• 2023-01-31 09:15:50
  • ព័ត៌មាន

ជាតារាចម្រៀង តែដល់វិវត្តខ្លួនទៅជាអ្នកជំនួញ អ៊ីណូ មានអាជីវកម្មស្អេកស្កះក្នុងដៃ

  • 2023-01-31 09:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីណូ កំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ។ ដំណាលពេលគ្នានេះ លោកក៏លូកកាន់តែជ្រៅក្នុងមុខជំនួញផ្ទាល់ខ្លួនដូចជា៖ ទិញ-លក់រថយន្ដ លក់ធុងបាស និងលក់ទឹកអប់ជាដើម ដើម្បីពូតផ្ដុំប្រភពចំណូលបន្ថែមពីការងារសិល្បៈឲ្យមានរំហូរប្រចាំខែ ក្នុងគោលបំណងពង្រីកមុខរបរ និងបន្ដនិរន្ដរភាពមុខជំនួញដែលមានស្រាប់។

បើគេសង្កេតឲ្យបានស៊ីជម្រៅ លើស្ថានភាពសេដ្ឋកិច្ចរបស់ អ៊ីណូ មានប្រាក់បង្វិលខ្ទង់លានដុល្លារ ក្នុងជំនួញទិញ-លក់រថយន្ដ ព្រមទាំងមុខរបរផ្សេងទៀត។ ជាក់ស្ដែងកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ នេះ លោកទើបទិញផ្ទះតម្លៃជាង ៧ម៉ឺនដដុល្លារ ហើយពាក់គ្រឿងពេជ្រតម្លៃជាង ១ម៉ឺនដុល្លារ ក្នុងថ្ងៃធ្វើពិធីឡើងផ្ទះនោះទៀតផង។

ដំណើរជីវិត និងអាជីវកម្មរបស់លោក សាន្ដ សុភារិទ្ធ ហៅអ៊ីណូ មានដើមទងវែងឆ្ងាយ។ លោកង្ហើបថា រូបលោកចាប់ផ្ដើមសន្សំលុយដែលជាភាគលាភក្នុងអាជីពច្រៀងជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីលោកចេញច្រៀងតាមខេត្ដបានមួយកម្មវិធីត្រឹមតែ៣០០ ទៅ ៤០០ដុល្លារ រហូតដល់បច្ចុប្បន្នលោកមានតម្លៃខ្លួនជាង ២០០០ដុល្លារ ក៏លោកនៅតែសន្សំ ដើម្បីយកទៅទប់ជំនួញ ដោយបានជោគជ័យនៅថ្ងៃអនាគត។

បើទោះបីជាមិនទាន់ជោគជ័យខ្លាំងក្នុងមុខរបរលក់រថយន្ដជាមួយបងប្រុសបង្កើត ដោយមានភាគហ៊ុនលោក ៥០% តាំងពីឆ្នាំ២០១៨ មកនោះ ប៉ុន្ដែអ៊ីណូ អាចចាត់ទុកថាជាតារាខ្មែរសម្បូរការងារសិល្បៈ ហើយមានប្រភពចំណូលស្ទើរគ្រប់ច្រកល្ហក។ តាមពិតទៅលោកស្រឡាញ់ និងមានដុងលេងគ្រឿងអេឡិចត្រូនិក ដូចជាលេងម៉ូតឡាន ម៉ូតម៉ូតូ ទើបជំរុញឲ្យលោកខំពុះពារបើកយាន្ដដ្ឋានលក់រថយន្ដនៅម្ដុំផ្សារទំនើបអ៊ីអន២ តែលោកថាមិននៅស្ងៀម ឬងាប់ក្រឡាតែមុខរបរមួយនេះទេ។

ក្រៅពីលក់ឡាន អ៊ីណូ នៅមានជំនួញក្នុងដៃធំៗចំនួន ៣ទៀត គឺទី១ វិនិយោគផ្នែកអចលនទ្រព្យ លើគម្រោងរមណីយដ្ឋាន ៦០ហិកតារ ស្ថិតនៅម្ដុំផ្សារត្រាច ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង ហើយលោកក៏ត្រូវបានគេលើកឲ្យធ្វើជាទូតសុច្ឆន្ទៈរបស់គម្រោងនោះដែរ។ ទី២ បានបើកមុខរបរលក់ទឹកអប់ឈ្មោះ Ido ដែលជាផលិតគ្រឿងក្រអូបរបស់បារាំង វេចខ្ចប់ និងនាំចូលដោយប្រទេសថៃ។ ទី៣ លក់ធុងបាសម៉ាក Newstar ដែលជាផលិតផលនាំចូលពីបារាំង ហើយលោកក៏ត្រូវបានក្រុមហ៊ុនដៃគូទាំងពីរនេះជ្រើសរើសលោកឲ្យធ្វើជាBA ផងដែរ។

តើ អ៊ីណូ មានទិចនិក ឬយុទ្ធសាស្ដ្របែងចែកការងារយ៉ាងដូចម្ដេច ក្នុងពេលដែលលោករវល់រកតែពេលហូបបាយស្ទើរគ្មាន ហើយមានជំនួញជាច្រើនកំពុងរង់ចាំលោក?

