• 2023-06-23 04:58:44
  • ព័ត៌មាន

មតិបុគ្គលលេចធ្លោក្នុងសង្គមពីររូប គួរពិចារណាជុំវិញរឿងរ៉ាវ បឺត សំរេច ជាប់សាច់ឈាម​ ស៊ីន ស៊ីសាមុត

  • 2023-06-23 04:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយទម្លាយចេញរឿងក្នុងចិត្ដរបស់អតីតកីឡាករប្រដាល់ បឺត សំរេច ថារូបលោកជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ធ្វើឲ្យមានអ្នកខ្លះជឿ និងខ្លះទៀតមិនជឿ រហូតឈានដល់ការជំរុញឲ្យលោកធ្វើតេស្ដDNA ទៀតផង។

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ គេឃើញបុគ្គលល្បីឈ្មោះលើបណ្ដាញសង្គមពីររូប បានផ្ដល់មតិគួរពិចារណា ដោយពួកគេមិនបានវិនិច្ឆ័យ ឬវែកញែករកការពិតនោះទេ។

ផ្ដើមពីរដ្ឋលេខាធិការក្រសួងព័ត៌មាន ជុំ កុសល។ លោក បានប្រើគណនីហ្វេសប៊ុករបស់ខ្លួនបញ្ចេញមតិថា លោកជឿថារឿងអាថ៌កំបាំងរបស់លោក ស៊ីន ស៊ីសាមុត គ្មាននរណាម្នាក់ដឹងអស់ក្រៅពីខ្លួនលោកទេ ហើយរឿងទាំងនោះក៏បានស្លាប់ទៅជាមួយគាត់អស់ហើយ។ បើទោះបីជាមានអ្នកចេញមកអះអាងថាធ្លាប់ជាមិត្តស្និទ្ធស្នាលជាមួយលោកក៏មិនអាចដឹងបានដែរ។

លោកបន្ថែមថា ឯករណីលោក បឺត សំរេច មិនគួរត្រូវបានទទួលការស្តីសន្ទោសទេ ព្រោះគាត់គ្រាន់តែបានដឹងរឿងរ៉ាវតាមតែម្តាយចិញ្ចឹមនិយាយប្រាប់តែប៉ុណ្ណោះ។ កត្តាសំខាន់ ប្រសិនបើយល់ថា គាត់មានសំឡេងច្រៀងល្អ សូមជួយផ្តល់កម្លាំងចិត្តគាត់ ដើម្បីឲ្យគាត់ខិតខំអភិវឌ្ឍសមត្ថភាពឈានទៅទទួលបានជោគជ័យលើវិស័យចម្រៀងរបស់គាត់។ សម្រាប់លោកផ្ទាល់ ពិតជាគាំទ្រសំឡេងរបស់គាត់ ដែលអាចច្រៀងបទលោកស៊ីន ស៊ីសាមុតបាន និងពីរោះម្យ៉ាងម្នាក់។ លោកក៏ស្នើឲ្យលោក បឺត សំរេច ខិតខំហាត់បន្ថែមទៀត ដើម្បីឲ្យកាន់តែបានល្អប្រសើរឡើង។

រីឯពិធីការិនីផ្នែកព័ត៌មានរបស់ស្ថានីទូរទស្សន៍ហង្សមាស មុត ស្រីនាង និយាយថា បន្ទោសប្រពន្ធលោកតាស៊ីន ស៊ីសាមុត ក៏មិនត្រូវទេ។ ទឹកចិត្តប្រពន្ធ ទទួលយកមិនបានទេ កាលបើប្ដីសម្បូរស្រី សម្បូរកូនគ្រប់ទិសទី គ្រាំគ្រារាប់ឆ្នាំមិនអស់ចិត្តជីវិតចុងក្រោយ រកឃើញថាប្តីបានក្បត់ចិត្តទៅមានកូនម្នាក់ផ្សេងទៀត។

ក្រៅពីបុគ្គលលេចធ្លោរក្នុងសង្គមទាំងពីររូបនេះ ក៏បានប្រើបណ្ដាញសង្គម ដើម្បីជជែកគ្នា ឬបញ្ចេញមតិជុំវិញការនិយាយរបស់លោក បឺត សំរេច ថាលោកជាកូនបង្កើតរបស់លោក ស៊ីន ស៊ីសាមុត។ បន្ទាប់ពីព័ត៌មាននេះផ្ទុះឡើង ក៏មានអ្នកសិល្បៈ ព្រមទាំងសារព័ត៌មានមួយចំនួនក៏បានទៅជួបសម្ភាសន៍លោក បឺត សំរេច និងម្ដាយចិញ្ចឹមរបស់លោកដល់ស្រុកកំណើត នាខេត្ដកំពង់ឆ្នាំងតែម្ដង ប៉ុន្ដែគិតមកដល់ពេលនេះ ការពិត វាស្ថិតនៅតែជាការអះអាង ឬការនិយាយតគ្នានៅឡើយ ខណៈដែលប្រិយមិត្ដខ្លះចង់ឲ្យលោក បឺត សំរេច តេស្ដ DNA៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី