• 2023-05-05 02:31:03
  • ព័ត៌មាន

អ៊ឹម ផល្លា សម្រក់ទឹកភ្នែកនៅចំពោះមុខមហាជនពេលនឹកឃើញកូនស្រីរត់ចងក

  • 2023-05-05 02:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីវ័យជាង ៦០ឆ្នាំ អ៊ឹម ផល្លា នៅតែទទួលបានប្រជាប្រិយភាពខ្លាំងក្នុងអាជីពសម្ដែង ហើយក្រុមហ៊ុន និងផលិតកម្មនានាក៏នៅតែបន្ដអញ្ជើញរូបគាត់ឲ្យទៅសម្ដែងក្នុងខ្សែភាពយន្ដរបស់គេជាហូហែ។ ថ្មីៗនេះ លោកស្រី អ៊ឹម ផល្លា បានទម្លាយបញ្ហាក្នុងគ្រួសារមួយទៀត ធ្វើឲ្យគេឯងភ្ញាក់ផ្អើល ចង់ស្រក់ទឹកភ្នែកតាម។

ក្នុងឱកាសសម្ពោធខ្សែភាពយន្ដ រឿង”ថ្នាក់ទី១២ ង” របស់ផលិតកម្ម អិល ឌី កាលពីពេលថ្មីៗ នៅផ្សារទំនើបខេម៉ល លោកស្រី អ៊ឹម ផល្លា និយាយថា ក្នុងពេលដែលគាត់ថតរឿងថ្នាក់ទី១២ ង នោះ គឺសាច់រឿងមួយចំនួនបានត្រូវទៅនឹងរឿងពិតក្នុងគ្រួសាររបស់គាត់កំពុងជួប។ នោះ គឺរឿងកូនស្រីពៅរបស់គាត់មានវិបត្ដិផ្លូវចិត្ដធ្ងន់ធ្ងរ ហើយរត់ទៅចងកក្នុង១ថ្ងៃពីរបីដង ធ្វើឲ្យលោកស្រីខ្វល់ចិត្ដយ៉ាងខ្លាំង។

ទោះជាយ៉ាងណាលោកស្រី មិនបានបញ្ជាក់ពីមូលហេតុ និងស្ថានភាពជំងឺរបស់កូនស្រីពៅរបស់គាត់នៅពេលនេះយ៉ាងណាហើយទេ។ ប៉ុន្ដែលោកស្រីបង្ហើបថា រាល់ថ្ងៃនេះគាត់ខិតខំសម្ដែង ដើម្បីបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈដែលរូបគាត់ត្រូវរវល់មើលថែ និងឃ្លាំមើលកូនស្រីរហូតក្លាចក្រែងមានបញ្ហាទៅថ្ងៃក្រោយ។

លោកស្រី អ៊ឹម ផល្លា ដែលបច្ចុប្បន្នមានពិការឆ្អឹងខ្នងផងនោះ បានសម្រក់ទឹកភ្នែកនៅចំពោះសិល្បករ-សិល្បការិនី ផលិតករ និងភ្ញៀវកិត្ដិយសជាច្រើននាក់ ពេលអ្នករៀបចំកម្មវិធីសម្ពោធខ្សែភាពយន្ដរឿង “ថ្នាក់ទី១២ ង” ឲ្យតួសម្ដែងទាំងអស់ឡើងបង្ហាញចំណាប់អារម្មណ៍។ និយាយមិនទាន់បានប៉ុន្មានម៉ាត់ផង ស្រាប់តែអួលដើមក ស្រក់ទឹកភ្នែក ធ្វើឲ្យគ្រប់គ្នាកំពុងសម្លឹងមើលលោកស្រី ស្ទើរតែស្រក់ទឹកភ្នែកតាម៕

ជិន សុភ័ក្ដ្រ

មតិយោបល់