តាមពិតទៅ អ៊ីណូ មិនធ្លាប់រៀនវគ្គជោគជ័យ ឬប្រឡូកក្នុងវិស័យធុរកិច្ចឡើយ ប៉ុន្ដែដោយមានទឹកចិត្ដតស៊ូ ចង់ទទួលបានជោគជ័យលើការងារថ្មីៗ ទើបរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកចំណាយពេលច្រើនលើការរៀបចំផែនការអាជីវកម្ម គ្រប់គ្រងបុគ្គលិក ដោយមានជំនួយការផ្ទាល់ពីរបីនាក់ដែរ ដើម្បីដំណើរការជំនួញទាំងនោះ។

អ៊ីណូ៖ “បើខ្ញុំធ្វើតែម្នាក់ឯង ទៅអត់រួចទេ! អីចឹងទាល់តែមានជំនួយការផ្ទាល់ពីរទៅបីនាក់សម្រាប់ Set schedule ឲ្យខ្ញុំ…មានមួយផ្នែកខាងដី មួយផ្នែកខាងបាស់ មួយផ្នែកខាងទឹកអប់ មួយផ្នែកខាងConcert ហើយមួយផ្នែកទៀតខាងលក់ឡាន។ អីចឹងហើយបានខ្ញុំថា បើអត់មានជំនួយពីពួកគាត់ទេ ខ្ញុំវិលហើយម្ង៉ៃៗ"។

ដើម្បីឆ្លើយទៅនឹងសំណួរថា តារាចម្រៀងសម្បូរវោហាររូបនេះ មានទន្ទល់សេដ្ឋកិច្ចកម្រិតណា? ដើម្បីទល់បើក្នុងករណីនៅថ្ងៃណាមួយមុខរបរមួយ ឬពីរក្នុងចំណោមមុខរបរជាច្រើនផ្នែករបស់លោកត្រូវបរាជ័យ។​ គេអាចលើកយកករណីមួយមកសិក្សា។ នៅមុនបន្ដិច នៃការឆ្លងរាត្បាតជាសកលជំងឺកូវីដ-១៩ ចូលមកដល់ អ៊ីណូ រងការរិះគន់ជាលើកទី១ ក្នុងមុខជំនួញលក់ឡាន ដោយកាលណោះ មានអ្នកជំនួញម្នាក់ចោទលោកថា ជំពាក់លុយរាប់ម៉ឺនដុល្លារ ជាច្រើនខែមិនព្រមសង។

ក្រោយផ្ទុះរឿងខ្លាំង អ៊ីណូ ក៏បានចេញមុខមកទទួលស្គាល់ថា ពិតជាបានជំពាក់លុយគេមែន ដោយសារតែបញ្ហាបង្វិលលុយយឺតពីក្រៅស្រុកមកក្នុងស្រុក ស្របពេលឡានដែលត្រូវនាំចូលមកលក់នៅស្រុកខ្មែរ ត្រូវជាប់គាំងមិនទាន់ដោះស្រាយបានភ្លាមៗ។

បន្ដិចក្រោយមករឿងរ៉ាវក៏បានស្ងប់ស្ងាត់ លុយក៏សងគេរួច ហើយអាជីវកម្មលក់រថយន្ដជាមួយបងប្រុសក៏នៅតែដំណើរការ បើទោះបីជាស្ថិតនៅក្នុងក្នុងកាលៈទេសៈដ៏លំបាក នៃជំងឺកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចស្ទើរគ្រប់វិស័យយ៉ាងណាក្ដី។ តាមរយៈវិញ្ញាសារដ៏ធ្ងន់នេះ គេអាចមើលដឹងថា អ៊ីណូ មានទិចនិក និងជន្ទល់សេដ្ឋកិច្ចរឹងមាំកម្រិតណាបាត់ទៅហើយ។

លោក សាន្ដ សុភារិទ្ធ ហៅអ៊ីណូ កំពុងល្បីឈ្មោះក្នុងរង្វង់សិល្បៈ ហើយក៏មានទំហំប្រាក់ចំណូលច្រើនគួរសមក្នុងចំណោមតារាប្រុសខ្មែរប៉ុន្មានដួងផ្សេងទៀតដែលក្រសោបយកការងារសិល្បៈផង និងមុខជំនួញផង នាពេលបច្ចុប្បន្ន។

មុននឹងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ អ៊ីណូ រំលឹកថា ខ្លួនបានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយល់លើវិថីសិល្បៈ ដោយកាលពីឆ្នាំ២០០៥ លោកប្រឡូកក្នុងអាជីពចម្រៀងដំបូង គឺដើរច្រៀងតាមហាង ហើយចេញច្រៀងតាមខេត្ដឆ្ងាយៗម្ដងៗបានតិចតួចប៉ុណ្ណោះ។

ប៉ុន្ដែក្រោយចំណាយពេលកសាងកេរ្ដិ៍ឈ្មោះជាង ៥ឆ្នាំ ក្នុងអាជីពនេះ ទើបលោកវិវដ្ដខ្លួនពីតារាចម្រៀងតែលតោល មកជាតារាចម្រៀងកុងត្រាផ្លូវការដំបូងគេក្នុងផលិតកម្ម Diamond Music ក្នុងឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន បានក្លាយជាតារចម្រៀងកុងត្រារបស់ផលិតកម្មសាន់ដេ។

អ៊ីណូ រំពឹងថា មុខជំនួញដែលកំពុងមាននៅក្នុងដៃរបស់លោក នឹងទទួលបានជោគជ័យដូចការងារសិល្បៈដែលលោកធ្លាប់ឆ្លងកាត់យ៉ាងជូរចត់មកនោះដែរ។ លោកប្ដេជ្ញាថានឹងមិនបន្ធូរដៃក្នុងមុខជំនួញណាមួយឡើយ បើទោះបីជាពេលខ្លះជួបបញ្ហាពិបាកដោះស្រាយយ៉ាងណាក្ដី៕

ជិន សុភ័ក្ដ្រ

មតិយោបល់