• 2023-04-25 02:52:08
  • ព័ត៌មាន

សំបុត្រ Eunwoo, Sanha, Mingyu និងប្អូនបង្កើត ជូន Moonbin ធ្វើឲ្យម្នាក់ៗទប់ទឹកភ្នែកមិនជាប់ទេ

  • 2023-04-25 02:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីរាយការណ៍មកថា Moon Sua ប្អូនស្រីបង្កើតរបស់ Moon Bin បាន​មកកាន់ទីតាំងគោរពវិញ្ញាណក្ខន្ធបងប្រុសនាង​ដោយស្ងាត់ៗ និងថែមទាំងបានទុកសំបុត្រមួយច្បាប់ឲ្យទៀត រហូតពេលអ្នកគាំទ្រដឹងហើយ អានទាំងទឹកភ្នែក។

Moon Bin និង Moon Sua

កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ រូបភាពនៃទីតាំងគោរពវិញ្ញាណក្ខន្ធរបស់ Moon Bin ដែលរៀបចំដោយក្រុមហ៊ុន Fantagio ត្រូវ​បាន​បង្ហាញ​លើបណ្ដាញអ៊ីនធើណិត។

អ្នកលេងបណ្ដាញសង្គម​ម្នាក់ដែលបាន​ទៅដល់កន្លែងគោរពវិញ្ញាណក្ខន្ធ​នោះ បាន​ថតរូបសំបុត្រដែលសរសេរដោយដៃផ្ទាល់របស់​មនុស្សជា​ច្រើន ប៉ុន្តែក្នុងនោះក៏មានសំបុត្ររបស់ប្អូនស្រីនៃសពគឺ Moon Sua ផងដែរ។

សំបុត្ររបស់ Moon Sua

សំបុត្ររបស់ Sua ត្រូវ​បាន​ចារដោយខ្លឹមសារដូចតទៅ៖ «បងប្រុស! គឺខ្ញុំណា៎ ប្អូនស្រីសំណព្វតែមួយគត់របស់បង Sua! ខ្ញុំក៏បានមកកន្លែងនេះដែរ ខ្ញុំយំខ្លាំងឡើងឆ្អែតឆ្អន់ហើយ ដូច្នេះខ្ញុំនឹង​ឈប់យំពីពេលនេះ! ខ្ញុំនឹងញញឹមឲ្យបាន​ច្រើនឥឡូវ! ខ្ញុំនឹង​ធ្វើអ្វីដែលខ្ញុំចង់ និងសប្បាយចិត្តឲ្យបាន​ច្រើន! ដូច្នេះ​ប្អូនសង្ឃឹមថា បងនឹងបានស្ងប់សុខនៅទីនោះ! សូមមើលថែប្អូនបងផង ថាខ្ញុំបាន​សុខឬអត់។ ខ្ញុំ​នឹង​រស់ឲ្យមានន័យ និង​ឧស្សាហ៍​ព្យាយាម ​ដើម្បីបងដូចគ្នា។ កុំហាមខ្ញុំអី។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នឹង​មក​រកបង ដើម្បី​ជួយដោះ​ស្រាយ ដូច្នេះ​បង​ត្រូវតែ​លួង​​ខ្ញុំ។ បងខំប្រឹងយ៉ាងលំបាក រហូតមកដល់ពេលនេះ។ ប្អូនស្រឡាញ់បងខ្លាំងណាស់ ហើយប្អូននឹងនៅតែជាប្អូនស្រីរបស់បងជារៀងរហូត! បងប្អូន Moon ជារៀងរហូត»។

ក្រៅពី Moon Sua ដែលជាប្អូនបង្កើត ក៏ឃើញថា សមាជិករួមក្រុម ASTRO មាន Cha Eun Woo និង Sanha ក៏ដូចជាមិត្តល្អ Mingyu (SEVENTEEN) ក៏បាន​មកដល់ទីកន្លែងនេះ ដោយមាន​សំបុត្រមកជាមួយរៀងខ្លួនដែរ។

Moon Bin និង Sanha
សំបុត្ររបស់ Sanha

សំបុត្ររបស់ Sanha៖ «បងប្រុស! បងសុខសប្បាយទេ? ខ្ញុំនឹកបងខ្លាំងណាស់...ខ្ញុំនៅតែឃើញមុខបងនៅនឹងភ្នែកគ្រប់ពេល។ ខ្ញុំ​ដឹង​ថា បើខ្ញុំធ្វើចរិតបែបហ្នឹង បងនឹងស្ដីឲ្យខ្ញុំមិនខាន ប៉ុន្តែសូមបណ្ដោយឲ្យទៅតាមហ្នឹងទៅ! ដូចបងនិយាយអ៊ីចឹង ខ្ញុំ​នឹង​ធ្វើខ្លួនឯងឲ្យសប្បាយៗ ខ្ញុំសន្យា! ខ្ញុំស្រឡាញ់បងខ្លាំងណាស់ ស្រឡាញ់មែនទែន»។

