• 2023-08-15 02:32:17
  • ព័ត៌មាន

កែវ កល្យាណ និងមិត្ដសិល្បៈជាច្រើននាក់ទៀត សម្រេចទុកពេលឲ្យ យុត្ថារា ឆានី ជាថ្មី

  • 2023-08-15 02:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ កល្យាណ ដែលត្រូវជាម្ដាយបង្កើតរបស់តារាសម្ដែងស្រី កែវ ឡាវីញ បានប្រកាសប្រាប់មហាជនជាថ្មី ជុំវិញទំនាស់ទិញ-លក់ដីឡូត៍រវាងលោក យុត្ថារា ឆានី ជាមួយរូបនាង ព្រមទាំងមិត្ដសិល្បៈជាច្រើននាក់ផ្សេងទៀតកាលពីល្ងាចមិញ។ រូបនាង និងមិត្ដៗ បានសម្រេចចិត្ដជាថ្មី ដោយទុកពេលមួយរយៈទៀត ដើម្បីឲ្យ យុត្ថារា ឆានី ដោះស្រាយ។

អតីតតារាសម្ដែងស្រីជើងចាស់ កែវ កល្យាណ និយាយថា លោក យុត្ថារា ឆានី បានទូរស័ព្ទមកសម្របសម្រួលជាមួយអ្នកនាង ទើបរូបនាង និងមិត្ដសិល្បៈមួយចំនួនទៀតដែលបានទិញផ្ដាច់ និងខ្លះបង់រំលស់ បានសម្រេចចិត្ដជាថ្មីបែបនេះ។ ទន្ទឹមគ្នានេះ កែវ កល្យាណ ក៏មិនដឹងថា យុត្ថារា ឆានី អាចដោះស្រាយបាននៅពេលណា ហើយក្នុងកម្រិតណានោះទេ ប៉ុន្ដែពេលបានដំណឹងថ្មីៗ អ្នកនាងនឹងប្រាប់បន្ដទៀត។

បើតាម កែវ កល្យាណ មិត្ដៗសិល្បៈ និងអតិថិជនមួយចំនួនធំ បានឯកភាព និងទុកពេលឲ្យលោក យុត្ថារា ឆានី មួយរយៈពេល ដើម្បីដោះស្រាយដូចគ្នាដោយសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ ក្រោយពីអតិថិជនបានលើកជាសំណើរដល់លោកឲ្យជួយដោះស្រាយ។

ក្រោយពីមានការសម្រេចចិត្ដជាថ្មីពីសំណាក់មិត្ដៗសិល្បករ-សិល្បការិនី ព្រមទាំងអតិថិជនមួយចំនួននេះ គេនៅមិនទាន់មានការឆ្លើយតបយ៉ាងណាពី យុត្ថារា ឆានី ដែលជាអតីតតារាសម្ដែងប្រុសល្បីឈ្មោះមួយរូបរួមជំនាន់ជាមួយកែវ កល្យាណ និងអម្ពរ ទេវី នោះទេ គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

ប៉ុន្ដែក្រោយផ្ទុះរឿងអាស្រូវលក់ដីឡូត៍នេះ ផ្ទុះឡើងភ្លាម លោក យុត្ថារា ឆានី បានចេញមុខបដិសេធរាល់ព័ត៌មានដែលថា លោកលក់ដីខ្យល់ ឬបោកអតិថិជន ដោយលោកបញ្ជាក់ថា៖ “ប្រទេសមានច្បាប់ បើយល់ថាខ្ញុំខុស សូមធ្វើច្បាប់រៀងខ្លួន”៕

ជិន សុភ័ក្ដ្រ

មតិយោបល់