• 2023-08-14 03:11:06
  • ព័ត៌មាន

មិត្ដល្អធ្លាប់ថតកុនជាមួយគ្នារាប់ឆ្នាំ ឥឡូវ កែវ កល្យាណ និងអម្ពរ ទេវី បែរជាអន់ចិត្ដជាមួយ យុត្ថារា ឆានី

  • 2023-08-14 03:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវលក់ដីឡូត៍ តែពុំមានដី ឬប្លង់រឹងជូនអតិថិជនរបស់តារាសម្ដែង យុត្ថារា ឆានី បានផ្ទុះឡើងខ្លាំងកាលពីថ្ងៃម្សិលមិញ និងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នេះ។ ក្រៅពីអ្នកគាំទ្រលោក ឆានី ដែលចោទលោកថាលក់ដីខ្យល់ ក៏មានអតីតតារាសម្ដែងស្រី ២រូបទៀតដែរ បានអន់ចិត្ដចំពោះលោក យុត្ថារា ឆានី​ កើតចេញពី​បញ្ហាលក់ដីនេះ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកនាង កែវ កល្យាណ បានចែករំលែកដំណឹងកើតទុក្ខមិនសុខចិត្ដរបស់អតិថិជនម្នាក់ដែលបានទម្លាយរឿងរ៉ាវនេះ ដោយរូបនាង និងមិត្ដ​​ អម្ពរ ទេវី ក៏រងគ្រោះដោយសាររឿងនេះដែរ។ ប៉ុន្ដែបន្ដិចក្រោយមកគេក៏លែងឃើញសារដែលនាងសរសេរនោះ ដោយ​គ្រាន់តែចែករំលែកគណនីហ្វេសប៊ុកឈ្មោះ Seng kim ដែលទម្លាយរឿងអាស្រូវលក់ដីឡូត៍របស់លោក យុត្ថារា ឆានី ដដែល។

មុនសារនេះ ត្រូវបានលុបចេញវិញ អ្នកនាង កែវ កល្យាណ បញ្ជាក់ថា រូបនាងផ្ទាល់បានទិញដីឡូត៍ពីសម្លាញ់ យុត្ថារា ឆានី ដោយបង់ផ្ដាច់ចំនួន ៦ម៉ឺនដុល្លារហើយ ប៉ុន្ដែនៅមិនទាន់បានប្លង់រឹងពុះចែកដីឡូត៍ទៀត។ អ្នកនាង បន្ដថា ដោយយល់ថាធ្លាប់ជាមិត្ដល្អ ហើយធ្លាប់ថតកុនជាមួយគ្នារាប់ឆ្នាំ ទើបទុកចិត្ដ ហើយសង្ឃឹមថា យុត្ថារា ឆានី ដោះស្រាយរឿងនេះសម្រាប់រូបនង និងអម្ពរ ទេវី ផង។

ទោះជាយ៉ាងណា Sabay មិនទាន់អាចទាក់ទងតារាសម្ដែងស្រី កែវ កល្យាណ ដើម្បីសួរបញ្ជាក់ ថាហេតុអ្វីសារដែលអ្នកនាងបង្ហោះទាក់ទងនឹងរឿងលោក យុត្ថារា ឆានី នោះត្រូវបានលុបចេញវិញនោះទេ។ រីឯលោក យុត្ថារា ឆានី វិញ បានឆ្លើយតបយ៉ាងខ្លីតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដែរថា លោកសូមបដិសេធរាល់ការចុះផ្សាយព័ត៌មានមិនពិត។ លោកបន្ថែមថា៖ “ប្រទេសមានច្បាប់ បើយល់ថាខ្ញុំខុស សូមធ្វើតាមច្បាប់រៀងខ្លួន”។

ទាក់ទងបញ្ហានេះមានស្ថាប័នព័ត៌មានមួយចំនួនបានចុះផ្សាយថា លោក យុត្ថារា ឆានី បានលក់ដីខ្យល់ និងមានភាពចម្រូងចម្រាស់រឿងលក់ដីឡូត៏ជូនអតិថិជន ក្រោយពីគណនីហ្វេសប៊ុកមួយទម្លាយថា បាននាំបងស្រីទៅទិញដីឡូត៍បង់រំលស់ពីIdol យុត្ថារា ឆានី ដោយបង់អស់ជាង ២ម៉ឺនដុល្លារហើយ មិនដឹងដីនៅឯណា។ ដំណឹងនេះក៏ត្រូវបានចែករំលែកតៗគ្នាទាំងអ្នកសិល្បៈ និងអ្នកគាំទ្រលោក យុត្ថារា ឆានី មួយចំនួនដែលបានទិញផ្ដាច់ និងបង់រំលស់ដីពីលោក៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី