• 2023-09-12 07:31:42
  • ព័ត៌មាន

ស្ទង់ស្ទៀបអាជីវកម្មក្រៅសិល្បៈលើកដំបូង បញ្ញាសិទ្ធ បោះទុនបើកហាងតូចមួយនៅម្ដុំបឹងត្របែក

  • 2023-09-12 07:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង បញ្ញាសិទ្ធ ធ្លាប់ជួបវិបត្ដិសេដ្ឋកិច្ចធ្ងន់ធ្ងរ រហូតដកខ្លួនចេញពីវិស័យសិល្បៈមួយរយៈធំទៅធ្វើជាអ្នកលក់ខោអាវឲ្យគេនៅប្រទេសថៃ ដើម្បីយកលុយទៅព្យាបាល និងវះកាត់ជំងឺម្ដាយជាបន្ដបន្ទាប់។ ឥឡូវនេះ អ្វីហាក់ប្រែប្រួលលឿនមែនទែន ក្រោយបានវិលត្រឡប់មករស់នៅខ្មែរ និងចាប់អាជីពសម្ដែងពេញលេញឡើងវិញ ហើយក៏ទទួលបានកុងត្រាការងារល្អជាហូរហែ។

អ្វីដែលគេកត់សម្គាល់នោះ គឺក្រោយខំតស៊ូព្យាយាមក្នុងអាជីពសម្តែង និងស្ពតពាណិជ្ជកម្មនានា បញ្ញាសិទ្ធ បានជួយជ្រោមជ្រែងជីវភាព និងមើលថែម្ដាយ និងឪពុកចាស់គ្រាន់ប្រសើរជាងមុន ហើយក៏សន្យំប្រាក់មួយចំនួនទៀតផង។ ទន្ទឹមគ្នានេះ លោកប្រកាសបើកហាងលក់គ្រឿងសមុទ្រ និងម្ហូបកុម្ម៉ង់ តូចមួយផ្ទាល់ខ្លួន ដើម្បីបង្កើនចំណូលប្រចាំថ្ងៃ។

ក្នុងឱកាសសម្ពោធបើកហាងថ្មី ដែលរៀបចំឡើងចំថ្ងៃខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ លោក បញ្ញាសិទ្ធ បានបញ្ជាក់ថា ក្រោយពីសន្សំលុយបានខ្លះ បូកជាមួយលុយនៅសល់ខ្លះពីការព្យាបាលម្តាយសរុបជិត ៤000 ដុល្លារ ទើបអាចបើកដំណើរការនូវហាងលក់គ្រឿងសមុទ្រមួយឈ្មោះ “ឆ្នេកែប” ស្ថិតនៅចំហៀងផ្សាររតនាផ្លាហ្សា បឹងត្របែកបាន។

បើតាមតារាសម្ដែងរូបនេះ ដំណើរការនៅហាង “ឆ្នេកែប” គឺមានបងស្រីធម៌ម្នាក់ទៀតចាំជួយមើលការខុសត្រូវដោយផ្ទាល់។ បើទោះបីជាមមាញឹកក្នុងការងារសិល្បៈយ៉ាងណាក្ដី ក៏លោកឆ្លៀតពេលគ្រប់គ្រងហាង និងការរកស៊ីដទៃទៀត ដោយមិនអាចរង់ចាំចំណូលតែមួយមុខៗនោះទេ។

សូមរំលឹកថា កាលពីដើមឆ្នាំ២០២៣ ស្រាប់តែស្ថានភាពជំងឺម្តាយរបស់លោកឈានដល់ដំណាក់កាលត្រូវវះកាត់ភ្លាមៗ ដើម្បីយកគ្រួសក្នុងតម្រងនោម និងពោះវៀន ដែលត្រូវការប្រាក់ខ្ទង់ម៉ឺនដុល្លារ។ ប៉ុន្ដែដោយពេលនោះលោកទទួលបានការសណ្ដោសប្រណីពីសម្ដេច ហ៊ុន សែន ព្រមទាំងមិត្ដសិល្បៈជាច្រើនបានផ្ដល់ជំនួយសប្បុរសធម៌ជាបន្ដបន្ទាប់ រហូតមានលទ្ធភាពបញ្ជូនម្ដាយរបស់លោកទៅសង្គ្រោះនៅប្រទេសថៃ។ ក្រោយភ្លៀងរាំង មេឃស្រឡះ បញ្ញាសិទ្ធ ក៏បញ្ជូនម្ដាយមកស្រុកវិញ ហើយលោកក៏ត្រូវបានម្ចាស់ផលិតកម្ម និងក្រុមហ៊ុនមួយចំនួនបានផ្ដល់ឱកាសការងារឲ្យលោកជាហូរហែ៕

ជិន សុភ័ក្ដ្រ

មតិយោបល់