• 2023-04-18 05:05:59
  • ព័ត៌មាន

ព្រហ្ម ម៉ាញ នឹងឆ្លៀតនិយាយរឿងអ្នកប្រមាថអាយុជីវិតលោក ក្នុងឱកាសសម្ដែងសិល្បៈជូនសម្ដេច ហ៊ុន សែន

  • 2023-04-18 05:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាថ្មីម្ដងទៀត ព័ត៌មានក្លែងក្លាយបានកើតឡើងចំពោះសិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ក្នុងពេលមនុស្សម្នារស្ទើរពេញមួយប្រទេស កំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប៉ុន្ដែមានជនខិលខូច បានប្រើបណ្ដាញសង្គម ដើម្បីបំផុសដំណឹងថា ព្រហ្ម ម៉ាញ ស្លាប់ ដោយប្រើពាក្យថា៖ “លោកតា ព្រហ្ម ម៉ាញ ស្លាប់ហើយ”។

ក្រោយធ្លាយដំណឹងនេះ រហូតធ្វើឲ្យមិត្ដសិល្បៈ និងអ្នកគាំទ្រខ្លះយល់ច្រឡំថាលោកស្លាប់ សាមីខ្លួន បានចេញមុខបំភ្លឺថា រូបលោកនៅមានសុខភាពល្អ ព្រមទាំងបានចេញសម្ដែងក្នុងកម្មវិធីសិល្បៈជាប់ៗគ្នាជាច្រើន។ ប៉ុន្ដែនៅមានបងប្អូនខ្លះយល់ច្រឡំថារូបលោកបានស្លាប់ ដោយសារតែក្រុមខិលខូចនៅតែបន្ដបំផុសព័ត៌មានមិនពិតឡើង។ លោកថា ការនិន្ទាថាលោកស្លាប់ ជាការប្រមាថអាយុជីវិត ដែលសមត្ថកិច្ចគួរស្រាវជ្រាវ និងចាត់ការ។

លោក ព្រហ្ម ម៉ាញ បានប្រាប់Sabay នៅថ្ងៃទី១៨ ខែមេសា នេះថា រូបលោកពិតជាមានការអន់ចិត្ដចំពោះជនខិលខូចដែលយកជីវិតលោកទៅប្រមាថ ហើយទោះបីជាលោកនិយាយយ៉ាងណាក៏ជនទាំងនោះនៅតែបំភ្លៃ ធ្វើឲ្យសាធារណៈជនយល់ច្រឡំ ហើយលោកយល់ថា ការបង្កើតរឿងមិនពិតបែបនេះរបស់ជនខិលខូចក្នុងពេលដែលកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាដ៏ធំ ព្រមទាំងរៀបចំការបោះឆ្នោតទៀតនោះ គឺអាចធ្វើឲ្យប៉ះទង្គិចអារម្មណ៍ពលរដ្ឋខ្មែរមួយផ្នែកដែរ។

ព្រហ្ម ម៉ាញ៖ “ខ្ញុំក៏ជាមនុស្សមានកេរ្ដិ៍ឈ្មោះក្នុងសង្គមម្នាក់ដែរ…អីចឹងឲ្យតែជិតបោះឆ្នោតពួកហ្នឹង វាបំផុសរឿងមិនពិត! ខ្ញុំមិនទាំងកើតស្អីផង ចេញសម្ដែងរហូត ហើយនៅថ្ងៃទី២៣(២៣/០៤/២០២៣) ដែលខ្ញុំត្រូវសម្ដែងសិល្បៈជូនក្នុងកម្មវិធីសម្ដេចនេះ ខ្ញុំឆ្លៀតនិយាយរឿងហ្នឹងហើយ ហើយសំណូមពរឲ្យសម្ដេចជួយ ធ្វើយ៉ាងម៉េចឲ្យសមត្ថកិច្ច ចាប់ពួកហ្នឹងដាក់មួយកន្លែងសិន”។

នេះមិនមែនជាលើកទី១ ទេ ដែលមានជនខិលខូចបំផុសព័ត៌មានថាលោក ព្រហ្ម ម៉ាញ ស្លាប់។ ប៉ុន្ដែទន្ទឹមគ្នានេះក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនក៏មិនបានភ្ញាក់ផ្អើលចំពោះការបំផុសព័ត៌មានមិនពិតនេះដែរ ដោយគេលើកឡើងថា ជននោះបានសរសេរថា៖ “លោកតាព្រហ្ម ម៉ាញ ស្លាប់ហើយ” គឺពិតជាត្រឹមត្រូវ គឺថាលោកតា ព្រហ្ម ដែលជាជីតារបស់លោកគ្រូម៉ាញនោះ ពិតជាបានស្លាប់ទៅហើយមែន ហើយជាក់ស្ដែងលោក ព្រហ្ម ម៉ាញ មិនទាន់ស្លាប់ទៅណា។

ទោះជាយ៉ាងណាលោក ព្រហ្ម ម៉ាញ នៅតែមិនអស់ចិត្ដ ហើយលោកចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការជនខិលខូច ដែលប្រមាថអារយុជីវិតលោកទាំងលោកមិនដែលស្គាល់ និងមានរឿងអ្វីជាមួយជនទាំងនោះសោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់