• 2023-09-08 12:58:57
  • ព័ត៌មាន

កម្មវិធីប្រឡងចម្រៀងរ៉េបចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាសុីអាគ្នេយ៍ The Rapper បង្ហាញវត្តមានដំបូងក្នុងប្រទេសកម្ពុជា

  • 2023-09-08 12:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការទាំង២រូប (ត្រូវបានស្គាល់ថាជាផលិតករ) នៃកម្មវិធីប្រឡងចម្រៀងរ៉េបគឺជា កំពូលសិល្បករ លោក វណ្ណដា (ផលិតកម្មបារមី) និង លោក ជូវីលីន (ផលិតកម្មបារមី) រួមជាមួយក្រុមគ្រូបង្វឹក (Coach) ដែលសុទ្ធតែជាតារាចម្រៀងរ៉េបមានទេពកោសល្យនិងកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងវិស័យតន្ត្រីដូចជា៖

លោក Khmer1Jivit, លោក Norith (ផលិតកម្មបារមី), លោក Kingchi (CG Movement), លោក Ruthko (KlapYaHandz) រីឯ តារាចម្រៀងរ៉េប លោក វិន វិទូ (ផលិតកម្មក្លាបយ៉ាហ៊ែន) និង កញ្ញា វ៉ាន់នីឡានឹងដើរតួនាទីជាពិធីករពិធីការនីក្នុងកម្មវិធី។ កម្មវិធីប្រឡងចម្រៀងរ៉េបនេះនឹងធ្វើការចាក់ផ្សាយវគ្គដំបូងនៅ ថ្ងៃ អាទិត្យ ទី១៧ ខែ កញ្ញា ឆ្នាំ ២០២៣ លើកញ្ចក់ទូរទស្សន៍បាយ័នវេលារាត្រី ចាប់ពីម៉ោង ៩ ដល់ ១០ៈ៣០នាទី ដែលមានចំនួនសរុប ១៣វគ្គ នឹងចាក់ផ្សាយជារៀងរាល់ ថ្ងៃ អាទិត្យ។

រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០២៣ ‘’ The Rapper’’ កម្មវិធីប្រឡងចម្រៀងរ៉េបដ៏កំពុងមានប្រជាប្រិយភាពដែលមានដើមកំណើតចេញពីប្រទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធយកទៅផលិតក្នុងប្រទេសវៀតណាម។ ទាំង The Rapper ថៃ និង វៀតណាមគឺជាកម្មវិធីប្រឡងចម្រៀងរ៉េបដែលទទួលការពេញនិយមទស្សនាជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេស ហើយបានបង្កើតធនធានតារាចម្រៀងរ៉េបដែលមានសមត្ថភាពនិងទេពកោសល្យជាច្រើនដូចជា៖ Milli, Tlinh, Autta, MaiyaRap, Saran, Diamond MQT, NameMT រួមទាំងតារាចម្រៀងរ៉េបផ្សេងៗជាច្រើនរូបទៀត។

The Rapper Cambodia ផ្តោតសំខាន់ទៅលើការស្វែងរកបេក្ខជនដែលមានទេពកោសល្យជំនាន់ថ្មី ក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីផ្តល់ឱកាសក៏ដូចជាឆាកវេទិកាបញ្ចេញសមត្ថភាពច្រៀងរ៉េប សមត្ថភាព ក្នុងការលេងពាក្យសម្តីរួចសរសេរដាក់ចូលក្នុងអត្ថបទចម្រៀងរបស់ខ្លួនយកទៅច្រៀងរ៉េបឱ្យទស្សនិកជន ជ្រួតជ្រាប។ ដើម្បីចូលរួមការប្រឡង បេក្ខជនទាំងអស់ ឬហៅថា Rappers ត្រូវតែមានអាយុចាប់ពី ១៨ឆ្នាំឡើង ហើយមានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងការនិពន្ធ និងច្រៀងរ៉េបដើម្បីទាក់ទាញចិត្ត ចំណាប់អារម្មណ៍ ការស្ងើចសរសើរពី គណៈកម្មការទាំង២រូប និងទស្សនិកជនដែលកំពុងទស្សនា តាមរយៈការជួយជ្រុមជ្រែង បង្ហាត់ណែនាំពី គ្រូបង្វឹកម្នាក់ក្នុងចំណោម៤រូប។ បេក្ខជនដែលជាម្ចាស់ជ័យលាភីនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់៤០លានរៀល ($10,000 US Dollars) ក៏ដូចជាឱកាសចាប់ផ្តើមអាជីពជាតារាចម្រៀងរ៉េប ការចូលរួមសម្តែងផ្សេងៗនាពេលអនាគត។