Moon Bin និង Cha Eun Woo
សំបុត្ររបស់ Cha Eun Woo

សំបុត្ររបស់ Cha Eun Woo៖ «Bin ហា៎! យប់ហើយ ហើយបងពិតជានឹកឯងណាស់ អាប្អូនអាក្រក់! បងគេងអត់លក់ទេ អ៊ីចឹងហើយបងក៏បាន​មក​ទីនេះជាមួយនឹង Sanha ពេល​ដើរចេញមកក្រៅ។ ប្អូនគេងបាន​លក់ស្រួលអត់? ហេតុអ្វីពេល​នេះ​បងមានអារម្មណ៍នឹកស្រណោះ និងសោកស្ដាយរឿងមួយចំនួនដែល​បងធ្វើជាមួយឯង? មិនថាសូម្បីតែរឿងតូចតាច...សូមប្អូននៅទីនោះ មានតែរឿងសប្បាយឲ្យច្រើនៗណា៎។ បងនឹងទទួលខុសត្រូវរឿងគ្រប់យ៉ាង​ដែលប្អូនបន្សល់ទុកនៅទីនេះ ដូច្នេះកុំបារម្ភខ្លាំងអីណា៎! ប្អូនខំ​ប្រឹងខ្លាំងហើយ និងធ្វើបាន​ល្អណាស់! បងស្រឡាញ់ប្អូន ហើយក៏សុំទោសដែរ សម្លាញ់ចិត្តរបស់បង -Dongmin.Eunwoo»។

សំបុត្ររបស់ Mingyu៖ «Bin ហា៎! សួស្ដី! អរគុណដែលនាំបងមកដល់ក្រុមហ៊ុនរបស់ឯង! អនុស្សាវរីយ៍ដ៏ធំបំផុតសម្រាប់បង គឺពេល​យើងនិយាយលេងជាមួយគ្នា រហូតដល់ព្រឹក! តើឯងនៅចាំទេ? ជូនសម្រាប់ប្អូន​ ដែលគិតច្រើន៊​និងខ្វល់ច្រើន អ្វីដែលបងអាច​និយាយបាន​គឺ...គ្មាន Idol ណាដែលល្អគ្រប់យ៉ាង​ដូចប្អូនទេ...បងចង់និយាយអ៊ីចឹង! បងនឹងខំប្រឹងបន្ថែមឲ្យកាន់តែខ្លាំងណា៎!!! កុំឈឺណា៎ ហើយញញឹម​ឲ្យបាន​ច្រើនៗ! បងសុំទោស...ប្អូនខំប្រឹងហើយ ប្អូនធ្វើបាន​ល្អហើយ មិត្តល្អរបស់បង! នៅពេល​យើងជួបគ្នាលើកក្រោយ បងនឹងទិញស៊ុបប្រហិត និង ស្រា Soju ឲ្យញ៉ាំណា៎! សូម Cheer គាំទ្រសមាជិកក្រុមរបស់ប្អូនទាំងអស់ពីចម្ងាយផងណា៎! ហើយបទដែលបងស្រឡាញ់គឺ Let’s Be Happy, My Friend»។

សំបុត្ររបស់ Mingyu
Mingyu

Moon Bin បាន​លាចាកលោកកាលពីថ្ងៃទី ១៩ ខែមេសា នៅពេល​ដែល​លោកត្រូវបាន​គេប្រទះឃើញថា​បានស្លាប់ នៅក្នុងអគារស្នាក់នៅផ្ទាល់ខ្លួន នៅវេលាម៉ោង ៨:១០នាទីយប់។ ពិធីបុណ្យសពរបស់ Moon Bin ក៏ត្រូវបាន​រៀបចំ​បែបស្ងប់ស្ងាត់ តាមការស្នើសុំរបស់ក្រុមគ្រួសារ។ សម្រាប់ Fantagio ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ Moon Bin និង ASTRO ក៏បាន​រៀបចំទីតាំងគោរពវិញញ្ញាណក្ខន្ធ សម្រាប់អ្នកគាំទ្រទាំងឡាយមានឱកាសក្នុងការសម្ដែងការគោរពចំពោះ Idol រូបនេះ៕

Moon Bin
ទិតាំងគោរពវិញ្ញាណក្ខន្ធ

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី