- 2023-02-14 03:25:54
- ព័ត៌មាន
HYBE និង SM ចេញមុខជួយឧបត្ថម្ភទឹកប្រាក់រាប់លាន ដល់ជនរងគ្រោះនៅប្រទេសតួកគី និងស៊ីរី
- 2023-02-14 03:25:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HYBE និង SM ចេញមុខជួយឧបត្ថម្ភទឹកប្រាក់រាប់លាន ដល់ជនរងគ្រោះនៅប្រទេសតួកគី និងស៊ីរី
ចន្លោះមិនឃើញ
HYBE និង SM ដែលសុទ្ធសឹងជាក្រុមហ៊ុនយក្សប្រចាំវិស័យ K-Pop និងជាអាណាព្យាបាលរបស់តារាល្បីៗជួរមុខជាច្រើនលំដាប់អន្តរជាតិ ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយប្រកាសពីឆន្ទៈក្នុងការជួយជនរងគ្រោះពីគ្រោះមហន្តរាយរញ្ជួយដីនៅក្នុងប្រទេសទួរគី និង ស៊ីរី។
គ្រោះធម្មជាតិដ៏កាចសាហវនេះបានវាយប្រហាររទេសទាំងពីរកាលពីថ្ងៃទី០៦ ខែកុម្ភៈ ធ្វើឲ្យមនុស្សចំនួន ៣៣ ០០០០ បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានមិនឱបដៃឈរមើលឡើយ ដោយបញ្ជូននូវក្រុមការងារសង្គ្រោះ ក៏ដូចជាជំនួយឧបត្ថម្ភជាបន្តបន្ទាប់។ រហូតដល់ពេលនេះ ក៏មានសេចក្ដីរាយការណ៍ថាក្រុមហ៊ុនកម្សាន្តខ្នាតយក្ស HYBE និង SM ក៏បានចេញមុខជួយដែរ។
នៅថ្ងៃទី ១៣ ខែកុម្ភៈ បណ្ដាញផ្សព្វផ្សាយជាច្រើនរបស់កូរ៉េបានរាយការណ៍ថា HYBE បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០០លានវ៉ុន (ខ្ទង់ ៣៩៤ ០០០ដុល្លារ) ទៅកាន់អង្គការ Save The Children (អង្គការដែលធ្វើការជាមួយកុមារ ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយនៅក្នុងប្រទេសតួកគី និងស៊ីរី)។
ផ្អែកតាមអង្គការខាងលើ ជំនួយឧបត្ថម្ភនឹងត្រូវយកទៅប្រើប្រាស់ដោយផ្គត់ផ្គង់ជាសម្ភារៈប្រើប្រាស់សម្រាប់ក្មេងៗ រួមមាន ភួយ ខោអាវ ទឹក ស្បៀងអាហារ គ្រឿងពេទ្យ និងកញ្ចប់សង្គ្រោះបឋមផ្សេងៗ។ ថវិកាក៏នឹងយកទៅសាងសង់ជំរកបណ្ដោះអាសន្ន ដើម្បីការពារកុមារៗផងដែរ។
អ្នកនិយមលេងអ៊ីនធើណិត ពិតជាមានការកោតសរសើរចំពោះក្រុមហ៊ុននេះដែលមិនត្រឹមតែបានផ្ដល់ជំនួយឧបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើវាដោយស្ងាត់ៗទៀត។ សាធារណជនទើបតែទទួលបានព័ត៌មាននេះ នៅពេលដែលអង្គការ Save The Children បានរាយការណ៍ប៉ុណ្ណោះ។
ទោះជាយ៉ាងណា ក៏ទើបទទួលបានដំណឹងថ្មីចុងក្រោយមកទៀតថា HYBE មិនមែនជាក្រុមហ៊ុនកម្សាន្តតែមួយទេដែលផ្ដល់ជំនួយឧបត្ថម្ភ ព្រោះក្រុមហ៊ុន SM ក៏ត្រូវបានគេដឹងថាបានបរិច្ចាគថវិកាចំនួន ២០០លានវ៉ុន (ខ្ទង់ ១៥៨ ០០០ដុល្លារ) ដល់អង្គការ Hope Bridge (អង្គការគ្រោះមហន្តរាយនៅកូរ៉េ ដែលជួយដល់ជនរងគ្រោះនៅប្រទេសតួកគី និងស៊ីរី៕