កម្មវិធីប្រឡងចម្រៀងរ៉េបនេះនឹងធ្វើការចាក់ផ្សាយវគ្គដំបូងលើកញ្ចក់ទូរទស្សន៍បាយ័ន ថ្ងៃ អាទិត្យ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ វេលារាត្រី ចាប់ពីម៉ោង៩ ដល់ ម៉ោង១០:៣០នាទី រីឯវគ្គបន្តបន្ទាប់នឹងចាក់ផ្សាយជា រៀងរាល់ ថ្ងៃ អាទិត្យ រហូតដល់ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៣។ សម្រាប់វគ្គចុងបញ្ចប់រដូវកាលទី១នឹងមានធ្វើការចាក់ផ្សាយបន្តផ្ទាល់ពីឆាកវេទិកាប្រឡងក្នុងរាជធានីភ្នំពេញដែលមានមហាជនច្រើនកុះកររង់ចាំទស្សនា។ រាល់ព័ត៌មាននានាទាក់ទងនឹងវគ្គចុងបញ្ចប់នឹងត្រូវ ផ្សព្វផ្សាយតាមពេលក្រោយ។

ភាគីចូលរួមចំណែកក្នុងការផលិតកម្មវិធី The Rapper Cambodia

The Rapper Cambodia ត្រូវបានផលិតដោយផលិតកម្មបារមី រួមសហការជាមួយ ភ្លើងគប់។ TheRapperCambodiaត្រូវបានឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្រាបៀរហនុមានដែលជាក្រុមហ៊ុនស្រាបៀរទទួលបាននូវការពេញនិយមឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជាហើយក៏ជាក្រុមហ៊ុនដែលស្រលាញ់ចូលរួមលើកស្ទួយវិស័យសិល្បៈចម្រៀងរ៉េបនៃកម្មវិធី The Rapper Cambodia យ៉ាងមានមោទកភាពក្រៃលែង។ លោក ផនមុត ច័ន្ទឧត្តម តំណាងខាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និយាយថា៖“ពួកយើងមានមោទកភាពក្រៃលែងដែលបានចូលរួមឧបត្ថម្ភកម្មវិធីដ៏ល្បីល្បាញ មានប្រជាប្រិយភាពក្នុងការចូលរួមជួយលើកស្ទួយភាពអស្ចារ្យនៃសិល្បករ សិល្បការនី ទាំងក្មេង ចាស់។ ក្រុមហ៊ុនស្រាបៀរ ហនុមាន មានភាពជឿជាក់ក្នុងការវិនិយោគទៅលើសិល្បករជំនាន់ក្រោយដែលមាន សមត្ថភាព និងទេពកោសល្យក្នុងការជួយឱ្យសិល្បៈវប្បធម៌ខ្មែររីកចម្រើនរុងរឿងល្បីសុះសាយគ្រប់ទិសទី គ្រប់សម័យកាលនាពេលអនាគត។”

កញ្ញា ឡរ៉ា ម៉ម នាយិកាប្រតិបត្តិ CEO នៃផលិតកម្មបារមី ហើយក៏ជា ផលិតករប្រតិបត្តិ Executive Producer នៃកម្មវិធី The Rapper Cambodia បានបង្ហើបឱ្យដឹងថា៖ “ផលិតកម្មបារមីមានគោលជំហរក្នុងការធ្វើវិនិយោគទុនទៅលើការងារសិល្បៈខ្មែរក៏ដូចជា សិល្បៈករសិល្បៈការិនីខ្មែរហើយដែលសំខាន់បំផុតនោះគឺប្រជាជនខ្មែរដែលជាទស្សនិកជនដ៏ធំចម្បង។ពួកយើងតែងតែស្វះស្វែងរកការច្នៃប្រតិដ្ឋថ្មីៗដើម្បីលើកកម្ពស់កម្រិតនិងគុណភាពនៃសិល្បៈខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់និងទាន់សម័យជានិច្ច។ពួកយើងបានឃើញភាពជោគជ័យក្នុងការបង្កើតពន្លកតារាចម្រៀងរ៉េបថ្មីៗឱ្យរះឡើងយ៉ាងត្រចះត្រចង់របស់កម្មវិធី The Rapper ប្រទេសថៃ និង ប្រទេសវៀតណាម ហើយពួកយើងក៏មានគំនិតសុទិដ្ឋិនិយមខ្ពស់ថាវាក៏អាចកើតឡើងបានដូចគ្នាដែរក្នុងប្រទេសកម្ពុជា។ ពួកយើងសូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ក្រុមហ៊ុនស្រាបៀរ ហនុមាន ដែលតែងតែចូលរួមសកម្មភាពគាំទ្រលើកស្ទួយកម្មវិធីសិល្បៈ និងវប្បធម៌ខ្មែរ។ ពួកយើងទាំងអស់គ្នាជឿជាក់ថា ពួកយើងអាចមានសមត្ថភាពធ្វើការផ្លាស់ប្តូរវប្បធម៌ឱ្យកាន់ តែល្អប្រសើរឡើង ហើយនឹងបន្តពង្រីកសក្តានុពលនៃប្រទេសកម្ពុជាឱ្យរុងរឿងថ្កើងថ្កានគ្រប់ទិសទី។”

