• 2023-10-20 12:13:25
  • ព័ត៌មាន

ភ្ញាក់ផ្អើល! កំពូលសម្រស់ អូន បរម៉ី ត្រៀមខ្លួនចូលពេទ្យវះកាត់សន្លាក់

  • 2023-10-20 12:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងម៉ូដែលធ្លាប់លេចធ្លោក្នុងរង្វង់សិល្បៈ គឺកញ្ញា អូន បរម៉ី ស្រាប់តែបាត់មុខភ្លាមៗពីមហាជន។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ កញ្ញាបានបង្ហាញវត្ដមានជាមួយនឹងទុក្ខព្រួយយ៉ាងខ្លាំង ហើយពោលថា ខ្លួនអាចនឹងបាត់មុខពីសិល្បៈមួយរយៈធំ ដោយសារបញ្ហាសន្លាក់ជង្គង់មានទឹកដក់ ត្រៀមវះកាត់បូមទឹកចេញ ហើយត្រូវសម្រាកព្យាបាលច្រើនខែ។

កាលពី ៣ខែមុន កញ្ញា អូន បរម៉ី បានចេញទៅថតស្ពតឲ្យក្រុមហ៊ុនមួយ នៅខេត្ដសៀមរាប។ នៅពេលថ្ងៃកញ្ញាអាចបំពេញការងារថតបានជាធម្មតា ប៉ុន្ដែស្រាប់តែយប់ឡើង កញ្ញាមានអាការៈឈឺជង្គង់ទាំងសងខាង ហើយហើមដើរលែងរួចតែម្ដង។ ភ្លាមនោះ បូរមី ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមួយនៅក្រុងសៀមរាប។ ដោយមិនអស់ចិត្ដ កញ្ញា អូន បរម៉ី ក៏ចេញទៅពិគ្រោះ និងពិនិត្យព្យាបាលនៅប្រទេសថៃទៀត។ លទ្ធផល គឺចេញមកដូចគ្នានៅពេទ្យស្រុកខ្មែរដែរ គឺមានបញ្ហាសន្លាក់ធ្ងន់ធ្ងរ ហើយត្រូវការវះកាត់ជៀសមិនរួច ប៉ុន្ដែពេលនេះកញ្ញាថានឹងត្រៀមវះកាត់ ដើម្បីមូមទឹកចេញពីសន្លាក់នោះហើយ តែមិនទាន់កំណត់ថ្ងៃចេញទៅវះកាត់ច្បាស់លាស់នៅឡើយទេ។

កំពូលសម្រស់ អូន បរម៉ី បានប្រាប់ Sabay ទាំងទុក្ខព្រួយនៅមុននេះបន្ដិចថា សព្វថ្ងៃមានតែកញ្ញាម្នាក់គត់ដែលជាអ្នករកប្រាក់ ផ្គត់ផ្គង់គ្រួសារ ហើយពេលនេះកញ្ញាត្រូវសម្រាកព្យាបាលរយៈពេលយូរចំណាយលុយព្យាបាលច្រើន ហើយចំណូលប្រចាំថ្ងៃក្នុងគ្រួសារក៏បាត់បង់។ ទន្ទឹមគ្នានេះ បរម៉ី ក៏សុំទោសមហាជន ជាពិសេសអ្នកគាំទ្រចំពោះការបាត់វត្ដមានរបស់កញ្ញាពីសិល្បៈមួយរយៈ ហើយសង្ឃឹមថាមហាជន នឹងបានឃើញវត្ដមានកញ្ញាជាថ្មី ក្រោយពេលជំងឺជាសះស្បើយ។

កញ្ញា អូន បរម៉ី៖ “ឥឡូវនេះ ប្អូនកំពុងគេលើគ្រែ ពាក់ខោទឹកនោម…ខ្ញុំមានបញ្ហាផ្លូវចិត្ដខ្លាំងមែនទែន! មិនដឹងទៅពឹងអ្នកណាទេ ព្រោះខ្ញុំជាមេគ្រួសារ តែខ្ញុំដួលមួយហើយ គឺយ៉ាប់ទាំងអស់ហ្នឹងហើយ ម្ដាយខ្ញុំគាត់មេម៉ាយ”។

បើតាមតារាសម្ដែង ជាតារាម៉ូដែលដ៏លេចធ្លោរូបនេះ ក្រុមហ៊ុនមួយចំនួន បានទាក់ទងកញ្ញាដើម្បីថត ប៉ុន្ដែត្រូវនាងបដិសេធដោយសារបញ្ហាជង្គង់។ ពេលធ្លាក់ខ្លួនឈឺភ្លាមៗ បរម៉ី ត្រូវចោលការងារថតMV ឲ្យផលិតកម្មថោន និងខ្សែភាពយន្ដមួយទៀតដែលអ្នកដឹកនាំសម្ដែងបានទាក់ទងនាងថតជាយូរមកហើយនោះ ប៉ុន្ដែអ្វីៗត្រូវរាំងស្ទះ ដោយសារតែជំងឺសន្លាក់ដ៏មិននឹកស្នាន៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី