• 2023-08-07 02:43:22
  • ព័ត៌មាន

ភរិយាចេញពីពេទ្យថ្ងៃនេះ នាយពាក់មី ប្រកាសថា ដកពាក្យបណ្ដឹង ក្រោយទទួលសំណងពី S88 Beauty

  • 2023-08-07 02:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីសម្រាក និងសង្គ្រោះបន្ទាន់លើអាការៈប្រតិកម្មថ្នាំ ឬសេរ៉ូមសាច់ស្អាតរបស់មជ្ឃមណ្ឌលកែសម្ផស្ស S88 Beauty នៅមន្ទីរពេទ្យកាល់ម៉ែតជិត ១សប្ដាហ៍ ភរិយារបស់នាយពាក់មី ត្រូវបានគ្រូពេទ្យជំនាញអនុញ្ញាតឲ្យចេញទៅផ្ទះ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះហើយ។

បន្ថែមលើដំណឹងដែលនាយពាក់មី ប្រកាសតាមបណ្ដាញសង្គមថា រូបលោក និងភរិយា ទទួលបានសំណងពីម្ចាស់ហាងកែសម្ផស្សរួចហើយ លោកក៏បានបញ្ជាក់តាមរយៈSabay នៅមុននេះបន្ដិចថា សម្រាប់គ្រួសារលោកបានបញ្ចប់បណ្ដឹងរដ្ឋប្បវេណីហើយ ក្រោយពីទទួលបានសំណងពីលោក ទេព ពិសិដ្ឋ ដែលជាម្ចាស់ហាង S88 Beauty ប៉ុន្ដែលោក​បដិសេធមិនបញ្ចេញពីសំណងដែលលោក​ទទួល​បាន​នោះ​ទេ។ រីឯបណ្ដឹងអាជ្ញា​ដែល​ជា​តួនាទីរបស់សមត្ថកិច្ច​នោះ ក៏​លោក​មិន​ដឹង​ថា​គេ​ចាត់ការយ៉ាងណាទៀតដែរ។

នាយពាក់មី៖ “ប្រពន្ធបងស្រួលហើយ…ពេទ្យគេឲ្យចេញរសៀលនេះ ប្រហែលម៉ោង ១២អីហ្នឹង! ពេលចេញទៅគាត់(ភរិយា)ធ្វើការងារលក់ខោអាវរបស់គាត់ធម្មតា ហើយបងធ្វើការងារបងរវល់ចង់ងាប់…អត់ទាន់បានទៅណាទៀតទេ”។

សូមរំលឹកថា ភរិយារបស់តារាកំប្លែង ចែម ចាន់រ៉ា ហៅនាយពាក់មី បានទៅទទួលសេវាម៉ាស្សាមុខ និងបន្ដោកសេរ៉ូមសាច់ស្អាតនៅមជ្ឃមណ្ឌលកែសម្ផស្ស S88 Beauty សាខាផ្សារធំថ្មី កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ស្រាប់តែមានអាការៈវិលមុខ ថប់ទ្រូង និងរាគ ក្រោយពីបន្ដោកសេរ៉ូម។ ពេលមានអាការៈបែបនេះ ក្រុមគ្រួសារ ក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ទន្ទឹមគ្នានោះ ក៏អាជ្ញាធរមានសមត្ថកិច្ចចុះទៅបិទទ្វាររបស់មជ្ឃមណ្ឌលកែសម្ផស្សនោះបណ្ដោះអាសន្ន៕

ជិន សុភ័ក្ដ្រ

មតិយោបល់