លោក អែនឌ្រូ ម៉ម នាយកប្រតិបត្តិទីផ្សារ CMO នៃផលិតកម្មបារមី ក៏បានចូលរួមចំណែកក្នុងកម្មវិធី The Rapper Cambodia ផងដែរ ដោយមានតួនាទីជា នាយកប្រតិបត្តិ និងដឹកនាំសម្តែង Executive Producer។ លោកបានប្រាប់ថា៖ “ពួកយើងមានអារម្មណ៍ថាកំពុងតែស្ថិតនៅក្នុងអន្តរកាលមួយដែល ផលិតកម្មតន្ត្រីនានាក្នុងប្រទេសកម្ពុជាងាកមកចូលរួមសាមគ្គីគ្នាជាក្រុមតែមួយដើម្បីអភិវឌ្ឍវិស័យសិល្បៈតន្ត្រីខ្មែរឱ្យកាន់តែរីកធំធាត់ឡើង ជាពិសេសស្មារតី មនសិកា និងឧត្តមគតិក្នុងការជម្រុញលើកកម្ពស់ ឱ្យកាន់តែរុងរឿងខ្ពស់ត្រដែតឡើង ដែលព្រឹត្តិការណ៍បែបនេះមិនដែលកើតមានឡើងពីមុនមកសោះ។

ចាប់ផ្តើមពីផលិតកម្ម បារមី បន្ទាប់មកផលិតកម្ម CG Movement ក្រោយមក KlapYaHandz ហើយ រហូតដល់សូម្បីតែ កំពូលតារាចម្រៀងរ៉េបជើងចាស់ Legendary ខ្មែរមួយជីវិត ក៏ជិះយន្តហោះមកស្រុក ខ្មែរដើម្បីចូលរួមព្រឹត្តិការណ៍ដ៏សែនអស្ចារ្យមួយនេះផងដែរ។ The Rapper Cambodia ឆ្លុះបញ្ចាំងឱ្យ ឃើញពីសមិទ្ធផលនៃការចូលរួមសហការផលិត និងការបោះជំហានទៅមុខនៃវិស័យតន្ត្រីកម្ពុជា។ ពួកយើងបានស្រម៉ៃឃើញវិស័យតន្រ្តីមួយដែលសិល្បករមកពីគ្រប់ទិសទីអាចចូលមកចូលរួមបង្កើត បទចម្រៀងដ៏ពីរោះអស្ចារ្យទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ។”

កញ្ញា រិទ្ធី លម្អពេជ្រ ហៅ យ៉ូគិ ដែលជាអ្នកដឹកនាំ Director នៃកម្មវិធី The Rapper Cambodia និងជានាយិកាប្រតិបត្តិនៃផលិតកម្ម ភ្លើងគប់ បានខ្សឹបប្រាប់ថា៖ “នៅពេលខ្ញុំថត ជួប ស្តាប់ បេក្ខជននានា មានប្រធានបទមួយបានលេចចេញឡើងនៅពីខាងមុខនៃគោលបំណងផលិតកម្មវិធីនោះគឺ ក្តីសង្ឃឹម។ វាពុំមែនគ្រាន់តែជាក្តីសង្ឃឹមរៀងខ្លួនឡើយ ប៉ុន្តែវាគឺជាក្តីសង្ឃឹមនៃរបៀបដែលយើងបង្កើត សិល្បៈដែលជម្រុញឱ្យមានការផ្លាស់ប្តូរជីវិត ផ្លាស់ប្តូរពិភពលោក។ ខ្ញុំមិនគិតថា ខ្ញុំធ្លាប់បានឃើញបេក្ខជន ធ្វើការដាក់បន្ទាបខ្លួនចង់ដឹង ចង់រៀន ចង់ចែករំលែករឿងផ្ទាល់ខ្លួនផ្សេងៗយ៉ាងមានមោទកភាពសម្បើម អស្ចារ្យ ជាពិសេសមោទកភាពជាតិខ្មែរ ហើយក៏មានរឿងរ៉ាវបេក្ខជនខ្លះនឹងធ្វើឱ្យទស្សនិកជនមាន អារម្មណ៍ថាចាក់ដោត ញ័រទ្រូង ហូរទឹកភ្នែក អួលដើមករដោយមិនដឹងខ្លួន ដែលរឿងទាំងនេះអាចត្រលប់ ជាថ្នាំព្យាបាលរបួសផ្លូវចិត្តរបស់ពួកគេទៅវិញ។ ខ្ញុំជឿថាកម្មវិធី The Rapper Cambodia នឹងធ្វើឱ្យ រញ្ជួយញាប់ញ័រវិស័យសិល្បៈតន្ត្រីក្នុងព្រះរាជាណាចក្រកម្ពុជា ហើយវាក៏ចូលរួមចំណែកជួយលុបបំបាត់ ផ្នត់គំនិតអវិជ្ជមានដែលប្រជាជនកម្ពុជាធ្លាប់មានចំពោះសិល្បៈចម្រៀង Hip Hop ផងដែរ។ កម្មវិធីនេះ នឹងបើកចំហរទ្វារថ្មីដើម្បីទទួលយកបណ្តាសំនៀងថ្មីៗពីគ្រប់តំបន់ក្នុងប្រទេស ហើយធ្វើការផ្លាស់ប្តូរ ផ្ទាំងទស្សនីយភាពក្នុងវិស័យតន្ត្រីកម្ពុជា។”

កំពូលតារាចម្រៀងរ៉េប និងជាផលិតករ លោក វណ្ណដា ដែលជាណៈកម្មការក្នុងកម្មវិធី នឹងមានតួនាទី៖ វិនិច្ឆ័យសមត្ថភាព ប្រឹក្សាឱ្យយោបល់ ហើយក៏ជាតារានាំបណ្តាលចិត្តបេក្ខជនមកចូលរួមប្រឡងផងដែរ។ លោក វណ្ណដា នោតែជាប់ជាកំពូលតារាចម្រៀងរ៉េបចំណាត់ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជារាប់ចាប់តាំង ពី ខែ មករា ឆ្នាំ ២០១៩ ជាមួយនឹងការចេញបទចម្រៀងក្រោមចំណងជើងថា “ជោរ J+O” ដែលបទនេះ បានធ្វើឱ្យមានការផ្លាស់ប្តូរ និងទំនើបកម្មសិល្បៈតន្រ្តីខ្មែរយ៉ាងខ្លាំងក្លា។ ចាប់តាំងពីពេលនោះមក លោក វណ្ណដា ក្លាយជាសិល្បករដែលគ្រប់ប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍និយាយពីគាត់ច្រើនខ្លាំងបំផុត នៅក្នុងប្រវត្តិសាស្ត្រតន្រ្តីកម្ពុជា ហើយរាល់បទចម្រៀងរបស់គាត់បានទទួលការពេញនិយមពីអ្នកគាំទ្រ និងអ្នកស្តាប់ពាសពេញពិភពលោក។

លោក វណ្ណដា បាននិយាយថា៖ “ជំរាបសួរទាំងអស់គ្នា! ខ្ញុំពិតជាមានអារម្មណ៍ថារីករាយ និងសប្បាយចិត្តជាខ្លាំងដែលបានចូលរួមនៅក្នុងកម្មវិធី សន្និសីទសារព័ត៌មាននៅក្នុងថ្ងៃនេះ ក៏ដូចជាធ្វើជា Prodcuer នៅក្នុងកម្មវិធី​ The Rapper Cambodia ។ កាលពីខ្ញុំនៅតូច ខ្ញុំនៅជាមួយគ្រួសារមួយដែលមានឱពុកម្ដាយគឺជាអ្នកលក់ដូង ហើយខ្ញុំត្រឹមជាក្មេងកោសដូងម្នាក់ប៉ុណ្ណោះ។ ជីវិតវាហាក់ឆ្លងកាត់រឿងជាច្រើនទម្រាំអាចមកដល់ថ្ងៃនេះ។ ជាច្រើនឆ្នាំកន្លងមក ខ្ញុំនៅជាមួយ បារមី ឃើញថាពួកយើងបានធ្វើរឿងដែលអស្ចារ្យជាច្រើនសម្រាប់វិស័យចម្រៀង Rap និង HipHop នៅក្នុងប្រទេសកម្ពុជារបស់យើ់ង។ ខ្ញុំតែងតែប្រាប់ទៅដល់អ្នកសិល្បករជំនាន់ក្រោយថា យើងអាចចាប់ផ្ដើមក្ដីស្រមៃរបស់យើងបានគ្រប់ពេលវេលា ទោះបីជានៅក្នុងបន្ទប់គេងក៏យើងអាចចាប់យកឱកាសនៅក្នុងការរៀនសរសេរបទចម្រៀង កុំចាំរហូតទាល់តែអ្នកទាំងអស់គ្នាមានពេល ប៉ុន្តែសូមចាប់ផ្ដើមពីឥលូវនេះ។ តាមចាប់ក្ដីស្រមៃរបស់អ្នក ដោយមានភាពជឿជាក់ទៅលើខ្លួនឯង មានភាពអត់ធ្មត់ និងការតស៊ូព្យាយាម ហើយខ្ញុំជឿថាអ្នកអាចធ្វើវាបាន “You can be great without being greater than anybody else” បច្ចុប្បន្ននេះ ខ្ញុំឃើញថាក្មេងជំនាន់ក្រោយដែលពួកគាត់ពោរពេញទៅដោយសមត្ថភាព។ កាលពីខ្ញុំនៅក្មេងខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា ខ្ញុំមិនមានអ្វីនោះទេ ប៉ុន្តែខ្ញុំមានសម្លេង សម្លេងដែលខុសពីអ្នកដ៏ទៃ ហេតុនេះខ្ញុំត្រូវប្រើប្រាស់សម្លេងមួយនេះប្រកបដោយភាពត្រឹមត្រូវ សុចរិត និងមានទំនួលខុសត្រូវ។ ហើយនេះគឺជាគន្លឺះមួយក្នុងចាប់ផ្ដើមស្វែងរកក្ដីស្រមៃរបស់ខ្លួនឯង។”

រីឯលោក ជូវី លីន ដែលជាផលិតករនៃកម្មវិធី ហើយក៏ជាតារាចម្រៀងប៉ុបដ៏ល្បីល្បាញមួយរូបមកពីក្រុម Polarix លោកគឺជាសិល្បករពហុជំនាញដ៏ឆ្នើមក្នុង ការច្រៀង ដឹកនាំសម្តែង ថតវីដេអូ បញ្ចេញគំនិតច្នៃប្រតិដ្ឋផ្សេងៗ។ លោក ជូវីលីនមានស្នាដៃជួយផលិតកម្មបារមីឱ្យឈានរះខ្ពស់ឡើង លើឆាកអន្តរជាតិនានា គាត់មានបទពិសោធធ្វើការជា នាយកផ្នែកការដឹកនាំសម្តែងនិងបង្កើតគំនិត ច្នៃប្រតិដ្ឋរយៈពេល៤ឆ្នាំជាង។ លោក ជូវីលីន មិនត្រឹមតែធ្លាប់ចេញបទចម្រៀងរ៉េបល្បីផ្ទុះខ្លាំងដូចជា៖ “Japey” និង “ Follow Ma Dance” តែប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ធ្លាប់កាន់ការងារខាងផ្នែក ច្នៃប្រតិដ្ឋ មើលឃើញ Visual Innovation រាល់គ្រប់ស្នាដៃសិល្បៈស្អាតៗប្រណិតៗរបស់ផលិតកម្មបារមីទាំងអស់ ហើយថែមទាំងធ្លាប់ដឹកនាំការថតសម្តែងវីដេអូបទចម្រៀងសិល្បករលំដាប់ខ្ពស់ដូចជា៖ “Bok Kalo” និង “Daddy Da & King។” លោក ជូវីលីន មិនត្រឹមតែមានជំនាញជាតារាចម្រៀងរ៉េប និងតារាចម្រៀង អាជីពនៅខាងមុខកាំមេរ៉ាតែប៉ុណ្ណោះទេ នៅខាងក្រោយកាំមេរ៉ាលោកគឺជានាយកផ្នែកការដឹកនាំសម្តែង និងបង្កើតគំនិតច្នៃប្រតិដ្ឋផងដែរ។

