• 2023-09-08 07:49:09
  • ចម្រៀង

វណ្ណដា លេចមុខល្ងាចមិញ ក្នុងនាមជាគណៈកម្មការប្រឡងចម្រៀងរ៉េបចំណាត់ថ្នាក់លេខ១នៅតំបន់អាស៊ីអាគ្នេយ៍

  • 2023-09-08 07:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានកសាងកេរ្តិ៍ឈ្មោះដល់កំពូល ឥឡូវនេះ វណ្ណដា រួមជាមួយលោក ជូវីលីន បានឈានទៅធ្វើជាគណៈកម្មការ ក្នុងកម្មវិធីប្រឡងចម្រៀងរ៉េបចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ីអាគ្នេយ៍ The Rapper ដែលបង្ហាញវត្តមានដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹនងលោកវត្តមានធ្វើជាគណៈកម្មការរបស់កំពូលតារាចម្រៀងរ៉េបកម្ពុជា មានតារាចម្រៀងរ៉េបផ្សេងទៀតមាន លោក Khmer1Jivit, លោក Norith (ផលិតកម្មបារមី), លោក Kingchi (CG Movement) លោក Ruthko (KlapYaHandz) រីឯ តារាចម្រៀងរ៉េប លោក វិន វិទូ (ផលិតកម្មក្លាបយ៉ាហ៊ែន) និង កញ្ញា វ៉ាន់នីឡា ក៏នឹងដើរតួនាទីជាពិធីករពិធីការិនីក្នុងកម្មវិធី។

តាមព័ត៌មាន “The Rapper" គឺជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពមានដើមកំណើតចេញពីប្រទេសថៃ។ កម្មវិធីនេះ ត្រូវបានទិញសិទ្ធយកទៅផលិតក្នុងប្រទេសវៀតណាម ហើយទាំង ថៃ និងវៀតណាម ទទួលបានពេញនិយមយ៉ាងខ្លាំង ជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេស និងបានបង្កើតធនធានតារាចម្រៀងរ៉េបដែលមានសមត្ថភាព និងទេពកោសល្យជាច្រើនដូចជា៖ Milli, Tlinh, Autta, MaiyaRap, Saran, Diamond MQT, NameMT រួមទាំងតារាចម្រៀងរ៉េបជាច្រើនរូបទៀត។

ឥឡូវនេះ The Rapper បានមកកម្ពុជា និងមានឈ្មោះថា “The Rapper Cambodia ក្រោមកិច្ចសហការបង្កើតដោយ ផលិតកម្មបារមីជាមួយ ភ្លើងគប់។

កញ្ញា ឡរ៉ា ម៉ម នាយិកាប្រតិបត្តិ CEO ផលិតកម្មបារមី និងក៏ជាផលិតករប្រតិបត្តិ Executive Producer នៃកម្មវិធី The Rapper Cambodia បានលើកឡើងថា អ្វីដែលបារមី បាន និងកំពុងធ្វើនាពេលនេះ គឺមានគោលជំហរក្នុងការធ្វើវិនិយោគទៅលើការងារសិល្បៈខ្មែរក៏ដូចជាសិល្បករសិល្បការិនីខ្មែរបង្កើតឱកាសថ្មីទៀតសម្រាប់ពួកគេ។ មួយវិញទៀត ក៏ដើម្បីផ្ដល់នូវរសជាតិថ្មី ប្រជាជនខ្មែរដែលជាទស្សនិកជនដ៏ធំចម្បងបំផុត។

កញ្ញាថ្លែងថា"ពួកយើងតែងតែស្វះស្វែងរកការច្នៃប្រតិដ្ឋថ្មីៗដើម្បីលើកកម្ពស់កម្រិត និងគុណភាពនៃសិល្បៈខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់និងទាន់សម័យជានិច្ច។ ពួកយើងបានឃើញភាពជោគជ័យក្នុងការបង្កើតពន្លកតារាចម្រៀងរ៉េបថ្មីៗឱ្យរះឡើងយ៉ាងត្រចះត្រចង់របស់កម្មវិធី The Rapper ប្រទេសថៃ និង ប្រទេសវៀតណាមហើយពួកយើងក៏មានគំនិតសុទិដ្ឋិនិយមខ្ពស់ថាវាក៏អាចកើតឡើងបានដូចគ្នាដែរក្នុងប្រទេសកម្ពុជា"។

កញ្ញា រិទ្ធី លម្អពេជ្រ ហៅ យ៉ូគិ ដែលជាអ្នកដឹកនាំ Director នៃកម្មវិធី The Rapper Cambodia និងជានាយិកាប្រតិបត្តិនៃផលិតកម្ម ភ្លើងគប់ បានលើកឡើងដែរថា នៅពេលកញ្ញាថត ជួប និងស្តាប់ បេក្ខជនទាំងឡាយ កញ្ញាបានឃើញប្រធានបទមួយបានលេចចេញឡើងនៅពីខាងមុខនៃគោលបំណងផលិតកម្មវិធីនោះគឺ "ក្តីសង្ឃឹម"។

កញ្ញាថ្លែងថា "វាពុំមែនគ្រាន់តែជាក្តីសង្ឃឹមរៀងខ្លួនឡើយ ប៉ុន្តែវាគឺជាក្តីសង្ឃឹមនៃរបៀបដែលយើងបង្កើតសិល្បៈ ជំរុញឱ្យមានការផ្លាស់ប្តូរជីវិតផ្លាស់ប្តូរពិភពលោក..."។

កញ្ញាថ្លែងទៀតថា នៅក្នុងនោះក៏មានរឿងរ៉ាវបេក្ខជនខ្លះនឹងធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថាចាក់ដោត ញ័រទ្រូង ហូរទឹកភ្នែក អួលដើមករដោយមិនដឹងខ្លួនដែលរឿងទាំងនេះអាចត្រលប់ជាថ្នាំព្យាបាលរបួសផ្លូវចិត្តរបស់ពួកគេទៅវិញ។ ដូច្នេះហើយ កញ្ញាជឿថាកម្មវិធី The Rapper Cambodia នឹងធ្វើឱ្យរញ្ជួយញាប់ញ័រវិស័យសិល្បៈតន្ត្រីក្នុងព្រះរាជាណាចក្រកម្ពុជា។

The Rapper Cambodia នឹងធ្វើការចាក់ផ្សាយវគ្គដំបូងលើកញ្ចក់ទូរទស្សន៍បាយ័ន នៅយប់ថ្ងៃអាទិត្យ ទី១៧ ខែ កញ្ញាវេលារាត្រី ចាប់ពីម៉ោង៩ ដល់ ម៉ោង១០:៣០នាទី រីឯវគ្គបន្តបន្ទាប់នឹងចាក់ផ្សាយជារៀងរាល់ ថ្ងៃ អាទិត្យ រហូតដល់ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៣៕

ជិន សុភ័ក្ដ្រ

មតិយោបល់