- 2023-10-02 03:50:35
- ព័ត៌មាន
មុនឡើងយន្ដហោះទៅជប៉ុន និងកូរ៉េ ហង្ស ម៉ារ៉ានី បង្ហើបថា ការងារសិល្បៈមានច្រើន តែមិនសូវមានពេលសម្ដែង
- 2023-10-02 03:50:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនឡើងយន្ដហោះទៅជប៉ុន និងកូរ៉េ ហង្ស ម៉ារ៉ានី បង្ហើបថា ការងារសិល្បៈមានច្រើន តែមិនសូវមានពេលសម្ដែង
ចន្លោះមិនឃើញ
តារាសម្ដែងរាងតូចច្រឡឹង ហង្ស ម៉ារ៉ានី អះអាងថា សព្វថ្ងៃនៅមានក្រុមហ៊ុន និងផលិតកម្មមួយចំនួនបានទាក់ទងខ្លួន ដើម្បីថតខ្សែភាពយន្ដ និងស្ពតពាណិជ្ជកម្ម ប៉ុន្ដែដោយសាររវល់នឹងការងាររកស៊ីពេក ទើបឆ្លៀតថតបានតែស្ពតខ្លីៗមិនប្រើពេលយូរ ខណៈដែលកុងត្រាថតខ្សែភាពយន្ដដែលប្រើពេលយូរ ត្រូវបានបដិសេធទាំងស្រុង។
មុនឡើងយន្ដហោះទៅប្រទេសជប៉ុន និងកូរ៉េ ដើម្បីបំពេញភារកិច្ចក្នុងមុខជំនួញកាលពីចុងសប្ដាហ៍មុន លោកស្រី ហង្ស ម៉ារ៉ានី និងស្វាមី បានថ្លែងចំពោះអ្នកសារព័ត៌មានជាច្រើនស្ថាប័នថា ប្រឡូកក្នុងអាជីពសិល្បៈ និងរកស៊ីផ្នែកលក់ផលិតផលថែទាំសម្រស់ច្រើនឆ្នាំ ធ្វើឲ្យគ្រួសារមានលទ្ធភាពរួមចំណែកជួយសង្គមតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន។ ប៉ុន្ដែសកម្មភាពមនុស្សធម៌ និងការងាររកស៊ី បានធ្វើឲ្យលោកស្រីរវល់ស្ទើរដកឃ្លាមិនរួច ទើបបង្ខំចិត្ដឲ្យលោកស្រីត្រូវផ្ដាច់ការងារថតភាពយន្ដទាំងក្ដីស្រឡាញ់។
ហង្ស ម៉ារ៉ានី៖ “រូបខ្ញុំមានអ្វីៗនៅថ្ងៃនេះ ក៏ដោយសារតែសិល្បៈ ព្រោះខ្ញុំឈានជើងចូលសិល្បហ្នឹងយូរឆ្នាំដែរហើយ តែក្រោយមកខ្ញុំក៏មានគ្រួសារ មានកូន ទើបពិភាក្សាគ្នាចង់រកស៊ីវិញ ហើយការងាររកស៊ីហ្នឹងក៏ដំណើរការរលូន ខ្ញុំក៏ត្រូវផ្អាកសិល្បៈមួយរយៈ។ សម្រាប់ខ្ញុំនៅស្រឡាញ់ណាស់សិល្បៈ តែយើងឆ្លៀតអត់បានសម្រាប់ថតរឿងវែងៗ ព្រោះប្រើពេលយូរ យើងក៏សម្រេចឆ្លៀតថតបានស្ពតតិចតួចទេ រាល់ថ្ងៃហ្នឹង”។
ក្រោយឆ្លងកាត់អាជីពសម្ដែងច្រើនឆ្នាំ ហង្ស ម៉ារ៉ានី ក៏ចិញ្ចឹមចិត្ដចង់ក្លាយជាពិធីការិនី និងតារាចម្រៀងដែរ ប៉ុន្ដែគោលបំណងទាំងពីរនេះ ហាក់ស្ថិតនៅឆ្ងាយ ព្រោះបច្ចុប្បន្នសំឡេងបែកនិយាយ ឬច្រៀងមិនសូវពីរោះ។ ទន្ទឹមគ្នានេះ ម៉ារ៉ានី ក៏បង្កើតក្ដីស្រម៉ៃផ្សេងទៀតដែរ ដោយខ្នះខ្នែងរកស៊ីលើវិស័យអនឡាញ នាំចូល និងចែកចាយផលិតផលថែទាំសម្រស់មានគុណភាពល្អ ដើម្បីផ្ដល់ភាពស្រស់ស្អាតដល់នារីៗ និងចង់មានលទ្ធភាព និងពេលវេលាកាន់តែច្រើនសម្រាប់ជួយសង្គម តាមរយៈសកម្មភាពមនុស្សធម៌ទុកជាគំរូដល់កូនៗ។
សូមបញ្ជាក់ថា ហង្ស ម៉ារ៉ានី និងស្វាមី ទើបទទួលបានគោរមងារជាឧកញ៉ា ទាំងពីរនាក់ប្ដី-ប្រពន្ធ ក្រោយពីចេញមុខបរិច្ចាគជំនួយសប្បុរសធម៌ និងចូលរួមសកម្មភាពជួយសង្គមជាច្រើន ទន្ទឹមនឹងការងារសិល្បៈ និងការរកស៊ី ត្រូវបានគេមើលឃើញថារីកចម្រើនខ្លាំង។ ជាក់ស្ដែងថ្មីៗនេះ ឆ្លៀតក្នុងពេលបំពេញការងាររកស៊ីជាច្រើនសប្ដាហ៍នៅប្រទេសកូរ៉េ និងជប៉ុន ហង្ស ម៉ារ៉ានី ក៏បាននាំយកទង់ជាតិរបស់ខ្មែរ ទៅកាន់ឆាកអន្ដរជាតិ ដើម្បីបង្ហាញមហាជន និងអ្នកជំនួញបរទេសដែលជាដៃគូសហការរកស៊ីបានស្គាល់កម្ពុជាផងដែរ៕