• 2023-06-03 05:12:22
  • ព័ត៌មាន

បុណ្យប្រាយ ស្ដែងចេញពីក្ដីស្រឡាញ់ចម្រុះពណ៌នៃសហគមន៍ LGBTIQ+ នៅកម្ពុជា

  • 2023-06-03 05:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ក្ដីស្រឡាញ់" ដែលមិនមែនជាក្ដីស្រឡាញ់ធម្មតា តែវាជា "ក្ដីស្រឡាញ់ចម្រុះពណ៌" ជាក្ដីស្រឡាញ់ ដែល ពុំមានរនាំង ឬលក្ខខណ្ឌអ្វីមកកំណត់ឡើយ។

តាមរយៈការចូលរួមនៃអ្នកគាំទ្រសហគមន៍ LGBTIQ+ ដោយរៀបចំអង្គការមោទកភាព (Pride Cambodia) បុណ្យប្រ៉ាយ (PRIDE FEST Cambodia) ដែលធ្វើឡើងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ 2023 បានបង្ហាញថានៅកម្ពុជា មានការបើកទូលាយនៃសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ឈានទៅរកការលុបបំបាត់ការបៀតបៀន និងរើសអើងអ្នកស្រលាញ់ភេទដូចគ្នា។

សប្ដាហ៍ បុណ្យប្រ៉ាយ (Pride Week) ត្រូវបានប្រព្រឹត្តិឡើងតាំងពីថ្ងៃទី ២៧ ខែឧសភា រហូតដល់ថ្ងៃទី ៤ ខែមិថុនា ដោយមានអ្នកគាំទ្រ វត្តមានសិល្បករ-សិល្បការនី អ្នកតស៊ូមតិចូលរួមអបអរ និងសកម្មភាពកម្សាន្តប្លែកៗជារៀងរាល់ថ្ងៃ។

បុណ្យប្រ៉ាយ រួមមានការប្រកួតបាល់ទះដោយក្រុមកីឡាករមកពីថៃ ហ្វីលីពីន ម៉ាឡេស៊ី និងកម្ពុជា។ នៅមានកម្មវិធីកម្សាន្តផ្សេងទៀតដូចជាទស្សនីភាពបញ្ចាំងខ្សែភាពយន្ត ដើរម៉ូដ ប្រណាំងរ៉ឺម៉ក ពិធីជួបជុំជប់លៀង Pool Party រាត្រីសមោសរ Gala Dinner ដែលជាជំនួបអ្នកដឹកនាំសហគមន៍ LGBTQ+ នៅទ្វីបអាស៊ី ព្រមទាំងការសម្ដែងសិល្បៈជាច្រើនទម្រង់។

កម្មវិធីក៏មានការប្រកួតរាជនីប្រ៉ាយ ជាកម្មវិធីដែលជំរុញឱ្យស្គាល់នឹងយល់ដឹងពី រាជនីឌ្រេក ដែលមានដូចជាការផាត់មុខ នឹងការរៀបចំតុបតែងខ្លួនដោយខ្លួនឯងក្នុងភាពច្នៃប្រតិដ្ឋបែបសិល្បៈ នឹងបង្ហាញពីអារម្មណ៍ខ្លួនតាមរយៈការតុបតែងរបស់គាត់ផ្ទាល់។

អង្គការមោទកភាពកម្ពុជាត្រូវបានបង្កើតឡើងដោយមានបេសកកម្មការចែករំលែកដំណឹងល្អ លើកកម្ពស់សហគមន៍ LGBTQ តាមរយៈសិល្បៈ និងការតស៊ូមតិ គោរពអតីតកាល តស៊ូដើម្បីអនាគតដ៏ល្អប្រសើរ និងអបអរសាទរជោគជ័យរួមរបស់សហគមន៍ចម្រុះពណ៌មួយនេះ។

Pride Fest គឺការប្រារព្ធពិធីនៃសហគមន៍ LGBTQIA+ ដ៏ធំបំផុតនៅក្នុងប្រទេស ។ អ្នកដឹកនាំសហគមន៍ និងអ្នករៀបចំព្រឹត្តិការណ៍ លោក Bong Nack បានបង្កើតគំនិតធ្វើកម្មវិធី LGBTQ+ Pride Fest ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងខែមិថុនា ឆ្នាំ 2022 ដើម្បីលើកកម្ពស់ការយល់ដឹង និងអបអរសាទរអត្តសញ្ញាណចម្រុះនៃសហគមន៍ LGBTQ+ ។ តាមរយៈព្រឹត្តិការណ៍នេះ លោកបានបើកដំណើរការអង្គការមិនរកប្រាក់ចំណេញ អង្គការ Pride Cambodia ដែលជាគំនិតផ្តួចផ្តើមមួយក្នុងគោលបំណងដោះស្រាយបញ្ហាសង្គមដែលកំពុងប្រឈមមុខនឹងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា។

រីឯ Pros Nix ជាស្ថាបនិកនៃយុទ្ធនាការ LGBTQ+ ដ៏ល្បី “ខ្ញុំជាអ្វីដែលខ្ញុំ” និងជាដៃគូគ្រប់គ្រងរបស់ KOUPREY ក៏ ជាអ្នកតស៊ូមតិសម្រាប់សហគមន៍ LGBTQ+ នៅកម្ពុជា។ តាមរយៈព្រឹត្តិការណ៍នេះ លោកសង្ឃឹមថានឹងមានការប្រមូលផ្តុំមនុស្សមកពីទូទាំងប្រទេសដើម្បីអបអរសាទរសេចក្តីស្រឡាញ់ និងការទទួលយកក្នុងចំណោមសហគមន៍ដ៏ស្រស់ស្អាតនេះ។

ចូលរួមទាំងអស់គ្នា លុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងគាំទ្រឲ្យពួកគេមានភាពជាខ្លួនឯង ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ដោយគ្មានសម្ពាធពីសង្គម ឬមជ្ឈដ្ឋានណាមួយ។

សូមស្វែងរកកាលវិភាគសម្រាប់ Pride Week នៅទំព័រហ្វេសប៊ុក មោទកភាព - Pride Cambodia

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី