• 2023-04-18 07:12:46
  • ព័ត៌មាន

សាយ សៀរ៉ា កំណត់ថ្ងៃវិលត្រឡប់ពីប្រទេសបារាំង ហើយថែម​ទាំងស្ពាយមុខរបរមួយមកស្រុកខ្មែរទៀត!

  • 2023-04-18 07:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងចម្រៀង សាយ សៀរ៉ា បានកំណត់ថ្ងៃវិលត្រឡប់មកស្រុកខ្មែរវិញហើយ បន្ទាប់ពីបំពេញការងារសិល្បៈជាច្រើនសប្ដាហ៍នៅប្រទេសបារាំង ស្វីស និងអាឡឺម៉ង់។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ សៀរ៉ា បង្ហើបថា រូបលោកនឹងត្រឡប់មកស្រុកខ្មែរវិញនៅថ្ងៃទី២៦ ខែមេសា ដោយស្ពាយមុខរបរលក់ផលិតផលប្រេនៗពីប្រទេសបារាំងមកទៀតផង។

បើតាមតារាប្រុសរូបនេះ ផលិតផលទឹកបអប់ល្បីៗ និងកាបូបម៉ាកល្បីៗរបស់បារាំង នឹងមកដល់ស្រុកខ្មែរដំណាលពេលនឹងលោកដែរ នៅចុងខែមេសា ឆ្នាំ២០២៣ នេះ ទើបលោកប្រកាសប្រាប់ដល់មិត្ដសិល្បៈ ឬបងប្អូនដែលនិយមប្រើផលិតផលប្រេនៗពីក្រៅប្រទេស អាចទាក់ទងលោកជាមុនបាន ដើម្បីលោកងាយស្រួលចាត់ចែងរៀបចំទិញទុកជាមុន។ ទន្ទឹមគ្នានេះលោកប្រកាសលេខទំនាក់ទំង ដើម្បីទទួលបានការបញ្ជាទិញផលិតផលយ៉ាងពិសេសពីលោក តាមរយៈបណ្ដាញសង្គមតេលេក្រាម ០១២ ៤៨២ ៨៤៧។

មុនលោកមានឱកាសបានចេញទៅសម្ដែងនៅក្រៅប្រទេស លោកក៏ធ្លាប់បង្ហើបប្រាប់ Sabay ថា នៅថ្ងៃអនាគត រូបលោកនឹងឡើងទៅប្រទេសចិន ឬប្រទេសមួយចំនួននៅប៉ែកអ៊ឺរ៉ុប ដើម្បីស្វែងរកផលិតល្អៗមកលក់នៅស្រុកខ្មែរ។ លោកថា ការនាំចូល និងចែកចាយនូវផលិតផលល្អៗ ស្របតាមស្ដង់ដារអន្ដរជាតិនេះ អាចនឹងពង្រីកកាន់តែធំទៅតាមលទ្ធភាព ព្រោះវាជាផ្នែកមួយជួយផ្ដល់ចំណូលបន្ថែមលើការងារសិល្បៈ ខណៈការងារសិល្បៈនៅក្នុងស្រុករបស់លោកមិនសូវសម្បូរដូចតារាវ័យក្មេង និងតារាប្រុសវ័យកណ្ដាលផ្សេងទៀតនោះ។

គេសង្កេតឃើញ សាយ សៀរ៉ា ខ្នះខ្នែងណាស់ក្នុងការរកចំណូល ដើម្បីសង់ផ្ទះវីឡាដ៏ប្រណីតមួយខ្នង ដើម្បីបំពេញក្ដីសុខជូនអ្នកមានគុណនៅឯស្រុកកំណើត ដោយលោកខំទទួលការងារLive លក់ផលិតផលផ្សេងៗ បណ្ដើ និងចេញធ្វើការងារសិល្បៈបណ្ដើមិនថាតូច ឬធំគឺលោកទទួលទាំងអស់។ ឥឡូវនេះ ក្ដីប្រាថ្នាចង់នាំផលិតផល មកលក់នៅស្រុកខ្មែរ បានលេចជារូបរាងបណ្ដើៗហើយ ដោយលោកឆ្លៀតពេលចេញទៅសម្ដែងនៅក្រៅប្រទេសនោះ ដើរកម្សាន្ដផង ស្វែងរកមុខរបរផង រហូតលោកប្រទះនឹងផលិតផលទឹកអប់ និងកាបូបប្រេនៗដូចនៅពេលនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់