• 2022-10-20 03:51:08
  • ព័ត៌មាន

គឹម លីហ្សា និងខ្ញុង ត្រូវបានមហាជនលើកសមត្ថភាពមកប្រៀបធៀបគ្នា ស្រាប់តែលោកតាវ៉ិចទ័រ បញ្ជាក់ច្បាស់ៗ

  • 2022-10-20 03:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្គូរផ្គងសមត្ថភាពសម្ដែងរវាងអ្នកនាង គឹម លីហ្សា និង ស្រេងសុកាន់ដា ហៅនាងខ្ញុង ពីសំណាក់មហាជន បានកើតឡើងយ៉ាងម្រក្នុងប្រវត្ដិផ្ដល់សំណើចមិនចេះរីងស្ងួតរបស់ក្រុមកំប្លែងលោកតាវ៉ិចទ័រប្រមាណ ២០ឆ្នាំ។ ការប្រៀបធៀប គឺកើតឡើងក្រោយកម្មវិធីកម្សាន្ដមួយក្នុងចំណោមរបស់លោកតាវ៉ិចទ័របើកក្បាលដំបូងចាក់បញ្ចាំងនៅស្ថានីទូរទស្សន៍ PNN។

កម្មវិធី “ផ្ទះលេខ១ ផ្ទះលេខ២” បានចាក់បញ្ចាំង និងបង្ហោះរឿងភាគ១ នៃកម្មវិធីនេះនៅផេកផ្លូវការរបស់PNN កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ក្រោយពីបានទស្សនា មានទស្សនិកជនខ្លះរិះគន់ អ្នកនាង គឹម លីហ្សា ដែលដើរតួជាប្រពន្ធនាយពាក់មី ថាសម្ដែងឆ្គងទាំងកាយវិការ និងការនិយាយស្ដី ពោលគឺមិនរស់រវើកដូចអ្នកនាងខ្ញុងនោះទេ។ ទន្ទឹមគ្នានេះក៏មានអ្នកស្នើឲ្យអ្នកគ្រប់គ្រងក្រុមកំប្លែងនេះ ផ្លាស់តួស្រីចេញ ហើយជំនួសមកវិញដោយអតីតដៃគូពាក់មី គឺនាងខ្ញុងមកវិញ។

ឆ្លើយតបបញ្ហានេះអ្នកគ្រប់គ្រងផលិតកម្ម 9 colors គឺលោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានបញ្ជាក់តាមរយៈSabay នៅព្រឹកថ្ងៃទី២០ ខែតុលា នេះថា ការសម្ដែងល្អ ឬមិនល្អមើល ពេលខ្លះគឺអាស្រ័យលើសាច់រឿងដែរ ហើយការទាក់ចិត្ដពីអ្នកទស្សនាអាចពីរឿងមួយទៅរឿងមួយទៀតក៏ថាបាន ប៉ុន្ដែចង់ឲ្យមហាជនបន្ដតាមដានទៀតដើម្បីអាចដឹងពីសមត្ថភាពសម្ដែងរបស់តួថ្មីៗក្នុងក្រុមរបស់លោក។

លោកតាវ៉ិចទ័រ៖ “ចំពោះករណីខ្ញុង យើងគោរពលើការសម្រេចចិត្ដរបស់គាត់ ឥឡូវគាត់កំពុងរវល់ខ្លាំងក្នុងរឿងក្រុមគ្រួសារ ហើយខាងផលិតកម្មវិញនៅតែបើកទ្វារង់ចាំគាត់គ្រប់ពេលនឹង។ ចំពោះសំណួរសួរថា ខែខៃយ៉ាងម៉េច ដើម្បីឲ្យរឿងកាន់តែទាក់ទាញជាងហ្នឹង? វាពិបាកដែរអូន…ទុកឲ្យពេលវេលាបង្ហាញតិចទៅណា៎”។

ចំណែកអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ដែលមហាជនធ្លាប់កោតសរសើរលើសមត្ថភាពសមត្ថភាពសម្ដែងជាតួកាចឆ្នាសឆ្នើមយ៉ាងសាកសមជាមួយនាយពាក់មីនោះ បានបញ្ជាក់តាមរយៈសារព័ត៌មានក្នុងស្រុកថា សម្រាប់ពេលនេះអ្នកនាងមិនទាន់សម្រេចចិត្ដ ថានឹងចូលលេងកំប្លែងឡើងវិញ ឬអត់ទេ ព្រោះអ្នកនាងនៅខ្មាសអៀនចំពោះមហាជននូវអ្វីដែលនាងបានធ្វើខុសកន្លងមក។ ម្យ៉ាងក៏មិនចង់ឲ្យកេរ្ដិ៍ឈ្មោះអាប់ឱនផ្ទាល់ខ្លួនរបស់អ្នកនាង ធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះក្រុមទាំងមូលនោះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់