• 2023-09-17 03:51:23
  • ព័ត៌មាន

ពិព័រណ៍វិស័យម្ហូបអាហារ និងសណ្ឋាគារ ឆ្នាំ២០២៣ បានបិទបញ្ចប់ក្រោមក្រសែភ្នែកមហាជនរាប់ម៉ឺននាក់

  • 2023-09-17 03:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការតាំងពិព័រណ៍វិស័យម្ហូបអាហារ និងសណ្ឋាគារ ឆ្នាំ២០២៣ រយៈពេល ៣ថ្ងៃ បានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ កម្មវិធីដែលមានការប្រកួតប្រជែងផ្នែកមុខម្ហូប និងបដិសណ្ឋារកិច្ច ក្នុងន័យលើកកម្ពស់វិស័យទេសចរណ៍ និងចំណីអាហារនៅកម្ពុជាជាច្រើនផ្នែក ក៏ត្រូវបានបង្ហាញជូនមហាជនក្នុងឱកាសដែលអ្នកចូលរួមទាំងអស់ បានភ្លក្សនូវរសជាតិម្ហូបអាហារ និងផលិតផលចំណីអាហារដ៏មានគុណភាពដោយឥតគិតថ្លៃ។

ហេង លីមួយ គឺជាសិស្សស្រីរៀននៅវិទ្យាល័យបាក់ខែង រាជធានីភ្នំពេញ ម្នាក់ ក្នុងចំណោមមិត្ដភក្ដិចំនួន ៨នាក់ ផ្សេងទៀត បានចូលទស្សនាស្ដង់ពិព័រណ៍ និងភ្លក្សផលិតផលចំណីអាហារជាច្រើនមុខ ចាប់តាំងពីម៉ោង ២រសៀលថ្ងៃទី១៦ ខែកញ្ញា។ លីមួយ ថាការតាំងពិព័រណ៍វិស័យម្ហូបអាហារ និងសណ្ឋាគារឆ្នាំនេះ ពិតជាអស្ចារ្យ ព្រោះមានស្ដង់រាប់រយជាមួយផលិតផលប្លែកៗ។ អ្វីដែលកញ្ញាចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺស្ដង់របស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ ក្រោយពីបានភ្លក្សនូវរស់ជាតិទឹកដោះគោស្រស់ និងយ៉ាអ៊ួដ៏ឆ្ងាញ់។

ចំណែកអ្នកស្រី ផន វលក្ខណ៍ និយាយថា វាគឺជាលើកទី១ ដែលអ្នកស្រីបានមកចូលរួមកម្មវិធីដូច្នេះ បើទោះបីជាមានមនុស្សច្រើន ហើយចង្អៀតខ្លាំងនៅថ្ងៃចុងក្រោយនេះមែន ប៉ុន្ដែអ្នកស្រីសប្បាយចិត្ដ ព្រោះបានឃើញការរីកចម្រើនខាងវិស័យមុខម្ហូបអាហារនៅកម្ពុជា។ អ្នកស្រីសង្កេតឃើញ មុខម្ហូបមួយចំនួន គឺមានបែបផែនជាម្ហូបអ៊ឺរ៉ុប ដែលអាចបម្រើជូនដល់ភ្ញៀវអន្ដរជាតិមកកម្សាន្ដ ឬធ្វើការនៅកម្ពុជា អាចទទួលសេវាទាំងនេះបានដោយងាយ។

អ្នកស្រី ផន វលក្ខណ៍ ក៏ឆ្លៀតបានចូលមើលការប្រកួត និងបង្ហាញមុខបេក្ខជនប្រឡងលើការប្រកួតធ្វើម្ហូប និងបដិសណ្ឋាកិច្ចជាច្រើនផ្នែក។ ពេលឃើញបែបនេះ អ្នកស្រីយល់ថា កម្ពុជាមិនត្រឹមតែរីកចម្រើនតែខាងម្ហូបអាហារនោះទេ គឺមានទាំងចុងភៅ បុគ្គលិកផ្នែកសណ្ឋាគារទាំងជនជាតិខ្មែរ និងបរទេសមានសមត្ថភាពខ្លាំងៗ ដើម្បីបម្រើនជូនភ្ញៀវផងដែរ។

ក្នុងឱកាសបិទ និងប្រគល់មេដាយដល់ម្ចាស់ជយលាភី និងបុគ្គលិកក្នុងការប្រកួតប្រជែងជំនាញផ្នែកបដិសណ្ឋារកិច្ច រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោក គុជ បញ្ញាសា បានសង្កត់ធ្ងន់ថា នៅក្នុងឧស្សាហកម្មទេសចរ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាឧស្សាហកម្មគ្មានផ្សែង ឬឧស្សាហកម្មបៃតង។

លោក គុជ បញ្ញាសា៖ “អីចឹងដើម្បីឲ្យដូចទៅនឹងការប្រសិទ្ធនាមរបស់រាជរដ្ឋាភិបាលលើវិស័យនេះ យើងត្រូវការការចូលរួមពីប្រជាពលរដ្ឋពីគ្រប់មជ្ឃដ្ឋាន ជាពិសេសយុវជន យុវនារី ដែលជាចលករយ៉ាងសំខាន់សម្រាប់ប្រទេសជាតិ។ ដូចជាការទុកដាក់សំរាម និងចោលសំរាមជាដើម គឺផ្ដើមចេញពីយើងម្នាក់ៗ ដើម្បីឲ្យកម្ពុជាកាន់តែបៃតង”។

សូមរំលឹកថា កម្ពុជា ធ្លាប់អាក់ខានប្រារព្វពិធីតាំងពិព័រណ៍ម្ហូបអាហារ និងសណ្ឋាគារ ២ឆ្នាំជាប់គ្នា ដោយសារជំងឺកូវីដ-១៩ ប៉ុន្ដែការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងវិញកាន់តែធំ និងអស្ចារ្យរយៈពេល ២ឆ្នាំចុងក្រោយនេះ គឺនៅឆ្នាំ២០២២ និងឆ្នាំ២០២៣។ ការតាំងពិព័រណ៍វិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងនៅមជ្ឃមណ្ឌលកោះពេជ្រ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ដោយមានការចូលរួមពីមន្ដ្រីរដ្ឋាភិបាល បុគ្គលិកវិស័យម្ហូបអារហារ និងសណ្ឋាគារ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្ដរជាតិរាប់ម៉ឺននាក់៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី