• 2023-01-19 10:42:20
  • ព័ត៌មាន

ល្ខោនបុរាណ "កៀនស្វាយក្រៅ" ចំណីចក្ខុថ្មី ត្រៀមសម្តែងជូនទស្សនាថ្ងៃបើកឆាកកម្មវិធី រដូវវប្បធម៌ ២០២៣

  • 2023-01-19 10:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ អង្គការសិល្បៈខ្មែរអមតៈ បានបើកសន្និសីទសារព័ត៍មាននៃកម្មវិធី រដូវវប្បធម៌ (Cultural Season) នៅវិទ្យាស្ថានបារាំង។ កម្មវិធី រដូវវប្បធម៌ នឹងប្រព្រឹត្តទៅចាប់ពីខែ កុម្ភៈ ដល់ ខែមីនា ឆ្នាំ ២០២៣។

កម្មវិធី រដូវវប្បធម៌ ឆ្នាំ ២០២៣នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “តែឯង តែយើង” ក្នុងគោលបំណងនាំទស្សនិកជនស្វែងយល់អំពីទំនាក់ទំនងរវាងបុគ្គលម្នាក់ៗ ពីបទដ្ឋាន និង សម្ពាធក្នុងសង្គម និង ផលប៉ះពាល់ទៅលើការបញ្ចេញមតិ ក៏ដូចជាភាពច្នៃប្រឌិតផងដែរ។ ក្នុងអំឡុងសន្និសីទសារព័ត៍មាន អង្គការសិល្បៈខ្មែរអមតៈ បានប្រកាសអំពីគោលបំណងនៃការរៀបចំកម្មវិធី រដូវវប្បធម៌់ ឆ្នាំ២០២៣នេះឡើង ក្រោមវត្តមានវាគ្មិន លោក សយ ច័ន្ទបុរី, ថន សីម៉ា, នាយកវិទ្យាស្ថានបារាំង Valentin និង កញ្ញា អឿន រ៉ូហ្សា រួមទាំង សិល្បករ សិល្បការិនី និង មហាជនជាច្រើននាក់។

កញ្ញា រ៉ូហ្សា ដែលជាតារាសម្តែង និងជាអ្នកស្រលាញ់ចូលចិត្តសិល្បៈវប្បធម៌ បានចូលរួមគាំទ្រកម្មវិធី រដូវវប្បធម៌ក្នុងនាមជាទូតកម្មវិធីរដូវវប្បធម៌ប្រចាំឆ្នាំ ២០២៣នេះ។ តារាសម្តែងរូបនេះបានថ្លែងថា “ខ្ញុំគិតថាបងប្អូនយើងភាគច្រើនមិនទាន់បានស្គាល់ឬទស្សនាល្ខោនប្រភេទនេះទេ។ វាជាប្រភេទល្ខោនដែលកម្រនិងស្ទើរតែបាត់បង់ទៅហើយ តែក៏បានប្រមូលផ្តុំនិងតម្លើងឡើងវិញដោយអង្គការសិល្បៈខ្មែរអមតៈ និងសិល្បករសិល្បការនីបុរាណយើងជាច្រើនរូបទៀតផងដែរ។ ធានាថាជាចំណីចក្ខុថ្មីរបស់ទាំងអស់គ្នា!” កញ្ញា បានអំពាវនាវឱ្យទស្សនិកជន កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករនៅថ្ងៃទី៣ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្រាប់ការសម្តែងល្ខោនបុរាណ កៀនស្វាយក្រៅ ដែលជាស្នាដៃសម្តែងបើកឆាកនៅក្នុងកម្មវិធី។

កម្មវិធី រដូវវប្បធម៌ បានដំណើរការជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះ ដែលមានគោលបំណងជំរុញការបញ្ចេញមតិ និង ភាពច្នៃប្រឌិតទៅដល់ក្រុមយុវជន ជាពិសេសនិស្សិតសាកលវិទ្យាល័យ តាមរយៈការសម្តែង សិក្ខាសាលា ការតាំងពិពណ៌ និង កិច្ចសន្ទនាពិភាក្សា។ នៅក្នុងឆ្នាំ ២០២៣នេះ កម្មវិធីរដូវវប្បធម៌នឹងចាប់ផ្តើមការសម្តែងនៅរាជធានីភ្នំពេញ ក្នុងអំឡុងខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នៅទីកន្លែងចំនួន ៤ផ្សេងៗគ្នា រួមមាន វិទ្យាស្ថានបារាំងកម្ពុជា សកលវិទ្យាល័យជាតិគ្រប់គ្រង Friends Future Factory និង Acting Academy។

មិនតែប៉ុណ្ណោះ កម្មវិធីសិល្បៈទស្សនីយភាពទាំងអស់នឹងប្រារព្ធឡើងនៅឆាកសម្តែងដែលទើបសាងសង់ថ្មីរបស់វិទ្យាស្ថានបារាំងកម្ពុជា ដែលវិទ្យាស្ថានមួយនេះ បានផ្តួចផ្តើមក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់សហគមន៍សិល្បៈក្នុងស្រុក។ គួរឱ្យដឹងថា កម្មវិធី រដូវវប្បធម៌ នឹងមានការលក់សំបុត្រសម្រាប់ទស្សនិកជនដែលចង់ចូលទស្សនាផងដែរ។ ចំពោះស្នាដៃដែលត្រូវលើកយកមកសម្តែងដំបូងគេបង្អស់ក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំនេះ គឺល្ខោនបុរាណ “កៀនស្វាយក្រៅ” សម្តែងនៅថ្ងៃទី ៣-៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅវិទ្យាស្ថានបារាំង។ ទស្សនិកជន ដែលទិញសំបុត្រចូលទស្សនា នឹងបានចូលរួមចំណែកក្នុងការគាំទ្រដល់សិល្បៈ សិល្បការិនី ក៏ដូចជាបានជួយផ្សព្វផ្សាយ ទម្រង់សិល្បៈ វប្បធម៌ខ្មែរឱ្យកាន់តែរីកសុះសាយថែមមួយកម្រិតទៀត៕

អត្ថបទ ៖ សង្ហា

មតិយោបល់