• 2023-05-03 04:45:32
  • ព័ត៌មាន

ម៉ម សំនៀង យក​ក្ដី​ស្រឡាញ់​មាន​តាំង​ពី​កុមារភាព មក​ធ្វើ​បទ​ថ្មី​ចេញ​ថ្មីៗ​នេះ!

  • 2023-05-03 04:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ម៉ម សំនៀង តារា​ចម្រៀង​ឯករាជ្យ និង​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​អន្តរជាតិ​នៅ​ទូរទស្សន៍​បាយ័ន បាន​បញ្ចេញ​បទ​ថ្មី​មួយ​ទៀត​ថ្មី​ៗ​នេះ ដោយ​យក​ក្ដី​ស្រឡាញ់​តាំង​ពី​កុមារភាព​យក​មក​រំលេច​ក្នុង​ស្នាដៃថ្មី​នេះ។

បទ​ចម្រៀង​មាន​ចំណង​ជើង​ថា "ចួបស្នេហ៍ Rock and Roll” ជាចង្វាក់ Rock and Roll ដែលត្រូវបានបញ្ចេញជាផ្លូវការ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣។ សំនៀង បញ្ជាក់​ថា នេះ​ជាស្នាដៃនិពន្ធថ្មីទាំងស្រុងរបស់​លោក ទាំងទំនុកច្រៀង ទំនុកភ្លេង និងការបញ្ចូល ឧបករណ៍តន្ត្រីទាំងអស់ក្នុងបទនេះ។ ហើយ​វា​ជា​ស្នាដៃ​និពន្ធ​ថ្មី​ទី៥របស់​លោក​បន្ទាប់ ១.អូនឧកញ៉ាតី ២.ស្ទឹងស្នេហ៍ (ព្រែកកំពត) ៣.ផ្ញើចម្រៀងជូនពុក ៤.អូនជាគ្រូពេទ្យ។

ចំពោះ​បទ​ទី​៥​នេះ លោក​ប្រាប់​ទៀត​ថា លោក​មាន​អនុស្សាវរីយ៍​ជ្រាលជ្រៅជាមួយ​ចង្វាក់​នេះ​តាំង​ពី​នៅ​តូច​ៗ។ ដូច្នេះហើយ ទើប​លោក​សម្រេច​ផលិត​បទ​ចម្រៀង​ចង្វាក់​នេះ​ឡើង​មក។ "បទនេះកើតចេញពីក្តីស្រឡាញ់របស់ខ្ញុំតាំងពីកុមារភាព ចំពោះចង្វាក់បែប Rock and Roll ដែលខ្ញុំធ្លាប់ឃើញ ប៉ា របស់ខ្ញុំ ម៉ម វុទ្ធី ជាតន្ត្រីករ ជំនាន់ចាស់ សម្តែងជាមួយក្រុមរបស់គាត់។ ខ្ញុំបាទក៏សូមឧទ្ទិស បទនេះដល់ប៉ារបស់ខ្ញុំដែលលោកបានចែកឋានទៅហើយ ទាំងមិនបានឃើញ កូនៗ កំពុងបន្តនូវអ្វីដែលលោកធ្លាប់ស្រឡាញ់"។

ជាមួយ​គ្នា​លោក ម៉ម សំនៀង សូមគោរពអគុណយ៉ាងខ្លាំងចំពោះការគាំទ្រកន្លងមកពីពុកម៉ែបងប្អូន និង អគុណសម្រាប់ការង់ចាំស្នាដៃថ្មីរបស់​លោក។ "សូមគោរពផ្ញើជូនពុកម៉ែបងប្អូនជនរួមជាតិខ្មែរ ទាំងអស់ស្តាប់កម្សាន្ត" ម្ចាស់​ក្រុម​ពិធីការ សំនៀងតន្ត្រី Entertainment ថ្លែង៕

អត្ថបទ៖ ទារិកា

មតិយោបល់