• 2022-10-21 07:14:46
  • ព័ត៌មាន

លេចមុខ ឃុន ធារិទ្ធ នៅចំពោះមុខមេធាវី សូដា នីតា រឿងជំពាក់លុយ ១ម៉ឺនដុល្លារ

  • 2022-10-21 07:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ និងដឹកនាំសម្ដែងលោក ឃុន ធារិទ្ធ ដែលធ្លាយរឿងអាស្រូវជំពាក់លុយគេរាប់ម៉ឺនដុល្លារតាំងពីដើមឆ្នាំ២០២២ មិនទាន់ដោះស្រាយចប់នោះ ស្រាប់តែនៅថ្ងៃទី២១ ខែតុលា នេះ គេឃើញវត្ដមានលោកនៅចំពោះមុខមេធាវីរបស់តារាសម្ដែងស្រី សូដា នីតា ដើម្បីធ្វើកិច្ចសន្យារសងបំណុលសរុប ១ម៉ឺនដុល្លារ។

បើតាម សូដា នីតា លោក ឃុន ធារិទ្ធ បានជំពាក់លុយនេះប្រមាណ ៣ឆ្នាំមកហើយ ហើយពេលនេះអ្នកនាងសម្រេចមិនគិតការប្រាក់អ្វីឡើយ ដោយតម្រូវឲ្យតែលោក ឃុន ធារិទ្ធ សងប្រាក់ដើមវិញ។ ក្នុងកិច្ចសន្យារ ធារិទ្ធ នឹងត្រូវសងជាដំណាក់កាល ដោយក្នុង១ខែ ត្រូវសងចំនួន ៥០០ដុល្លារ។

អ្នកនាង សូដា នីតា និយាយថា ថ្ងៃនេះ ឃុន ធារិទ្ធ បានមកធ្វើកិច្ចសន្យាសងប្រាក់ដល់ផ្ទះអ្នកនាងផ្ទាល់តែម្ដង។ អ្នកនាងបន្ដថា បើទោះបីជាតិច ឬច្រើនសំខាន់ចេះទទួលខុសត្រូវ ហើយក្នុងនាមជាម្ចាស់បំណុលកុំចង់ជាន់គេ បើគេសងហើយទទួលយកទៅ ប្រសើរជាជាងអត់។

គិតត្រឹមម៉ោង ២រសៀលថ្ងៃទី២១ ខែតុលា Sabay មិនទាន់អាចទាក់ទងអ្នកនិពន្ធ និងដឹកនាំសម្ដែងលោក ឃុន ធារិទ្ធ ដើម្បីបញ្ជាក់បន្ថែមលើករណីនេះបាននៅឡើយទេ។

គេមិនទាន់ដឹងច្បាស់ថា លោក ឃុន ធារិទ្ធ ជំពាក់បំណុលគេរាប់ម៉ឺនដុល្លារដោយសារអ្វីនោះទេ ប៉ុន្ដែកន្លងទៅលោកធ្លាប់និយាយតាមបណ្ដាញសង្គមថា លោកត្រូវបរាជ័យហើយ ហើយលោកនឹងទទួលខុសត្រូវសងបំណុលគេវិញទាំងអស់ ហើយលោកមិនមែនជាជនឆបោកដូចម្ចាស់បំណុលមួយចំនួនលើកឡើងនោះទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់