- 2022-08-24 03:43:18
- ព័ត៌មាន
ទោះវាសនាអនាគតប្រែទៅជាយ៉ាងណាក៏ដោយ លីម តិចម៉េង សច្ចាថាគ្មានថ្ងៃភ្លេចរឿង ៤យ៉ាងដាច់ខាត
- 2022-08-24 03:43:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះវាសនាអនាគតប្រែទៅជាយ៉ាងណាក៏ដោយ លីម តិចម៉េង សច្ចាថាគ្មានថ្ងៃភ្លេចរឿង ៤យ៉ាងដាច់ខាត
ចន្លោះមិនឃើញ
មុនឈានដល់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនៃកម្មវិធី Cambodian Idol រដូវកាលទី ៤ បេក្ខភាពទាំង ៤ ដែលសុទ្ធតែជាជើងខ្លាំង កំពុងសំងំត្រៀមខ្លួន និងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងការឲ្យការបង្ហាញសមត្ថភាពរបស់ខ្លួនអស្ចារ្យ។
ថ្ងៃផ្ដាច់ព្រ័ត្រ ពិតជារឿងសំខាន់ ព្រោះជាពេលដែលកំណត់ជោគវាសនារបស់យុវជន ៤ រូប ដែលតស៊ូខ្លាំងបំផុត ទម្រាំមានថ្ងៃនេះ ដោយពួកគេឆ្លងកាត់រឿងរ៉ាវជាច្រើនលើសមរភូមិតន្ត្រីមួយនេះ។ ដោយឡែក សម្រាប់ តិចម៉េង ដែលជាបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ទោះបីរវល់យ៉ាងណា ក៏មិនភ្លេចក្នុងការឆ្លៀតពេលរក្សាទំនាក់ទំនងជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនដែរ។ ការគោរពដែលលោកមានចំពោះអ្នកគាំទ្រពិតជាធំធេង ហើយនេះក៏ជាមូលហេតុចម្បងដែលធ្វើឲ្យគ្រប់គ្នាគាំទ្រលោកដែរ។
យ៉ាងណាមិញ ពេលនិយាយក្នុងពេលសំណេះសំណាលក្នុង Group Telegram តែមួយគត់របស់ខ្លួន កាលពីពេលថ្មីៗនេះ បេក្ខភាពរូបនេះ បានទម្លាយពាក្យក្នុងចិត្ត ប្រាប់ពីគោលជំហរ ពេលប្រឡងចប់ ថាលោកគ្មានថ្ងៃភ្លេច រឿងសំខាន់ ៤យ៉ាង នេះដែរ។
តិចម៉េង បាននិយាយថា៖ «នៅពេលដែលប្រឡងរួច "ទី១" រឿងដែលខ្ញុំអត់ភ្លេច គឺ ខ្ញុំជាក្មេងឃ្វាលគោ ហើយ "រឿងទី២" គឺក្រុមគ្រួសាររបស់ខ្ញុំ "រឿងទី៣" កម្មវិធីទាំងមូល ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានប្រឡងហ្នឹង ហើយរឿងទី ៤ គឺបងប្អូនមហាជនទាំងអស់ បងប្អូនទាំងអស់គ្នា ដែលបានស្រឡាញ់គាំទ្រ ជួយខ្ញុំរហូត តាំងពីវគ្គ Live Show សប្ដាហ៍ទី ១ អ្នកខ្លះគាំទ្រតាំងពីវគ្គ Judge Audition មក ហើយ "រឿងចុងក្រោយ" គឺកន្លែងធ្វើការចាស់របស់ខ្ញុំ ដែលខ្ញុំបានបន្តធ្វើមកដល់រាល់ថ្ងៃហ្នឹង គឺដាច់ខាតខ្ញុំអត់ភ្លេចទេ ខ្ញុំមិនអាចភ្លេចជាដាច់ខាត។ ទោះបីជាលក្ខខណ្ឌកម្មវិធី លក្ខខណ្ឌក្រុមហ៊ុនកែសម្រួលយ៉ាងណា ក៏ ខ្ញុំនៅតែទៅលេង (ច្រៀង) ដែរបងប្អូន នៅតែទៅ ព្រោះវា ជាកន្លែងមួយបណ្ដុះបណ្ដាលខ្ញុំតាំងពីខ្ញុំអត់ចេះអ្វីសោះ រហូតដល់ខ្ញុំមានថ្ងៃនេះ»។
ក្រៅពីប្រាប់ពីគោលជំហររបស់ខ្លួនទៅកាន់អ្នកគាំទ្រជាទីស្រឡាញ់ហើយ កំលោះតូចរូបនេះ ក៏នៅលើកពីការយល់ឃើញដែរចំពោះពាក្យថា «តារា»។ លោកបាននិយាយថា ពាក្យថាតារា មិនថាប្រទេសណាទេ តារាមិនមែនជាម្ចាស់របស់មហាជនឡើយ តែគឺជាមនុស្សរបស់មហាជន ដូច្នេះនៅពេលដើរដល់ចំណុចកំពូលក៏ដោយ ក៏មិនត្រូវភ្លេចមហាជនដែរ។
ការលើកឡើងរបស់កូនប្រុសត្រកូល លីម កាន់តែធ្វើឲ្យមហាជនមានការគោរពស្រឡាញ់ ព្រោះយុវជនរូបនេះ ស្គាល់នូវគុណតម្លៃជីវិត និងមិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តម្ដងឡើយ តាំងពីឈានជើងចូលក្នុងបន្ទប់បង្ហាញសមត្ថភាពពីមុខគណៈកម្មការទាំង ៤ ក្នុងវគ្គ Judge Audition៕