• 2023-03-31 03:30:27
  • ព័ត៌មាន

ហង្ស ឈា យក​ធាតុម្ដាយ​មក​ដល់​ស្រុក ធ្វើបុណ្យចែកទាន​ដល់​យាយតា និង​ក្មេង​ៗក្នុង​ភូមិ

  • 2023-03-31 03:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហង្ស ឈា បំពេញ​កិច្ច​ជូន​អ្នក​ម្ដាយ ដោយ​នាំ​អ្នក​មាន​​គុណត្រឡប់​មក​ស្រុក​កំណើត​វិញ និង​បាន​ធ្វើ​បុណ្យ​តាម​ប្រពៃណី​រួចរាល់ ដោយ​នៅ​ក្នុង​ពេល​វេលា​ជាមួយ​គ្នា លោក​បាន​ចែក​ទាន​ដល់​លោក​យាយ​លោកតា កុមារាកុមារី​ជា​ច្រើន​នាក់​ថែម​ទៀត។

ពិធីបុណ្យ​គម្រប់​ខួប ៧ថ្ងៃ របស់​ឧបាសិកា តាំង សុខគៀង ម្ដាយ​បង្កើត ហង្ស ឈា ត្រូវ​បាន​ធ្វើ​នៅ​វត្ត​អង្គខ្វាវ ស្ថិត​ក្នុង​ភូមិកាប់​នឹម ឃុំខ្វាវ ស្រុក​សំរោង ខេត្តតាកែវ។ នេះ​ជា​ការ​វិល​ត្រឡប់​មក​ទីឋាន​កំណើត​របស់​ឧបាសិកា តាំង សុខគៀង ក្រោយ​ពី​បាន​ចាក​ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​កូន​ប្រុស ហង្ស ឈា កាល​ពី​៦ឆ្នាំ​មុន។

យ៉ាង​ណា ក្រោយ​ពី​បាន​រួមរស់​ជាមួយ​កូន​ប្រុស កូន​ប្រសារស្រី​បាន​ប៉ុន្មាន​ឆ្នាំ ឧបាសិកា តាំង សុខគៀង ក៏​ធ្លាក់​ខ្លួន​ឈឺ ដោយ​ដំបូង​ឡើយ​ឈឺ​ដៃ ក្រោយ​ពី​ពិនិត្យ​បាន​រកឃើញ​ថា ឧបាសិកា​មាន​ជំងឺ​របេង និង​ក្រោយ​មក​បាន​លេច​ចេញ​នូវ​ជំងឺ​ជា​ច្រើន​មុខ​ទៀត។ ហង្ស ឈា ប្រាប់​ថា ម្ដាយ​លោក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង​បូស្តុន​អស់​រយៈ​ពេល ៣​ឆ្នាំ​មក​ហើយ។

លុះ​ដោយ​វ័យ និង​ការ​ទន្ទ្រាន​មិន​ឈប់​នៃ​ជំងឺ​ជា​ច្រើន​មុខ ម្ដាយ​លោក​ក៏​អស់​បុណ្យ​ក្នុង​ជន្មាយុ ៧៧ឆ្នាំ កាល​ពី​ថ្ងៃ​ទី ២២ មីនា ២០២៣ បន្សល់​នូវ​ការ​សោកស្ដាយ និង​អាឡោះអាល័យ​ពី​សំណាក់​កូនៗ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ទាំងមូល។ យ៉ាង​ណា កាល​នៅ​មាន​ជីវិត​នៅ​ឡើយ ឧបាសិកា តាំង សុខគៀង បាន​ផ្ដាំ​ឲ្យ​យកធាតុ​វិល​ត្រឡប់​ស្រុក​កំណើត​វិញ​កុំខាន។

ដូច្នេះ​ហើយ ហង្ស ឈា ក៏​បាន​ធ្វើ​តាម​បណ្ដាំ​ម្ដាយ ដោយ​បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ២៩ មីនា និង​បាន​ធ្វើ​បុណ្យ​គម្រប់ ៧ថ្ងៃ តាម​ទំនៀម​រួចរាល់​នា​ថ្ងៃ​ម្សិលមិញ និង​បន្ត​មកព្រឹក​នេះ​មួយ​ព្រឹក​ទៀត។ បន្ទាប់​ពី​បំពេញ​ជូន​វិញ្ញាក្ខន្ធ​អ្នក​មាន​គុណ​រួចរាល់ ហង្ស ឈា នឹង​ត្រូវ​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​នៅ​ដើម​សប្ដាហ៍​ក្រោយ ដើម្បី​មើល​ការ​ខុស​ត្រូវ​មុខ​ជំនួញ​តែ​គុជ យីហៅ "Boba Tea” ដែល​កំពុង​ពេញ​និយម​នៅ​សហរដ្ឋ​អាមេរិក​បន្ត​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់