- 2023-09-15 03:04:28
- ព័ត៌មាន
ណូយ វ៉ាន់ណេត ប្រាប់មូលហេតុនាំឲ្យអគ្គីភ័យឆាបឆេះផ្ទះ ខូចខាតទ្រព្យសម្បត្ដិខ្ទង់ម៉ឺនដុល្លារ
- 2023-09-15 03:04:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណូយ វ៉ាន់ណេត ប្រាប់មូលហេតុនាំឲ្យអគ្គីភ័យឆាបឆេះផ្ទះ ខូចខាតទ្រព្យសម្បត្ដិខ្ទង់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
កាលពីម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ផ្ទះវីឡាមួយខ្នងរបស់តារាចម្រៀង ណូយ វ៉ាន់ណេត ស្ថិតនៅម្ដុំវត្ដជំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានអគ្គីភ័យឆាបឆេះ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្ដិមួយចំនួន តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់ស្លាប់ ឬរបួសឡើយរួមទាំងកូនរបស់លោកម្នាក់កំពុងស្នាក់នៅក្នុងផ្ទះពេលកំពុងភ្លើងឆាបឆេះនោះផង។
លោក ណូយ វ៉ាន់ណេត បានប្រាប់Sabay នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ថា ហេតុការណ៍នេះបានកើតឡើងក្នុងពេលដែលលោកចុះទៅបំពេញការងារតាមខេត្ដ ដោយទុកឲ្យកូនបង្កើតម្នាក់ និងអ្នកនៅក្នុងផ្ទះជាមួយជួយមើលការខុសត្រូវដែរ ប៉ុន្ដែមិនអាចពន្លត់ឈ្នះ បើទោះបីជាខំប្រើបំពង់បាញ់ពន្លត់អគ្គីភ័យច្រើនធុងក្ដី។
លោក ណូយ វ៉ាន់ណេត៖ “បញ្ហាបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយយើងពន្លត់យ៉ាងម៉េចក៏អត់ឈ្នះដែរ! ឆេះ…នៅចន្លោះម៉ោង១២ ទៅម៉ោង១អីនឹង ខូចអស់សាឡុង គ្រែ និងពិដានលើទាំងអស់។ ខ្ញុំត្រូវជួសជុលវាឡើងវិញ ហើយបើគិតជាប្រាក់ទៅជិត ១ម៉ឺនដុល្លារ”។
កន្លងទៅលោក ណូយ វ៉ាន់ណេត ធ្លាប់បង្ហើបថា លោកមានផ្ទះចំនួន ៤កន្លែង ដោយផ្ទះមួយនៅខេត្ដកំពង់ស្ពឺ សម្រាប់លោកទៅកម្សាន្ដ និងដាំដំណាំ ឬបន្លែធម្មជាតិហូប និងផ្ទះរស់នៅសព្វថ្ងៃ គឺផ្ទះដែលបានឆេះនៅម្ដុំវត្ដជំពុះក្បែកនេះឯង។ រីឯផ្ទះពីកន្លែងទៀត គឺលោកជួលឲ្យគេ គ្រាន់បានប្រាក់ចំណួលបន្ថែមពីការងារសិល្បៈ។ សម្រាប់ការខូចខាតផ្ទះ នេះ លោកថានឹងត្រូវប្រម៉ែប្រមូលលុយមកជួសជុលភ្លាមៗ ដើម្បីគ្រួសារលោករស់នៅ៕