ព្រះមាតាសិល្បៈជាតិ លោកសាស្ត្រាចារ្យ ព្រឿង ឈៀង ត្រូវបានជីដូនឧស្សាហ៍នាំទៅមើលគេហាត់សមរបាំ ជាមួយប្អូនឈ្មោះ សេង ស្រីមុំ តាំងពីអាយុ៤ឆ្នាំ ធ្វើឲ្យលោករាំតាមនាដក និងមានចិត្តស្រឡាញ់ដោយមិនដឹងខ្លួន លោកក៏បានចាប់ផ្ដើមចូលសិល្បៈពេញសិទ្ធិនៅអាយុ៨ឆ្នាំ ព្រមទាំងមានឱកាសចេញសម្ដែងនៅអារ៉ាប់រួម និងប្រទេសយូហ្គូស្លាវី នៅអាយុ៩ឆ្នាំទៀតផង។

ក្នុងកិច្ចសម្ភាសពិសេសទោល ក្នុងកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍ BTV លោកគ្រូមានប្រសាសន៍ថា៖ បន្ទាប់ពីថ្ងៃ ៧ មករា គេបានបង្កើតមន្ទីរឃោសនាការ វប្បធម៌គ្រប់ខេត្ត ដើម្បីប្រមូលផ្ដុំអតីតសិល្បករទាំងចាស់ ទាំងថ្មី។ កាលនោះ សាស្ត្រាចារ្យ ឆេង ផុន បានប្រាប់លោក កែវ ចិន្តា រដ្ឋមន្ត្រីក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន ថាគួរបើកមហោស្រពសិល្បៈទូទាំងប្រទេសមួយ ដើម្បីមើលពីសក្ដានុពលថានៅសល់ប៉ុន្មាន។ ជាលទ្ធផល ៩០% បានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងនៅសល់តែ ១០% ប៉ុណ្ណោះ។ សិល្បៈខ្មែរបានចាប់ផ្ដើមរស់ឡើងវិញតាមរយៈការចាំក្បាច់របស់អតីតសិល្បករ ទីពីរគឺឯកសារភាពយន្តរបស់សម្ដេចឪ និងទីបី ឯកសារបរទេស ដែលគេថតពីសម័យអាណានិគម។

សូមបញ្ជាក់ផងដែរថា សាស្ត្រាចារ្យ ព្រឿង ឈៀង គឺជាគណៈកម្មការវាយតម្លៃមួយរូបក្នុងកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ២០២២ ក្រោមវិញ្ញាសា ទម្រង់របាំក្បាច់បុរាណខ្មែរ។ លោកគ្រូបានបន្តថា៖ ព្រឹត្តិការណ៍នេះគឺជាសាលារៀន ក្នុងពេលប្រឡងលោកនឹងជួយដុះខាត់ ក៏ដូចជាបញ្ចេញនូវអ្វីទាំងអស់ដើម្បីចែករំលែកដល់បេក្ខជនដែលដាក់ពាក្យចូលរួម ហើយបេក្ខជនចូលរួមដោយសេរី មិនថាសិស្សសាលាមធ្យម ឬសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឬ អ្នកស្នេហាវិស័យសិល្បៈ សមាគមក្ដី អាចដាក់ពាក្យចូលរួមបាន។

សម្រាប់ព័ត៌មានលម្អិតអំពីការប្រកួត សូមទាក់ទងមកតេលេក្រាម ឬទូរសព្ទលេខ 099 914 121។ ផុតកំណត់ទទួលពាក្យថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២២៕

អត្ថបទ៖ ធារី

មតិយោបល់