• 2023-02-16 08:28:20
  • ព័ត៌មាន

The Voice Cambodia ជិត​វិល​មក​វិញ មាន​បេក្ខជនម្នាក់ ស្រែក​ថា​ដាក់ពាក្យប្រឡង ៤ដង កុំ​ថា​ឡើយ​ជាប់ សូម្បី​តែ​ឡើង​ឆាក​ក៏​មិន​បាន ឥឡូវ ណុប បាយ៉ារិទ្ធ ផ្ដល់​គំនិត​ថ្មី

  • 2023-02-16 08:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​គម្រោង​កម្មវិធី​ប្រកួត​ចម្រៀង​លំដាប់​ពិភព​លោក The Voice Cambodiaរបស់​ក្រុមហ៊ុន ហង្ស មាស នឹង​វិល​មក​វិញ​នៅ​ខែ​មីនា ឆ្នាំ​២០២៣ បន្ទាប់​អាក់​ខាន​ជា​ច្រើន​ឆ្នាំ។ លោក ណុប បាយ៉ារិទ្ធ ដែល​ជា​សមាជិក​គណៈកម្មការ​ម្នាក់ ក៏​បាន​ប្រកាស​ឲ្យ​បេក្ខជន-បេក្ខនារីដែល​មាន​ក្ដី​ប្រាថ្នា​ចង់​ក្លាយ​ជា​តារា​ចម្រៀង​អាជីព ត្រូវ​ត្រៀម​ខ្លួន​ដាក់​ពាក្យ​ប្រឡង។

ដោយ​មាន​បេក្ខជន-បេក្ខនារី ទិញ​ពាក្យ​ចូល​ប្រឡង​រាប់​ពាន់​នាក់ គណៈកម្មការ​រៀបចំ​កម្មវិធី តម្រូវ​ឲ្យ​បេក្ខជន​ខ្លះ​ត្រូវ​តេស្ដ ឬ​សាកល្បង​សំឡេង​របស់​ខ្លួន​ដោយ​ផ្ទាល់ និង​ខ្លះ​ត្រូវ​ថត​សំឡេង​របស់​ខ្លួន​ផ្ញើ​តាម​រយៈ​តេឡេក្រាម​ទៅ​កាន់​គណៈកម្មការ ក្នុង​វគ្គ​ជម្រុះ។ ទន្ទឹម​គ្នា​នេះ មាន​បេក្ខជន-បេក្ខនារី​ខ្លះ ចង់​បញ្ចេញ​សមត្ថភាព​ដោយ​ផ្ទាល់។

ជាក់​ស្ដែង​បេក្ខជន​ម្នាក់​ឈ្មោះ អែម សៀន និយាយ​ថា ខ្លួន​ធ្លាក់​ដាក់​ពាក្យ​ប្រឡង និង​បាន​ផ្ញើ​សំឡេង​តាម​ONLINE ចំនួន​៤​លើក​ហើយ ប៉ុន្ដែ​មិន​ដែល​ជាប់​ទាល់​តែ​សោះ។ ក្រោយ​ពី​ទទួល​បាន​ការ​ត្អូញត្អែរ​នេះ តារា​ចម្រៀង ណុប បាយ៉ារិទ្ធ និង​ជា​សមាជិក​គណៈកម្មការ​ម្នាក់ បាន​ផ្ដល់​គំនិត​ទៅ​ប្អូន​នោះ​វិញ។

លោក ណុប បាយ៉ារិទ្ធ និយាយ​ថា ប្រឡងវគ្គជម្រុះដំបូងដោយផ្ទាល់ ត្រូវ​តម្រង់​ជួររង់ចាំដោយមានមនុស្សរាប់ពាន់​នាក់ឈរតម្រង់​ជួរដូចគ្នា ទម្រាំដល់វគ្គ​ប្អូន។ ពេល​នោះ ត្រូវ​បញ្ចេញ​សមត្ថភាព​មុខ​ក្រុមការងារ​មិន​ក្រោម ១០នាក់ និង​នៅមុខកាមេរ៉ា​ថតផ្ទាល់ៗ។ លោក​បាន​ដាក់​សំណួរ​ទៅ​កាន់​ប្អូន​ប្រុស​ថា តើប្អូនច្បាស់ទេថាប្អូនមិនមានអារម្មណ៍ភ័យសោះ? ហើយ​មានឱកាសច្រៀងតែម្តងគត់ ឬ​បទ​ទី២​ប្រសិន​ក្រុមការងារ​វិភាគ​ថា​សំឡេង​ប្អូន អាចច្រៀងបទណា​មួយ​បាន​ពីរោះ គេនឹងផ្តល់ឱកាសលើកទី២ ។

លោក​បញ្ជាក់​ថា ផ្ទុយ​ទៅ​វិញ​បើ​ប្អូន​សម្រេច​ប្រឡងតាម​Online មានតែប្អូនប៉ុណ្ណោះដែលនៅពីមុខកាមេរ៉ាថតរបស់ប្អូន ហើយប្រមូលអារម្មណ៍ច្រៀងបទដែលប្អូនចង់ច្រៀងគិតថាពីរោះ ថតនៅកន្លែងណាដែលប្អូនមានទំនុកចិត្តថាមិនខ្ទរ មិនមានសម្លេងរំខាន មិនបាច់រង់ចាំ ចង់ថតពេលណា ម៉ោងណាជារឿងរបស់ប្អូន ថតហើយស្តាប់ថាល្អផ្ញើរឲ្យក្រុមការងារ គឺ​ចប់។

លោក ណុប បាយ៉ារិទ្ធ បន្ថែម​ថា បើ​ថតមួយបទមិនទុកចិត្ត អាចថត ២ រឺ៣ បទដើម្បីឲ្យខ្លួនឯងមានជម្រើស។ សំខាន់បើប្អូនមានសមត្ថភាព អត់មានអ្វីដែលពិបាកទេ កម្មវិធីព្យាយាមសម្រួលដល់បេក្ខជនទៅវិញទេដោយមិនចាំចំណាយពេលក្រោកពីព្រឹកទៅឈរតម្រង់ជួររង់ចាំយូរ ទម្រាំដល់វេនយើង។

រូបថត៖ ហ្វេសប៊ុក ណុប បាយ៉ារិទ្ធ

ការ​ជជែក​គ្នា​ពី​លក្ខណ្ឌ និង​ដំណើរការ​ប្រកួត​កម្មវិធី The Voice Cambodia នេះ គឺ​បន្ទាប់​ពី​ផេក​អ្នក​រៀបចំ​កម្មវិធី បាន​ប្រកាស​ពី​ដំណឹង​វិល​មក​វិញ​របស់​កម្មវិធី​ដ៏​អស្ចារ្យ​នេះ ហើយ​ត្រូវ​បាន​លោក ណុប បាយ៉ារិទ្ធ ចែក​រំលែក​បន្ដ ដោយ​បញ្ជាក់​ពី​ការ​ចាប់​ផ្ដើម​ប្រគំតន្ដ្រី​នៅ​តាម​ខេត្ដ​មួយ​ចំនួន​ជា​មុន ហើយ​កម្មវិធី​ប្រកួត នឹង​ចាប់​ផ្ដើម​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២៣៕

ជិន សុភ័ក្ដ្រ

មតិយោបល់