• 2022-10-11 07:16:50
  • ព័ត៌មាន

កម្មវិធីកម្សាន្ដ ៣ របស់ក្រុមកំប្លែងលោកតាវ៉ិចទ័រ សម្ពោធចាក់បញ្ចាំងនៅ PNN

  • 2022-10-11 07:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

9 COLORS Production ដែលគេស្គាលថាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MSA បានបញ្ចូលកម្មវិធីកំប្លែងចំនួន៣ ទៅក្នុងកម្មវិធីផ្សាយប្រចាំថ្ងៃរបស់ស្ថានីយទូរទស្សន៍PNN។

កម្មវិធីទាំងបីដែលរួមមាន៖“ផ្ទះលេខ១ ផ្ទះលេខ២” កម្មវិធី“ល្អមើល ល្អសើច” និងកម្មវិធី“១៦៨យប់” ត្រូវបានសម្ពោធចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្រោមការអញ្ជើញចូលរួមរបស់តំណាងស្ថានីយទូរទស្សន៍ តំណាងផលិតកម្ម និងសិល្បករ-សិល្បការិនីល្បីៗដែលភាគច្រើនជាក្រុមកំប្លែងនាយពាក់មី។

តំណាងផលិតកម្ម 9COLORS លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ មានប្រសាសន៍ថា នៅពីក្រោយ នៃការស្ងប់ស្ងាត់មិនបានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍មួយរយៈខ្លី តាមពិតទៅក្រុមលោកបានខិតខំយ៉ាងខ្លាំងក្នុងការផលិតរឿងល្អៗ ដើម្បីបម្រើអារម្មណ៍មហាជនជាថ្មីទៀត។

លោកតាវ៉ិចទ័រ ថាលោកពិតជាមានអារម្មណ៍សប្បាយរីករាយដែលស្នាដៃរបស់លោក និងនាយពាក់មី ព្រមទាំងក្រុមការងារ ត្រូវបានបញ្ចេញទៅកាន់មហាជនតាមរយៈស្ថានីយទូរទស្សន៍ដ៏ល្បីនៅកម្ពុជា គឺPNN។

ចំណែកប្រធានផ្នែកគ្រប់គ្រងការផលិតរបស់ស្ថានីយទូរទស្សន៍PNN កញ្ញា ទូច បុប្ផា បញ្ជាក់ថា PNN តែងតែគាំទ្រស្នាដៃការផលិតរបស់ផលិតករខ្មែរ ហើយការសម្ពោធដាក់បញ្ចាំងកម្មវិធីកម្លែងទាំងបីនេះ នឹងបន្ថែមទស្សនីយភាពថ្មី សំណើចថ្មីទៀតសម្រាប់ប្រិយមិត្ដដែលនិយមតាមដានកម្មវិធីដ៏សម្បូរបែបនៅលើកញ្ចក់ស្ថានីយទូរទស្សន៍PNN។

បើតាមកញ្ញា ទូច បុប្ផា កម្មវិធី “ល្អមើល ល្អសើច” ជាវីដេអូសំណើចខ្លីៗ ចាក់ផ្សាយចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង១២ និង០០ ដល់ម៉ោង១២ និង១០នាទី។ ចំពោះកម្មវធី “ផ្ទះលេខ១ ផ្ទះលេខ២”ដែលជារឿងកំប្លែងជជែកបែកអូរហូរស្ទឹង នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី១៦ ខែតុលា រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១២ និង០០នាទី ដល់ម៉ោង១៣ និង០០នាទី។ ចំណែកកម្មវិធី “១៦៨យប់” នឹងផ្ដើមចាក់បញ្ចាំងពីថ្ងៃទី១៦ ខែតុលា រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង១៩ និង៣០នាទី ដល់ម៉ោង២០ និង០០នាទី។

សូមរំលឹកថា ពិធីសម្ពោធចាក់បញ្ចាំងកម្មវិធីទាំងបី នៅលើស្ថានីទូរទស្សន៍PNN នាសង្កាត់ព្រែកតាសេក ខណ្ឌព្រែកព្នៅ ព្រឹកមិញ គេក៏ឃើញវត្ដមានតារាល្បីៗដូចជា៖ នាយពាក់មី នាយគ្រឿន នាយក្រូច នាយចាបចៀន នាយតាក់ស៊ី នាយស្លេក ស្រីអ៊ីត នាយក្រាន់ និងលោក ប៉ែន ចំរុង ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី