• 2022-11-15 03:07:59
  • ព័ត៌មាន

សឿ សុធារ៉ា បង្ហាញចំណុចលង់ស្នេហ៍ ដួង វីរៈសិទ្ធ តែបដិសេធថាមិនដែលប៉ះគ្នាសូម្បីតែចុងដៃ

  • 2022-11-15 03:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវស្នេហាខុសវ័យគ្នារបស់តារាសម្ដែងស្រី សឿ សុធារ៉ា និងលោក ដួង វីរៈសិទ្ធ មិនទាន់រសាត់បាត់ទៅណាឆ្ងាយពីចំណាប់អារម្មណ៍មហាជននៅឡើយទេ។ ពេលនេះភាគីខាងស្រីចេញមុខមកបញ្ជាក់ជាថ្មី ហើយច្បាស់ៗជាងមុន អាចធ្វើឲ្យមហាជនលែងឆ្ងល់។

ក្រោយរងនូវពាក្យពេបជ្រាយ ថា អ្នកមេម៉ាយ ឬគោចាស់ចង់ស៊ីស្មៅខ្ចីអស់រយៈពេលជាច្រើនសប្ដាហ៍ ថ្ងៃនេះ សឿ សុធារ៉ា លែងទុកឲ្យមហាជនយល់ខុសលើខ្លួនទៀតហើយ។ អ្នកនាងពិតជាចាប់ចិត្ដលើតារាចម្រៀង ដួង វីរៈសិទ្ធ ពិតមែន ក្រោយពីបានជួបមុខគ្នាដោយផ្ទាល់រយៈពេល ៣ខែ ក្នុងឱកាសថតរឿងជាមួយគ្នាបាន១រឿងកាលពី២ឆ្នាំមុន។

អ្វីដែលអ្នកនាង មាននិស្ស័យជាមួយលោក ដួង វីរៈសិទ្ធ ខ្លាំងនោះ គឺដោយសារតែលោកជាបុរសមិនចេះឡេះឡោះ និងមានសមត្ថភាពច្រើនក្នុងអាជីពសិល្បៈ។ អ្នកនាងក៏ឆ្លៀតសរសើរ វីរៈសិទ្ធ ថាអាចនិពន្ធបទចម្រៀងថ្មីៗ និងច្រៀងបានយ៉ាងពីរោះ ហើយចេះលេងឧបករណ៍ភ្លេងមួយចំនួនបានយ៉ាងស្ទាត់ គឺដូចជា៖ អក ហ្គីតា ផ្លុំក្លុយ និងកូតទ្រជាដើម។

ទោះជាយ៉ាងណា សឿ សុធារ៉ា អះអាងថា រវាងនាង និងកម្លោះ ដួង វីរៈសិទ្ធ មិនធ្លាប់មានទំនាក់ទំនងស្នេហាស៊ីជម្រៅក្រៅឆាកជាមួយគ្នានោះទេ សូម្បីតែប៉ះដៃក៏មិនដែលផង។ ប៉ុន្ដែដោយសារតែនិស្ស័យស្រឡាញ់លើលក្ខណៈសម្បត្ដិរបស់លោក ដួង វីរៈសិទ្ធ បែបនេះហើយ ទើបធ្វើឲ្យនាងអាចនិយាយអ្វីៗចេញមកជាសាធារណៈកាលពីពេលកន្លងទៅ៕

ជិន សុភ័ក្ដ្រ

មតិយោបល់