• 2023-09-20 07:03:39
  • ព័ត៌មាន

ឃើញប៉មដ៏ប្រណីត​មួយលេចឡើងចំកំពូលភ្នំ ស្រាប់តែ សាយ សៀរ៉ា បង្កើតចម្ងល់ដាក់ តាន់ គីមសួរ ភ្លាម!

  • 2023-09-20 07:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាន់ គីមសួរ គឺជាយុវជនខ្មែរម្នាក់ បានចូលរួមច្រើនក្នុងការអភិរក្សព្រៃឈើ និងបង្ហាញសក្ដានុពលធម្មជាតិជាច្រើនចេញពីជួរភ្នំឱរ៉ាល់។ ថ្ងៃនេះលោក បានបញ្ចេញរូបថតប៉មមួយយ៉ាងប្រណីត អណ្ដែតត្រសែតនៅចំកណ្ដាលព្រៃភ្នំឱរ៉ាល់ ធ្វើឲ្យមហាជន រួមទាំងអ្នកសិល្បៈខ្លះផងចាប់អារម្មណ៍។

ពេលឃើញលោក តាន់ គីមសួរ បង្ហោះរូបថតបែបនេះ លោក សាយ សៀរ៉ា ដែលជាតារាសម្ដែងម្នាក់ធ្លាប់ចូលរួមដាំដើមឈើ និងឧស្សាចូលរួមក្នុងការងារសង្គមដែរនោះ បានកើតជាចម្ងល់មួយថា ប្រទេសយើងដែលមានសក្ដានុពលទេសចរតាមតំបន់ភ្នំបែបនេះហើយ ម្ដេចមិនមានខ្សែកាបជិះដូចប្រទេសជិតខាង។ សំណួរនេះ ប្រហែលជាលោកចង់សួរទៅ តាន់ គីមសួរ ប៉ុន្ដែពុំឃើញមានការឆ្លើយតប ទើបលោកបន្ថែមថា៖ “គួរតែមាន ព្រោះមិនថាខ្ញុំ ឬគេទេចង់ទៅមើល(ជិះ) នៅលើកំពូលភ្នំឱរ៉ាល់ ភ្នំខ្នងផ្សារ និងនៅតាមកោះផ្សេងៗទៀត”។

ភ្ជាប់ជាមួយរូបថតទេសភាពដ៏ប្រណីតដែលលោក តាន់ គីមសួរ បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកសួរទៅកាន់អ្នកគាំទ្រថា៖ “អីយ៉ូយ…បងប្អូនយល់ឃើញយ៉ាងណាដែរ?”។ ឆ្លើយទៅនឹងសំនួរនោះ មានអ្នកគាំទ្រភាគច្រើនបង្ហាញការស្រឡាញ់ និងសរសើរថាទេសភាពស្អាត។

ទាក់ទងរឿងនេះ នៅរសៀលថ្ងៃទី២០ ខែកញ្ញា លោក តាន់ គីមសួរ ក៏បង្កើតកម្មវិធីស្ទង់មតិមួយ ដោយចង់បានការគាំទ្រពីមនុស្ស ១០០០នាក់ ដើម្បីសិក្សាគម្រោងសាងសង់ប៉មតាមបែបស្ថាបត្យកម្មខ្មែរនៅលើកំពូលភ្នំឱរ៉ាល់ ដែលជាទីទួលខ្ពស់ជាងគេនៅកម្ពុជា។ ពេលបានឃើញការស្ទង់មតិមានការគាំទ្រច្រើនតាមរយៈផេកហ្វេសប៊ុករបស់ តាន់ គីមសួរ​ ខណៈដែលអ្នកខ្លះឆ្ងល់ថាតើប៉មនេះបានកើតមួយហើយឬនៅ? ប៉ុន្ដែមានមនុស្សច្រើនណាស់បានគាំទ្រឲ្យមាន​ការបង្កើត ឬសង់ប៉មបែបនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់