• 2023-07-18 06:54:06
  • ព័ត៌មាន

វីជេ ដាដា ប្រកាសបញ្ចាប់ជម្លោះជាមួយ អ៊ិន សុភិន ក្រោយទូទាត់ប្រាក់ជំពាក់រួច

  • 2023-07-18 06:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយថ្ងៃ បន្ទាប់ពីប្រកាសឲ្យអគ្គនាយកក្រុមហ៊ុន មហាហង្ស គឺលោក អ៊ិន សុភិន ចូលខ្លួនដោះស្រាយប្រាក់ជំពាក់ប្រមាណ ១០០០ដុល្លារ ស្រាប់តែនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ វីជេ ដាដា បានបញ្ជាក់ថា បញ្ហារវាងលោក និងលោក អ៊ិន សុភិន បានបញ្ចប់ហើយ ហើយបំណុលក៏ទូទាត់រួចអស់ហើយដែរ។

តាមរយៈវីដេអូខ្លីមួយលើបណ្ដាញសង្គមមុនដែល វីជេ ដាដា ចេញទៅដំណើរទៅខេត្ដដើម្បីបំពេញការងារ ឲ្យដឹងថា ខាងគណនីរបស់ក្រុមហ៊ុនលោក អ៊ិន សុភិន បានទូទាត់លុយថ្លៃឈ្នួលធ្វើជាពិធីករក្នុងកម្មវិធីមួយកាលពីខែមុន តាមរយៈធនាគារ ABA រួចហើយនៅម៉ោងជាង ១០ព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ។

វីជេ ដាដា សម្រេចលុបវីដេអូចាស់ គឺវីដេអូដែលលោកបង្ហោះកាលពីថ្ងៃម្សិលមិញឲ្យលោក អ៊ិន សុភិន ចូលខ្លួនដោះស្រាយរឿងបំណុលនោះចេញវិញ។ ដោយឡែកវីដេអូដែលលោកទើបចេញបញ្ជាក់ថា លោក អ៊ិន សុភិន បានទូទាត់ប្រាក់សងលោកនេះ លោកនឹងមិនលុបចេញទេ ព្រោះដើម្បីបញ្ជាក់ថា ចាប់ពីបេលនេះទៅរវាងលោក និងលោក អ៊ិន សុភិន លែងជាប់ពាក់ព័ន្ធ ឬមានបញ្ហាអ្វីជាមួយគ្នាទៀតហើយ ដោយការងារលោក គឺលោកធ្វើ រីឯការងារ អ៊ិន សុភិន គឺអ៊ិន សុភិន ជាអ្នកធ្វើ។

ក្រោយពីបញ្ជាក់ពីការទូទាត់នេះ ក៏មានអ្នកគាំទ្រលោកមួយចំនួន បានសម្ដែងការត្រេកអរ និងខ្លះទៀតចង់ឃើញលោក អ៊ិន សុភិន ទូទាត់ប្រាក់ឲ្យអ្នកដទៃទៀតដែលលោកធ្លាប់ជំពាក់ ឬមានបញ្ហាជាមួយ។ ដូចជាករណី ពិធីករ សុខ រ៉ាស៊ី ក៏មានរឿងស្រដៀងគ្នានេះដែរ ប៉ុន្ដែក្ដីក្ដាំរវាងលោក សុខ រ៉ាស៊ី និងលោក អ៊ិន សុភិន បានឡើងដល់តុលាការហើយ ហើយគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ នេះ ពិធីករ សុខ រ៉ាស៊ី បញ្ជាក់ថា មិនទាន់ទទួលបានពន្លឺ នៃការដោះស្រាយនៅឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់