• 2023-06-05 02:05:37
  • ព័ត៌មាន

វង្ស ថាណាន់ ពោល​យ៉ាង​កម្សត់ ក្រោយ​ពី​ឡាន​តែ​១​គត់​សម្រាប់​ជិះរាល់​ថ្ងៃ ត្រូវ​ខូចខាត​ខ្ទេច​ខ្ទី​អស់

  • 2023-06-05 02:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារាចម្រៀង​ផលិតកម្ម Galaxy Navatra វង្ស ថាណាន់ បាន​ពោល​ពាក្យ​យ៉ាង​កម្សត់ ក្រោយ​ភ្លាត់​ជួប​គ្រោះ​នឹក​ស្មាន​មិន​កាល​ពីសប្ដាហ៍​ ដោយ​ក្នុង​នោះ ខ្លួន​ឯង​រងគ្រោះ​បាក់​ភ្លៅ​ខាង​ស្ដាំ ដោយ​ឡែក​រថយន្ត​ដែល​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​តែ​១គត់​នោះ ក៏​បាន​រងការ​ខូចខាត​ឡើង​ខ្ទេច​មួយ​កំណាត់​មុខ។

ក្រោយ​ហេតុការណ៍​អាក្រក់​នេះ វង្ស ថាណាន់ នឹង​ត្រូវ​ជួប​ប្រទះ​​រឿង​ជា​ច្រើន​ ក្នុង​នោះ​ក្រៅ​ពី​​ខ្លួន​ឯង​ដែល​មិន​ដឹង​ថា បន្ទាប់​ពី​ព្យាបាល​របួស​បាក់​ភ្លៅ​រួច តើ​អាច​ដើរ​ត្រង់​ដូច​ដើម​ឬ​អត់​នោះ គឺ​លោក​នៅ​ប្រឈម​នឹង​វិបត្តិ​ថវិកា​ថែម​ទៀត ព្រោះ​ថា ពី​ពេល​នេះ​ទៅ គឺ​មាន​តែ​ចំណាយ​អត់​ចំណូល។

វង្ស ថាណាន់ ថ្លែង​ប្រាប់​សារព័ត៌មាន​ថា ពី​ពេល​នេះ​ទៅ គឺ​ត្រូវ​ចំណាយ​លើ​ការ​ព្យាបាល​រយៈ​ពេល​យូរ​អាច​ដល់​រាប់​ខែ ហើយ​ងាក​ទៅ​ការងារ​សិល្បៈ​ក៏​ត្រូវ​ផ្អាក ថែម​ទៀត​ក្នុង​កំឡុង​ពេល​នៃ​ការ​ព្យាបាល ដែល​ធ្វើ​ឲ្យ​លោក​បាត់​ចំណូល​ទាំង​ស្រុង​ពី​ការងារ​ខាង​ក្រៅ​ផលិតកម្ម។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង តារា​ចម្រៀង​មាន​ប្រវត្តិ​កម្សត់​រូប​នេះ ប្រាប់​ថា អំពី​រឿង​រថយន្ត ដែល​ជា​មធ្យោបាយតែ​មួយ​គត់របស់​លោក​សម្រាប់​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទិស​ទី​ប្រកប​កិច្ចការងារ​នោះ ត្រូវ​ខូចខាត​ស្ទើរ​តែ​កែ​លែង​កើត​ទៅ​ហើយ​នោះ។ ស្ថានភាព​នេះ លោក​ថា​ មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ថា បើ​សម្រេច​ថា​ជួសជុល គឺ​ត្រូវ​ចំណាយ​រាប់​ពាន់ ហើយ​បើ​លក់​បាន​ថោក​ពេក។

លោក ថាណាន់ ថ្លែង "បាទបង គេថាបើធ្វើប្រហែលអស់ចន្លោះ4ទៅ5ពាន់ដុល្លារបើលក់តែម្តង បានថោកណាស់បង...មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ទេ...មាន​តែ​ចាំ​មើល​ជាក់​ស្ដែង​លើ​ថវិកា​សិន​បង!”។

វង្ស ថាណាន់ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​កាល​ពី​សប្ដាហ៍​មុន។ ហេតុការណ៍​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​វិល​ត្រឡប់​ពី​ការ​ចម្រៀង​ខុនសឺត​នៅ​ប៉ោយប៉ែត។ ក្នុង​ដំណើរ​វិលត្រឡប់​នេះ ខណៈ​ជិត​ដល់​ក្រុង​ភ្នំពេញ​ទៅ​ហើយ ដោយសារ​អ្នក​បើក​បរងងុយគេង និង​ងោគ​តែ​មួយ​ភ្លែត ធ្វើ​ឲ្យ​​រថយន្ត​របស់​លោក​ បាន​ទៅ​បុក​ជាមួយ​រថយន្ត​ធំ​មួយ​គ្រឿង​ដែល​ឈប់​លើ​ផ្លូវ​នៅ​ក្នុង​ទឹក​ដី​ខណ្ឌ​ព្រែក​ព្នៅ។ ក្រោយ​ហេតុការណ៍ ថាណាន់ រងរបួស​បាក់​​ភ្លៅ​ខាង​ស្ដាំ ដោយ​ឡែក​តៃកុងដែល​ជា​បង​ប្រុស​របស់​លោក បាន​របួស​ស្រាល។

លោក​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ហើយ​នៅ​អំឡុង​ពេល​សម្រាកព្យាបាល លោក​ទទួល​បាន​ការ​ឈឺ​ឆ្អាល​ពី​មេកើយ និង​មិត្ត​សិល្បៈ​ជា​ច្រើន ក្នុង​នោះ អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ថៅកែ​របស់​លោក​បាន​ជួយ​ឧបត្ថម្ភ​ចំនួន ៥ពាន់​ដុល្លារ និង​តារា​ចម្រៀង​រួម​ទ្រនំ Galaxy មាន​លោក ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា​ជាដើម បូក​រួម​មិត្តភ្តិ​ផ្សេង​ទៀត ក៏​បាន​ជួយ​ឧបត្ថម្ភ​រៀង​ៗ​ខ្លួន​ដែរ។

ថវិកា​ពី​ការ​ជួយ​របស់​អ្នក​​ទាំង​គ្នា​ខាង​លើ គឺ​ទុក​ប្រើ​សម្រាប់​ការ​ព្យាបាល​ដែល​អាច​ស៊ី​ពេល​អស់​រាប់​ខែ។ ដោយ​ឡែក​រឿង​ផ្សេង​ទៀត ដូច​ជា​រឿង​រថយន្ត​ជា​ដើម លោក​ប្រាប់​​ថា គិត​ត្រឹម​ពេល​នេះ លោក​ទាន់​ដឹង​​ថា​ត្រូវ​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់