- 2022-08-22 06:13:37
- ព័ត៌មាន
ភាពអស្ចារ្យ និងកញ្ជ្រោលពេញឆាកកើតឡើងផ្ទួន ដោយសារបេក្ខភាព TOP4 នៃ Cambodian Idol
- 2022-08-22 06:13:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពអស្ចារ្យ និងកញ្ជ្រោលពេញឆាកកើតឡើងផ្ទួន ដោយសារបេក្ខភាព TOP4 នៃ Cambodian Idol
ចន្លោះមិនឃើញ
រាត្រីប្រកួតថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានបញ្ចប់ដោយរលូន និងបន្សល់តែអនុស្សាវរីយ៍ល្អចំពោះអ្នកទស្សនា គណៈកម្មការ ពិសេសបេក្ខភាពដែលនៅសល់។ ជាមួយគ្នានោះ កម្មវិធី ក៏បានស្វែងរកឃើញហើយ នូវជើងខ្លាំងចំនួន ៤រូប ដែលនឹងត្រូវត្រៀមខ្លួនឡើងប្រកួត វគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ ខែសីហា ខាងមុខ។
មុន វគ្គផ្ដាច់ព្រ័ត្រ ដ៏ស្រៀវស្រើប រំភើបបុកពោះមកដល់ គេនៅមិនភ្លេចឡើយនូវការបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅសប្ដាហ៍វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបេក្ខភាពជើងខ្លាំង ៦រូប ត្រូវច្រៀងបទចម្រៀងល្បីៗរបស់ផលិតកម្មហង្សមាស។ ក្រៅពីច្រៀងទោល ពួកគេក៏បានចាប់ដៃគូគ្នាបកស្រាយរួមគ្នា ដែលពេលនោះហើយធ្វើឲ្យអ្នកទស្សនាគ្រប់គ្នា រំភើបខ្លាំង។
ក្រឡេកទៅមើលបេក្ខភាពទាំង ៤ ដែលមានឱកាសពិសេសទៅវគ្គបញ្ចប់ ពួកគេបានបង្កើតភាពអស្ចារ្យអ្វីខ្លះក្នុងសប្ដាហ៍មុន?
១. លីម តិចម៉េង
បេក្ខភាពរូបនេះ ត្រូវបានគេលើកថាជា បេក្ខភាពជើងខ្លាំងមួយរូបប្រចាំកម្មវិធី តាំងពីវគ្គ Judge Audition មកម្ល៉េះ។ សម្រាប់សប្ដាហ៍ Semi-Final លោកបានលើកយកបទ «គេមិនស្រឡាញ់យើងទេ» សំនៀងដើមរបស់ រៀមច្បង ហ្សូណូ។ តបតាមការកែសម្រួលភ្លេងថ្មីរបស់ លោកគ្រូភ្លេង តិចម៉េង បានប្រឹងប្រែងធ្វើបានផ្ចិតផ្ចង់មិនឲ្យភ្លាត់ឡើយ។
ឈានដល់ វគ្គច្រៀងចាប់គូជាមួយនឹង បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ក៏ តិចម៉េង មិនញ៉ាក ដោយធ្វើបានយ៉ាងល្អ តាមរយៈបទ «ដំរីថ្នមស្នេហ៍» ហើយឆ្លៀតបញ្ចេញចំណីភ្នែកទៅកាន់អ្នកមើលទៀត គឺចេញក្បាច់គុនប្រចាំខ្លួន ធ្វើឲ្យសម្រែកគ្រប់គ្នាក្នុងស្ទូឌីយោ កាន់តែលាន់រំពងតែម្ដង។
អ្វីដែលមិនអាចបំភ្លេច នៅថ្ងៃនោះដែរ អ្នកម្ដាយជាទីគោរពរបស់លោក ក៏បានមកគាំទ្រកូនប្រុសផ្ទាល់ដែរ។ ពេលវេលាមួយនេះមិនអាចឲ្យ តិចម៉េង ទប់ទឹកភ្នែកជាប់ឡើយ។
២. នាង ដាវីន
កំលោះកំពូលញញឹមរូបនេះ ក៏មិនដែលធ្វើឲ្យគណៈកម្មការដែលជ្រើសតាំងពីវគ្គ Audition ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនខកចិត្តដែរ។ ក្នុងវគ្គ Semi-Final បេក្ខជន នាង ដាវីន បានជ្រើសយកបទ «ស្រឡាញ់អ្នកណាក៏គេមានសង្សារ» សំនៀងដើមរបស់ ចាន់ សុបញ្ញា។ ប៉ុន្តែក្រៅពីសមត្ថភាពផ្នែកសំឡេង ម្នាក់ៗក៏ភ្ញាក់ផ្អើលនឹងការរៀបចំខ្លួនរបស់ ដាវីន ដែរ ដោយសប្ដាហ៍នេះគឺ ប្លែកខ្លាំងតែម្ដង។
ចូលដល់ពេលច្រៀងរួមគ្នាវិញ អ្នកដែលជាដៃគូរបស់ ដាវីន គឺ បេក្ខនារីតែមួយគត់ ពៅ ស្រីមាស។ អ្នកទាំង ២ បានសហការគ្នាយ៉ាងល្អ ដោយលើកយកបទ «ក្រមុំដេកយំ មេម៉ាយដេកសើច»។ គ្រប់គ្នាសប្បាយភ្នែកក្នុងការទស្សនាណាស់ ដោយសារភាពក្រមិចក្រមើមពេលសម្ដែងរបស់ពួកគេ។ វាប្រៀបដូចជាពុំមែនការប្រកួត ប៉ុន្តែដូចជាការសម្ដែងលើឆាកប្រគំតន្ត្រីមួយទៅវិញ។
៣. ថុល សុភិទិ
ភិទិ ក៏នៅតែមិនអន់ ដោយបន្លឺសម្រែកច្រៀងដូចរាជសីហ៍ ជាមួយនឹងបទ «ស្នេហ៍ឯកា»។ មួយបទនេះ គណៈកម្មការសែនពេញចិត្ត ភិទិ ដោយសារតែបទនេះ មានកន្លែងពិបាកច្រើន ហើយសរសើរនឹងភាពក្លាហានដែលលោកហ៊ានយកបទនេះ មកបកស្រាយ។ ដូចរាល់ដង បេក្ខជនរូបនេះ នៅតែធ្វើបានល្អ កាន់តែបង្ហាញសមត្ថភាព កាន់តែអាចធ្វើឲ្យគ្រប់គ្នាជឿជាក់ ១០០ភាគរយសម្រាប់ ថុល សុភិទិ។
រហូតដល់ពេលចាប់គូជាមួយនឹង ណាន វីសារ ដែលជាដៃគូសប្ដាហ៍នេះ អ្នកទាំង ២ សហការគ្នាបានយ៉ាងល្អ តាមរយៈបទ «ស៊យធំ»។ ឈុតសម្ដែងចេញពីការសម្ដែងទេ ប៉ុន្តែវាប្រៀបដូចជាការសម្ដែងលើឆាកប្រគំតន្ត្រីធមរបស់ Super Star។ គិតចាប់ពីពេលបើកឆាកភ្លាម គឺគ្រប់គ្នាចាំសាទរអ្នកទាំង ២ យ៉ាងកងរំពង ញ៉ាំងកម្មវិធីឲ្យអធិកអធមមួយកម្រិតទៀត។
៤. ស៊ឹម ច័ន្ទពន្លឺ
គ្រប់គ្នាច្បាស់ជាបានជ្រាបច្បាស់ថា មានរឿងអ្វីកើតឡើងចំពោះបេក្ខភាពរូបនេះនៅក្នុងសប្ដាហ៍កន្លងមក។ ប៉ុន្តែចំណុចដែលធ្វើឲ្យមហាជនផ្សេងទៀតសរសើរ ពន្លឺ គឺការតាំងចិត្តទោះពិបាកចិត្តនឹងរឿងអ្វីក៏ដោយ ដោយព្យាយាមប្រមូលអារម្មណ៍មកបញ្ចូលក្នុងបទ «អារម្មណ៍ពេលខូចចិត្ត» នេះ។ ជាលទ្ធផល បេក្ខភាពមកពីខេត្តតាកែវរូបនេះ ក៏អាចធ្វើបាន ហើយកាន់តែពិសេស លោកថែមទាំងជាប់ជាបេក្ខជនឈានទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដែរ។
ទស្សនីយភាពពិសេសមួយទៀត គឺ ពេលចាប់គូច្រៀងជាមួយនឹង តិចម៉េង។ ជាមួយនឹងបទ «ដំរីថ្នមស្នេហ៍» អ្នកទាំង ២ បានសហការគ្នាយ៉ាងល្អ ដើម្បីជូនជាចំណីអារម្មណ៍ប្លែកបិទវគ្គប្រកួត ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ បរិយាកាសកម្មវិធីទាំងមូលពិតជាមិនធម្មតា ឮតែសម្រែកហ៊ោកញ្ជៀលពីអ្នកចូលរួមទស្សនាផ្ទាល់។ ជាមួយគ្នានោះ បើងាកមកចំនួនអ្នកទស្សនាតាម Facebook វិញ កើតដល់ទៅជាង 230K ដែលជាប្រវត្តិសាស្ត្រថ្មីរបស់ Cambodian Idol៕