លោក ជូវីលីន បាននិយាយថា៖“សួស្ដី ជាដំបូងខ្ញុំបាទ ជូវី លីន សូមគោរពទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងគ្រប់ផលិតកម្មដែលបានចូលរួមក្នុងការផលិតកម្មវិធី The Rapper Cambodia ឆ្លៀតឱកាសនេះខ្ញុំសូមណែនាំខ្លួនជាថ្មីម្ដងទៀតទៅកាន់ទស្សនិកជនដែលទស្សនាផ្ទាល់ និងតាមរយៈ Live ខ្ញុំបានចូលរួមផលិតនៅការងារសិល្បៈជាច្រើន ជាពិសេសនៅក្នុងការដឹកនាំ ចក្ខុវិស័យរបស់សិល្បករ សិល្បការិនីឱ្យចេញទៅក្លាយជារូបរាង ដោយការងារទាំងអស់នេះបានបង្រៀន និងបង្ហាញខ្ញុំឱ្យឃើញគ្រប់ជ្រុងជ្រោយនៃវិស័យសិល្បៈនៅប្រទេសខ្មែរយើង ហើយក៏សូមអរគុណទៅកាន់ The Rapper Cambodia ដែលបានជ្រើសរើសខ្ញុំធ្វើជា Producer មួយរូប ហើយនេះគឺជាឱកាសដែលអាចជួយឱ្យខ្ញុំសម្រេចបំណងមួយ ដែលតែងតែចង់ជម្រុញ បណ្ដុះបណ្ដាល និងចែករំលែកទៅដល់សិល្បករ សិល្បការិនីជំនាន់ក្រោយនេះ។ ជាចុងក្រោយ ខ្ញុំសូមអញ្ចើញពូមីង បងប្អូនខ្មែរយើងទាំងអស់គ្នាចូលរួមទស្សនា ក៏ដូចជាជួយលើកដម្កើនវិស័យសិល្បៈ Hip Hop ឱ្យកុះករជានេះ ខ្ញុំហ៊ានធានាថាអ្នកទាំងអស់គ្នានឹងបានឃើញកម្មវិធីប្រលងរ៉េបដ៏អស្ចារ្យដំបូងបំផុតនៅប្រទេសខ្មែរ ព្រមទាំងបានឃើញសិល្បករ សិល្បការិនីដែលត្រៀមរះ ។ សូមអរគុណ!”

លោក Norith តារា RAP LYRICS បែបមនោសញ្ចេតនាមុខស្មើ និង New School មកពីក្រុម POLARIX នៃផលិតកម្មបារមី និងជាគ្រូបង្វឹកក្នុងកម្មវិធី The Rapper Cambodia ។ លោក Norith បាននិយាយថា៖ “ខ្ញុំមានអារម្មណ៏សប្បាយចិត្តខ្លាំងមែនទែនដែលមានឱកាសបានចូលរួមធ្វើជា Coach នៅក្នុងកម្មវិធី The Rapper Cambodia ជាលើកដំបូងហើយក៏ជាកិត្តិយសដែលបានធ្វើការជាមួយរៀមច្បង​ និងសិល្បករដែលមកពីផលិតកម្មផ្សេងគ្នា​ យើងសហការគ្នាដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យ Hip Hop ស្រុកខ្មែរ​ ខ្ញុំហ៊ានធានាថាកម្មវិធីនេះគឺនឹងមានគ្រប់រសជាតិ​ ទាំងផ្អែម​ជូរចត់ ល្វីង សប្បាយ កើតទុក្ខ រភើប ក៏ដូចជាមានរឿងជាច្រើនដែលទាំងអស់គ្នា​នឹង​ surprise ហើយដូចទាំងអស់គ្នាដឹងហើយថា Coach នីមួយៗមានstyle ផ្សេងៗគ្នា បេក្ខជនយើងក៏ដូចគ្នាគាត់មានstyle ផ្សេងៗគ្នា​ចឹងរសជាតិនៃshow របស់យើងគឺនឹងមានខុសៗគ្នា​ ដូច្នេះយើងរងចាំមើលទាំងអស់គ្នាថាតើបេក្ខជនមកពីកូនក្រុម coach មួយណាដែលនឹងក្លាយជាម្ចាស់ពាន។”

