• 2022-09-21 03:54:05
  • ព័ត៌មាន

៩ ចំណុចសំខាន់ៗ ធ្វើឲ្យ Concert របស់ IU ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានតម្លៃលើសថ្លែង

  • 2022-09-21 03:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៧ និងទី១៨ ខែកញ្ញា ឆ្នាំ ២០២២ គឺជាពេល​វេលាដែល IU កាន់តែធ្វើឲ្យមនុស្សជា​ច្រើនរំភើបរកពាក្យថ្លែងមិនបាន ដោយសារក្ដីស្រឡាញ់ និង​អ្វី​គ្រប់យ៉ាង​ដែល​នាង​បាន​បង្ហាញ​ក្នុងការប្រគំតន្ត្រីទោលរបស់នាង។

នាមជាតារាទោលស្រីមាឌតូច តែ IU អាចគ្រប់គ្រងឆាកសម្ដែងបាន​យ៉ាងឥតខ្ចោះ នៅពីមុខអ្នកទស្សនាផ្ទាល់ជាង ៤០ ០០០នាក់។ តើមានហេតុផលអ្វីខ្លះ ដែល​ធ្វើឲ្យការប្រគំតន្ត្រី The Golden Hour: Under the Orange Sun របស់ IU ផ្ទុះការគាំទ្រ និងត្រូវបានគេលើកតម្កើងលើសលប់បែបនេះ?

១. IU ជាតារាទោលស្រីដំបូងដែលរៀបចំការប្រគំតន្ត្រីនៅពហុកីឡដ្ឋាន Jamsil

ពហុកីឡដ្ឋាននេះ ជាពហុកីឡដ្ឋានដែល​មាន​ទំហំធំជាងគេបង្អស់នៅក្នុងប្រទេសកូរ៉េខាងត្បូង និងអាចផ្ទុកមនុស្សបាន​រាប់ម៉ឺននាក់ឯណោះ (ពោលមានកន្លែងអង្គុយដល់ទៅ ៦៩ ៩៥០កន្លែង)។ កាលពីមុន មាន​តែក្រុមចម្រៀង H.O.T, Shinhwa, g.o.d, TVXQ, JYJ, EXO, BTS និងតារាចម្រៀងប្រុស Jo Yong Pil, Lee Seung Hwan, Lee Seung Chul, Lee Moon Sae, Seo Taiji ប៉ុណ្ណោះ ដែលធ្លាប់រៀបចំការសម្ដែងនៅពហុកីឡដ្ឋានមួយនេះ និងមិនធ្លាប់មានតារាស្រីណាទេ។ ប៉ុន្តែសម្រាប់ IU វិញ ត្រូវ​បាន​គេ​លើកថា ឥទ្ធិពលរបស់​នាង​ ពិតជាមិនធម្មតាឡើយ ដោយក្លាយជាតារាស្រីកូរ៉េដំបូង​បង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលអាច​ធ្វើរឿងនេះ​បាន។

២. អ្នកចូលទស្សនាផ្ទាល់ទាំង ២ ថ្ងៃមាន​ចំនួន ៨៥ ០០០នាក់

មិនគិតអ្នកទៅមើលទាំងថ្ងៃទី១ និងទី ២ ទេ ប៉ុន្តែបើផ្អែកលើទិន្នន័យចំនួននៃការលក់សំបុត្រ គឺលក់ដាច់អស់ ៨៥ ០០០នាក់។ សន្ធឹកនៃចំនួនអ្នកចូលរួម កាន់​តែ​ញ៉ាំងកម្មវិធី​ប្រគំតន្ត្រី ពោរពេញទៅដោយភាពអឺងកងបង្ហាញពីការគាំទ្រ និងក្លាយជាព្រឹត្តិការណ៍ធំផ្អើលពេញ​ទីក្រុងសេអ៊ូល។ នេះ​មិនគិតពីចំនួនអ្នកទិញសំបុត្រមិនទាន់ និងអ្នកចាំទស្សនាតាមផ្ទះ នូវវីដេអូគេបង្ហោះ តាមអ៊ីនធើណិតនៅឡើយទេ។

៣. បទចម្រៀងដែល​នាងលើកយកមកសម្ដែង

ជាចំណុចមិនគួររំលងបានឡើយ គឺ IU លើកយកបទមកច្រៀងដល់ទៅ ២៦បទ (ដោយមិនរាប់បញ្ចូលការសម្ដែងកិត្តិយសរបស់ Jay Park និង ITZY ៤ បទទៀតទេ)។ រឿងលើសពីធម្មតា ដោយសារតែម្នាក់ឯង តែ IU អាច​ស្រែកច្រៀង ដល់ទៅ ២៦បទ ក្នុងរយៈពេល​លើសពី ៣ម៉ោង ឲ្យអ្នកគាំទ្រជា​ទីស្រឡាញ់ស្ដាប់ និងមិនត្អូញយកចំណាប់អារម្មណ៍ សូម្បីមួយម៉ាត់។

៤. ឈុតសម្លៀកបំពាក់ដែល IU ស្លៀកសម្ដែង

សរុបទាំងអស់ ឈុតដែល IU ស្លៀក គឺមាន​ចំនួន ១៤ឈុត។ ការបង្ហាញខ្លួនមួយវគ្គៗ ជាមួយនឹង​ឈុតផ្សេងៗគ្នា IU បាន​ធ្វើឲ្យគ្រប់គ្នា ស្រែក WOW ដោយសារសម្រស់របស់នាងប្រៀបដូចជា ព្រះនាងពីក្នុងរឿង Disney

៥. ការបង្ហោះ Drone

ចន្លោះពេល​នៃការសម្ដែងបទ​បន្ត ក្រុមការងារបានរៀបចំការបង្ហោះជា Drone ចេញជារូបរាងរបស់ IU និងរូបភាពផ្សេងទៀតខុសៗគ្នា។ មិនមែនមានតែអ្នកស្ថិតនៅក្នុងការប្រគំតន្ត្រីទេ ដែលអាច​មើលឃើញ សូម្បីអ្នកនៅក្រៅពហុកីឡដ្ឋាន ក៏អាចឃើញច្បាស់ដែរ។ ក្រោយ Seesion នៃការបង្ហោះ Drone បញ្ចប់ ថែម​ទាំងមាន កាំជ្រួចបាញ់ឡើងផ្អើលទីក្រុងសេអ៊ូលទៀតផង។

៦. មូលហេតុនៃការជិះបាឡុង Strawberry Moon

នេះជារូបភាពដ៏ប្លែក និងអស្ចារ្យមួយក្នុងចំណោមទិដ្ឋភាពពិសេសផ្សេងទៀត ដែល IU ធ្វើជូនអ្នកចូលទស្សនា។ នាង​បាន​ជិះលើបាឡុងក្ដៅ ដែល​មាន​បញ្ឆេះភ្លើងពីក្នុង ធ្វើជា Strawberry Moon ឲ្យត្រូវនឹង​បទ «Strawberry Moon» ដែល​នាងបកស្រាយដែរ។

មូលហេតុពីក្រោយ ក៏ដោយសារនាងចង់ឲ្យអ្នកទស្សនាដែលអង្គុយនៅឆ្ងាយ និងមិនអាចមើលនាងជិតបាន មានឱកាសបាន​ឃើញនាងជិត។ ដូច្នេះ IU ក៏សម្រេច​ជ្រើសវិធីមួយនេះ ដើម្បីបាន​ទៅជិត Fan របស់ខ្លួន ទោះបីក្នុងឡើងជិះក្នុងបាឡុងខ្យល់នោះមានកម្ដៅក្ដៅ តែនាងពិតជា​ទ្រាំបាន ដោយពេញចិត្ត។

៧. តារាជា​ច្រើនបុកចូលទស្សនាយ៉ាងរីករាយ និងពេញចិត្តនឹង Concert មួយនេះណាស់

ប្រិយមិត្តច្បាស់ជា​បាន​ជ្រាប​ច្បាស់​ថា ការប្រគំតន្ត្រីទី១ ក្រោយ IU ឈាន​ចូលវ័យ ៣០ឆ្នាំ (អាយុកូរ៉េ) ពេល​នោះ ទាក់ទាញអ្នកគាំទ្រជា​ច្រើន ក្នុងនោះ​ក៏មាន​តារាល្បីៗដែរ។ បុគ្គលល្បីទាំងនោះ មានចំនួនមិនក្រោម ៤០នាក់​ទេ ដោយម្នាក់ៗរំភើប​នឹង​ទិដ្ឋភាពបែបនេះខ្លាំង ដោយខ្លះទៅទាំង ២ ថ្ងៃទៀតផង (ត្រួសៗមាន Jungkook (BTS), Kim Soo Hyun និងមិត្តល្អ Yoo Inna ជាដើម)

៨. ត្រៀមពូកទ្រាប់អង្គុយដល់អ្នកចូលមើល

ពិតជាអ្នកដែលគិតគូរ Fan បំផុត ព្រោះ​តបស្នងនូវការចំណាយពេលវេលារបស់គ្រប់គ្នាដែលបាន​មកមើលនាងផ្ទាល់ ម្ដាយរបស់នាង​បាន​ត្រៀម ពូកទ្រាប់អង្គុយ ដោយចំណាយលុយខ្លួនឯងផ្ទាល់ ឲ្យគ្រប់គ្នាអង្គុយមើលការប្រគំតន្ត្រីកូនស្រីរបស់ខ្លួនបាន​ដោយស្រួល។ ក៏ព្រោះ​តែការប្រគំតន្ត្រីនេះ​មាន​រយៈពេល​យូរគឺចាប់ពី ៣ម៉ោងឡើង ដូច្នេះអាចចុករោយខ្លួន ដូច្នេះមានពូកសម្រាប់សម្រួលខ្លួន។ ក្រៅពីពូកនេះ​ ក៏នៅមានកាដូតូចដ៏មានន័យផ្សេងទៀតដែរ ដែល​មានតែ Concert របស់ តារាស្រីទោលរូបនេះទេ ដែលអាច​ធ្វើរឿងនេះបាន។

៩. ទីបំផុត ក្ដីស្រមៃរបស់ IU បានក្លាយជាការពិត

កាលពី ១៤ឆ្នាំមុន ពេល​ IU ចូលសិល្បៈដំបូង នាង​ធ្លាប់ស្រមៃថាចង់សម្ដែងជាមួយអ្នកគាំទ្រជា​ច្រើនរបស់ខ្លួន។ ពិតណាស់កន្លងមកជា​ច្រើន​ឆ្នាំ នាងពិតជា​អាច​ធ្វើបាន​សន្សឹមៗ ប៉ុន្តែលើកនេះគឺលក្ខណៈទ្រង់ទ្រាយធំ ក្នុងទឹកដីប្រទេសកំណើត ជាមួយនឹងអ្នកគាំទ្រផ្ទាល់ ៨៥ ០០០នាក់។ វាពិតជា​រឿងអស្ចារ្យ ហើយនាងក៏ក្លាយជាគំរូ ដល់សិស្សប្អូនជំនាន់ក្រោយ ឲ្យតស៊ូ ទោះមាន​រឿងអ្វី​កើតឡើង មិនថាពិបាក ឬមានឧបសគ្គរាំងផ្លូវយ៉ាងណា ត្រូវ​ស៊ូជា​និច្ច កុំព្រលែងក្ដីស្រមៃ និងក្ដីសង្ឃឹមចោលឲ្យសោះ ព្រោះ​ការខិតខំរបស់អ្នកនឹង​នាំជោគជ័យដល់អ្នកជាក់ជាមិនខាននៅពេលខាងមុខ៕

អត្ថបទ៖ យី សុធារី

មតិយោបល់