• 2023-04-07 08:08:44
  • ព័ត៌មាន

យូរី ឆ្លើយ​តប​វិញ​យ៉ាង​មាន​ន័យ រឿង​គេ​អត់​អញ្ជើញ តែ​នាង​ស្ម័គ្រ​ចិត្ត​ចូល​ច្រៀង "សង្ក្រាន្តវិទ្យាល័យទួលអំពិល"

  • 2023-04-07 08:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង យូរី បាន​ឆ្លើយ​តប​ហើយ ក្រោយ​ពី​បាន​ចូល​រួម​ច្រៀង​នាំ​សិស្ស​វិទ្យាល័យ​ទួល​អំពិល​សប្បាយ​អស់​ដៃ​ក្នុង​កម្មវិធី "សង្ក្រាន្ត​" របស់​វិទ្យាល័យ​នេះ​កាល​ពី​ដើម​សប្ដាហ៍​នេះ។

ដើម​ឡើយ តារាចម្រៀង​​ផលិតកម្មរស្មី​ហង្សមាស​រូប​នេះ មិន​មាន​ឈ្មោះ​ក្នុង​កម្មវិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​របស់​វិទ្យាល័យ​ទួល​អំពិល​នោះ​ឡើយ។ ប៉ុន្តែរឿង​ភ្ញាក់​ផ្អើល បាន​កើត​ឡើង​កណ្ដាល​ទី ក្រោយ​ពី​មាន​ក្រុម​ការងារ​ម្នាក់​នៃ​ក្រុម "យុវជនសង្ក្រាន្ត និង​បរិស្ថាន" បាន​មក​ប្រាប់​ឲ្យ​ក្រុម​ការងាររៀប​ចំ​ព្រឹត្តិការណ៍​ទាំង​មូល ឲ្យ​រៀប​ចំ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ឲ្យ យូរី ព្រោះ​នាង​នឹង​ឡើង​ច្រៀង​ដែរ។

បន្តិច​ក្រោយ​មក តារា​ស្រី​ក៏​ឡើង​លើ​ឆាក ច្រៀង​រាំ ធ្វើ​ឲ្យ​ផ្ទុះ​សំឡេង​ហ៊ោកញ្ជ្រៀវ​កង​រំពង​ពេញ​បរិវេណ​វិទ្យាល័យ។ តាម​គ្រូ​បង្រៀន​ម្នាក់​នៃ​វិទ្យាល័យ បាន​ឲ្យ​ដឹង​ថា ទិដ្ឋភាព​នោះ នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ស្ទើ​មិន​ជឿ ប៉ុន្តែ យូរី ធ្វើ​បាន និង​បាន​ធ្វើ​ឲ្យ​សិស្សានុសិស្ស សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។

ចំពោះ​បញ្ហា​នេះ សាមី​ខ្លួន​តារា​ចម្រៀង បាន​ប្រាប់ Sabay នៅ​ព្រឹក​នេះ​ថា តាម​ពិត គឺ​កញ្ញា ស្ម័គ្រ​ចិត្ត​ចូល​ច្រៀង​ដោយ​ខ្លួន​ឯង​ពិត​មែន​ក្នុង "សង្ក្រាន្ត​វិទ្យាល័យ​ទួល​អំពិល"។ ចំពោះ​មូលហេតុ គឺ​នាង​ចង់​ផ្ដល់​ភាព​សប្បាយ​រីករាយ ញុំាង​កម្មវិធី​ឲ្យ​កាន់​តែ​ក្លៀវក្លា។ ជា​ពិសេស​ទៀត​នោះ គឺ​នាង​ចង់​បង្កភាពភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​របស់​នាង។ “យូរី ចង់ Suprise ដល់ FAN យូរី ក្នុង​នោះ​សូម្បី​តែ​អ្នក​រាំ ក៏​យូរី ហៅ​ពួក​គាត់​មក​ភ្លាម​ៗ​ដែរ"។

កញ្ញា យូរី បាន​ចូល​រួម​ច្រៀង រាំ បទ​ចម្រៀង​ជិត ១០ បទ​ឯណោះ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​អប់អរបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង ដោយ​បាន​ធ្វើ​ឲ្យ​សំឡេង​ស្រែកហ៊ោ​កងរំពង និង​មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ អ្នក​គ្រូ​ម្នាក់​ដែល​បាន​បង្ហើប​ពី​រឿង​នេះ ប្រាប់​ថា សូម្បី​អ្នក​គ្រូ​ខ្លួន​ឯង​ក៏​សប្បាយ​ខ្លាំង​ដែរ ពេល​ឃើញ​កូន​សិស្ស​របស់​ខ្លួន​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជាមួយ​តារា​ចម្រៀង​ស្រី។

អ្នក​គ្រូ​ថ្លែង​ថា "យូរី ច្រៀង​ជិត ១០បទ​ឯណោះ គេ​ច្រៀង​បទ​ចាក់ទឹកដូង​អី​នោះ និយាយ​ពី​ថា កូន​សិស្ស​គេ​សប្បាយ​ដល់​ក​ហើយ ដល់​អីចឹង​ទៅ​យើង​ជា​គ្រូ ក៏​សប្បាយ​ចិត្ត​ដែរ"។ បន្ទាប់​ពី​បង្កភាព​រីករាយ​នៅ​វិទ្យាល័យ​ទួល​អំពិល​ហើយ យូរី គ្រោង​នឹង​ទៅ​ចូល​អបអរឆ្នាំ​ថ្មី​ជាមួយ​ប្អូន​ៗ សិស្សានុសិស្ស​បន្ត​ទៀត​នៅ​សាលា​នេតយ៉ង់​ខេត្តបាត់ដំបង៕

អត្ថបទ៖ ទារិកា

មតិយោបល់