លោក KingChi តារា RAP ស្តេចចុងជួនរណ្តំចិត្ត មកពី CG MOVEMENT និងជាគ្រូបង្វឹក ក្នុងកម្មវិធី The Rapper Cambodia។ លោក KingChi បាននិយាយថា៖ “ក្នុងមានខ្ញុំជា ​Caoch មួយរូបនៅក្នុងកម្មវិធី The Rapper Cambodia នេះ សម្រាប់បេក្ខជនដែលត្រូវមកប្រឡង គឺខ្ញុំចង់ឃើញគាត់មានលក្ខណៈពិសេសៗដូចជាទីមួយ ពួកគាត់មានសមត្ថភាពក្នុងការចូលរួមប្រកួត ហើយក៏ដូចជាឆន្ទះ និងភាពអត់ធ្មត់ ហើយអ្វីដែលពិសេសមួយទៀត ខ្ញុំចង់ឃើញអ្វីដែលគាត់មាននៅក្នុងខ្លួន និង ភាពជឿជាក់លើខ្លួនឯង ពីព្រោះកាលណាដែលពួកគាត់មានភាពជឿជាក់លើខ្លួនឯង នោះបេក្ខជនទាំងអស់នឹងអាចពុះពារគ្រប់ឧបសគ្គ និគ្រប់វិញ្ញាសារទាំងអស់។ កម្មវិធីប្រឡង The Rapper Cambodia នេះមិនមែនត្រឹមតែជាកម្មវិធីប្រលងស្វែងរកកំពូលតារាចម្រៀងរ៉េបប៉ុណ្ណោះទេ កម្មវិធីមួយនេះប្រៀបដូចជាថ្នាក់បណ្ដុះបណ្ដាល ថ្នាក់បង្រៀនក្នុងការរ៉េបទៅដល់បេក្ខជនគ្រប់រូប។ ហេតុនេះខ្ញុំចង់ឱ្យពួកគាត់ជឿជាក់លើខ្លួនឯង ហើយស្បាយយកសមត្ថភាពខ្លួនឯង ដើម្បីមកប្រឡងក្នុងកម្មវិធីមួយនេះ ឱ្យខ្ញុំជា Coach និង Producer ទាំងអស់ដុះខាតសមត្ថភាពបេក្ខជនទាំងអស់ឱ្យកាន់តែខ្លាំង។”

លោក RuthKo គឺជាតារាRap វ័យក្មេងអាចលែងគ្រប់រសជាតិមកពី KLAPYAHANDz និងជាគ្រូបង្វឹក ក្នុងកម្មវិធី The Rapper Cambodia ។ លោក Ruthko បាននិយាយថា៖ “ជាក់ស្តែងតាមរយៈកម្មវិធី The rapper Cambodia ខ្ញុំបានសង្កេតឃើញថាយុវជន យុវនារីខ្មែរយើងជាច្រើនពិតជាមានសមត្ថភាពក្នុងការនិពន្ធតាក់តែងចំរៀងមែន ដែលធ្វើឲ្យខ្ញុំក៍ដូចជា Coach និង Producer ដទៃភ្ញាក់ផ្អើលនឹកស្មានមិនដល់ហើយមានមោទនៈភាព ដែលកូនខ្មែរមានទេពកោសល្យច្រើនបែបនេះ ជាពិសេសពួកគាត់មានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការសរសេរប៉ារូល លេងពាក្យចុងជួន ហើយក៍ឃើញមានការបញ្ជូលនូវវប្បធម៌ខ្មែរបូកផ្សំជាមួយនិង Rap hip hop ដែលធ្វើឲ្យកាន់តែទាក់ទាញចិត្ត ទាក់ទាញអារម្មណ៍របស់អ្នកទស្សនាដោយមិនសរសើរមិនបានផងដែរ គឺខ្ញុំពិតជា Proud នឹងពួកគាត់មែនទែន។”

លោក Khmer1jivit គឺជាតារា RAP LEGENDARY និងជាគ្រូបង្វឹក ក្នុងកម្មវិធី The Rapper Cambodia ។ លោក Khmer1jivit បាននិយាយថា៖ “សំរាប់កាត្រៀមខ្លួនរបស់ខ្ញុំ គឺខ្ញុំមិនត្រឹមតែ ត្រៀមបង្វឹកបក្ខេជនកូនក្រុមខ្ញុំប៉ុនណោះទេ គឺខ្ញុំត្រូវបង្វឹកខ្លួនខ្ញុំផងដែរដេីម្បីធ្វេីជាគ្រូបង្វឹក ដោយប្រេីប្រាស់សមត្ថភាពនឹងជំនាញខ្ញុំទាំងប៉ុន្មានក្នុងកាផលិត rap music ក៍ដូចជាoriginal song ដល់បេក្ខជនយេីង។ បេីប្រៀបធៀបទៅhiphop ប្រទេសក្រៅ ខ្ញុំសុំត្រឹមនិយាយក្នុងប្រទេសអាសុីអាគ្នេយ៍ ព្រោះខាងលោកខាងលិចជាពិសេសសហរដ្ធអាមេរិក គឺជាទីកន្លែងនៃដេីមកំណេីតហីបហប់ស្រាប់ទៅហេីយ ។ នៅអាគ្នេយ៍ ហីបហប់ក្នុងប្រទេសកម្ពុជា គឺមានកាដេីរក្រោយគេ តែមានល្បឿនជិតស្មេីរគេ គ្រាន់តែយេីងនៅក្មេងខ្ចីបន្តិច ក្នុងកាផលិត នឹងកំរឹតយល់ដឹងអំសេរីភាពក្នុងការនិពន្ធ។”

សហផលិតករ នៃកម្មវិធី The Rapper Cambodia

ផលិតកម្មបារមីគឺជាផលិតកម្មរៀបចំនិងដឹកនាំការប្រគំតន្ត្រីខ្នាតធំនិងផលិតកម្មឌីជីថលដែលមានគុណភាពខ្ពស់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេសកម្ពុជាហើយក៏ជាទ្រនំរបស់តារាចម្រៀងលំដាប់ថ្នាក់អន្តរជាតិ ដូចជា៖Vannda, Sophia Kao, Vanthan, Polarix, ក្រុមតន្ត្រីទើបលេចចេញពន្លក La Cima Cartel ហើយនិងសិល្បករផ្សេងៗទៀត។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផលិតកម្មបារមីបានធ្វើវឌ្ឍនភាព និងទំនើបកម្មវប្បធម៌ខ្មែរជាមួយនឹងតន្ត្រី​ Hip Hop ហើយទទួលបាននូវភាពជោគជ័យធំៗដូចជា៖​ បទចម្រៀង Time To Rise របស់លោក វណ្ណដា បានផ្ទុះយ៉ាងកក្រើកខ្លាំងលើឆាកអន្តរជាតិ ហើយនិងការប្រគំតន្ត្រីទេសចរណ៍សិល្បករទោល Solo Artist “ Skull Tour” ឆ្លងកាត់៥ខេត្តរាជធានី។ ផលិតកម្មបារមីបានជំនះឧបសគ្គក៏ដូចជាត្រួសត្រាយផ្លូវឱ្យសិល្បករខ្មែរធ្វើដំណើរទៅចូលរួមកម្មវិធីតន្រ្តីអន្តរជាតិល្បីៗមានប្រជាប្រិយភាពខ្លាំងនៅក្នុងតំបន់អាសុីអាគ្នេយ៍ដូចជា Big Mountain Music Festival, Wonderfruit, និង Maho Rasop Music Festival ក្នុងប្រទេសថៃ ថែមទាំង ASEAN Music Showcase នៅប្រទេសសិង្ហបុរីផងដែរ។

ភ្លើងគប់ គឺជាអង្គការមិនស្វែងរកប្រាក់កម្រៃ ដែលត្រូវបានបង្កើតនិងធ្វើប្រតិបត្តិការឡើងដោយ សិស្ស និសិត្សដែលស្រលាញ់សិល្បៈ និងមានគោលបំណងចង់ឱ្យសិល្បៈខ្មែរពីអតីតកាលរួសរានមានជីវិតឡើង វិញដោយធ្វើការរៀបចំបង្កើតព្រឹត្តិការណ៍សិល្បៈវប្បធម៌ដែលអាចរួបរួមប្រជាជនខ្មែរដែលកំពុងរស់នៅ ទាំងក្នុងមាតុប្រទេស និងតាមបណ្តាប្រទេសនានាឱ្យជួយផ្សព្វផ្សាយបំផុសបំផុលសិល្បៈខ្មែរទៅកាន់ ឆាកអន្តរជាតិផ្សេងៗពាសពេញពិភពលោក។

Tiktok: https://www.tiktok.com/@therappercambodia Facebook: https://www.facebook.com/TheRapperCambodia/ Instagram: https://www.instagram.com/therappercambodia/ Youtube: https://shorturl.at/rsFL0

មតិយោបល់