• 2023-07-28 03:18:14
  • ព័ត៌មាន

ថ្ងៃ​បើក និង​បំពាក់ឈៀង Miss Universe អ៊ិន សុភិន ត្រៀម​ពាក់មក្កុដតម្លៃជាង ២០ម៉ឺន ជូនម្ចាស់ជយលាភី

  • 2023-07-28 03:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ជាង ​២ម៉ោង នៃ​កម្មវិធី​បើក និង​បំពាក់ឈៀងផ្លូវការ​ដល់​បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២៣ កាល​ពី​យប់​ថ្ងៃ​ទី២៧ ខែ​កក្កដា បាន​ធ្វើ​ឲ្យ​មហាជន​ដែល​ទស្សនា​តាម​រយៈ​ការ​Live និង​ទស្សនា​ដោយ​ផ្ទាល់​នៅ​ស្ទូឌីយោ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ ចាប់​អារម្មណ៍​ខ្លាំង។

Miss Universe Cambodia 2023 បាន​បង្ហាញ​បេក្ខនារី​ចំនួន ៣៥​រូប នៅ​ក្នុង​វគ្គ​បើក​នេះ មុន​ឈាន​ដល់​ការ​ប្រកួត​ជាច្រើន​ជុំ ដើម្បី​រក​ម្ចាស់​ជយលាភី បវរកញ្ញាចក្រវាឡឆ្នាំ​២០២៣។ អនាគត​ម្ចាស់ជយលាភី នឹង​ទទួល​បាន​ឱកាស​ល្អៗ​លើ​វិស័យ​ម៉ូដែល ជាមួយ​កិតិយស និង​មកុដ​តម្លៃ​ជាង ២០​ម៉ឺនដុល្លារ។

ចាងហ្វាង​ផលិតកម្ម​មហាហង្ស លោក អ៊ិន សុភិន ដែល​ជា​អ្នក​រៀបចំ​កម្មវិធី បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​មុន​កម្មវិធី​ផ្សាយ​បន្ដិច​ថា បេក្ខនារី​ទាំង ៣៥​រូប បាន​ឆ្លង​កាត់​វគ្គសម្ភាសន៍ និង​វគ្គ​ជម្រុះ​ជាច្រើន​ទៀត​ពោល​គឺ​តាំង​ពី​បេក្ខនារី​រាប់​ពាន់​នាក់ មក​នៅ​ត្រឹម ៣៥​នាក់ ដែល​កម្មវិធី​ចាត់ទុក​ជា​បេក្ខនារី​ផ្លូវការ​តំណាង​ចេញ​មក​ពី​ខេត្ដ​ក្រុង​នានា នៃ​ប្រទេស​កម្ពុជា។

បើ​តាម​លោក អ៊ិន សុភិន បើ​ទោះ​បី​ជា​នេះ ជា​កម្មវិធី​ប្រឡង​ថ្នាក់​ជាតិ ប៉ុន្ដែ​វា​ឱកាស​មាស​សម្រាប់​បេក្ខនារី​បង្ហាញ​សមត្ថភាព​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​កាន់​បុគ្គលិក ឬ​បវរកញ្ញា​កុងត្រា​ប្រចាំ​មហាហង្ស ហើយ​ឈាន​ទៅ​គ្រង​មកុដ​ដ៏ស្រស់​ស្អាត​ដែល​រចនា​ឡើង​តាម​រចនា​បទ​ប្រាសាទ​បន្ទាយ​ស្រី​របស់​ខ្មែរ​ដ៏​ល្អ​ឯក។

លោក អ៊ិន សុភិន៖ "កម្មវិធី​នេះ​ខ្ញុំ​បាន​ទិញ​ពី​ក្រុមហ៊ុន​ធំ ដើម្បី​មក​ធ្វើ​នៅ​ស្រុក​យើង ដោយ​មាន​ការ​សហការ​ជាមួយ​បាយ័ន ហើយ​ខ្ញុំ​សូម​ប្រកាស​ថា មកុដ ដែល​រចនា​ឡើង​យ៉ាង​ប្រណីត​មាន​តម្លៃ​មិន​ក្រោម ២០​ម៉ឺន​ដុល្លារ កំពុង​រង់ចាំ​ពួកគាត់(បេក្ខនារី)ហើយ ដូច្នេះ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​គាត់​ត្រូវ​ខំប្រឹង​ឲ្យមែន​ទែន"។

ក្នុង​ចំណោម​បេក្ខនារី​ទាំង ៣៥​រូប ក៏​មាន​បេក្ខនារី​ដែល​ជា​ភេទទី៣ ចូល​រួម​ប្រកួត​ចំនួន ៣​រូប​ផង​ដែរ។ កម្មវិធី នឹង​រៀបចំ​កាល​វិភាគ និង​ដាក់​វិញ្ញាសារ​ប្រកួត​ឈុត​ធំៗ​ដូច​ជា៖ បង្ហាញ​ឈុត​តំណាង​ជាតិ និង​ឈុត​ហែល​ទឹក​ជា​ដើម ចាប់​ពី​ថ្ងៃ​ទី២៤ ខែ​សីហា រហូត​ដល់​វគ្គ​ប្រកួត​ផ្ដាច់​ព្រ័ត្រ ដើម្បី​បង្ហាញ​មុខ​ម្ចាស់​មកុដ​ពិត​ប្រាកដ នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ខាង​មុខ៕

ជិន សុភ័ក្ដ្រ

មតិយោបល់