- 2023-08-17 07:02:57
- ព័ត៌មាន
យុត្ថារា ឆានី រកឃើញច្រកចេញ ដ្បិតដៃគូរត់ចោល ប៉ុន្ដែសុំម្ចាស់បំណុលសហការ
- 2023-08-17 07:02:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុត្ថារា ឆានី រកឃើញច្រកចេញ ដ្បិតដៃគូរត់ចោល ប៉ុន្ដែសុំម្ចាស់បំណុលសហការ
ចន្លោះមិនឃើញ
អតីតតារាសម្ដែងភាពយន្ដ យុត្ថារា ឆានី ក្រោយផ្ទុះរឿងអាស្រូវលក់ដីឡូត៍ តែពុំមានដីប្រគល់ជូនអតិថិជនថ្មីៗ ឥឡូវនេះ លោកចេញមុខបកស្រាយថា រូបលោកគ្រាន់តែដៃគូ ឬអ្នកឈរឈ្មោះឲ្យគេ ហើយលោកក៏ជាជនរងគ្រោះដូចអតិថិជនដទៃទៀតដែរ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយចំនួនលោក យុត្ថារា ឆានី និយាយថា តាមពិតម្ចាស់ក្រុមហ៊ុន វណ្ណេត សុវណ្ណភូមិ គឺមានម្ចាស់ឈ្មោះ សាំង សុវណ្ណ ប៉ុន្ដែម្ចាស់ក្រុមហ៊ុនបានវេចលុយរត់បាត់ស្រមោល ដោយទម្លាក់ចោលការទទួលខុសត្រូវបំណុលខ្ទង់ម៉ឺនដុល្លារ និងអតិថិជនកំពុងរង់ចាំដំណោះស្រាយ។
បើតាមតារាសម្ដែងប្រុសរូបនេះ លោក សាំង សុវណ្ណ បានប្រមូលទិញដីពីប្រជាពលរដ្ឋបានទំហំ ៧ហិកតា ដើម្បីពុះឡូត៍លក់។ ប៉ុន្ដែដោយខ្វះលុយវិនិយោគបន្ដ ទើបម្ចាស់ក្រុមហ៊ុន យកប្លង់ដីដែលទិញបាន ហើយបម្រុងពុះឡូត៍លក់នោះ ទៅដាក់បញ្ចាំ ដើម្បីខ្ចីលុយបុគ្គលម្នាក់ចំនួន ៥២ម៉ឺនដុល្លារ ដោយក្នុងនោះក៏មានឈ្មោះលោកជាអ្នកចូលរួមខ្ចីដែរ។
ក្រោយខ្ចីបានពីរខែ ស្រាប់តែលោក សាំង សុវណ្ណ គេចវេសមិនបង់ការប្រាក់ឲ្យគេ ទើបម្ចាស់បំណុលព័ទ្ធរបងលើដីទំហំ ១ហិកតារ ទុកសិន ដើម្បីរង់ចាំការដោះស្រាយ។ ឃើញបែបនេះ អតិថិជន និងមិត្ដសិល្បៈមួយចំនួនក៏ចាប់ផ្ដើមព្រួយបារម្ភ ដោយអ្នកខ្លះមិនបន្ដបង់រំលស់ និងស្រែកទាមទារឲ្យលោកទទួលខុសត្រូវតែម្នាក់ឯង។
លោក យុត្ថារា ឆានី បញ្ជាក់ថា តាមពិតផ្ទៃដីដែលកំពុងមានបញ្ហានោះ គឺមានតែ ១ហិកតារប៉ុណ្ណោះ ប៉ុន្ដែទំហំ ៦ហិកតារផ្សេងទៀត កំពុងដំណើរការធម្មតា។ ចំពោះដំណោះស្រាយ លោកស្នើសុំឲ្យម្ចាស់បំណុល ប្រគល់ដីដែលបានព័ទ្ធរបងនោះមកវិញ ដើម្បីពុះជូនអតិថិជន ហើយអតិថិជនបន្ដបង់លុយទៅម្ចាស់បំណុលតែម្ដង។
បើទោះបីជាពេលនេះ ដៃគូវិនិយោគ បានរត់គេច ទម្លាក់ការទទួលខុសឲ្យលោក ក៏លោកនៅមានជំនឿថា នឹងអាចដោះស្រាយបានដោយសន្ដិវិធី ព្រោះដីទំហំ ១ហិកតារដែលកំពុងមានបញ្ហានោះ គឺអាចពុះអង្កន់ជាឡូត៍លក់បានតម្លៃរហូតដល់ ១២០,០០០ ដុល្លារ។ ចុះរឿងអីដែលបំណុលជំពាក់ត្រឹម ៥២ម៉ឺនដុល្លារ មិនអាចដោះស្រាយចេញ។ បើធ្វើដូច្នេះបាន ដីនោះ ក៏បានដោះស្រាយជូនអតិថិជនគ្រប់គ្នាដែរ៕