• 2023-10-25 04:27:07
  • ព័ត៌មាន

ជាបុគ្គលិកលេចធ្លោក្នុងក្រុមហ៊ុនមួយ តែ គាង តាំងគន នៅតែចង់ក្លាយជាតារាសម្ដែងអាជីព

  • 2023-10-25 04:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់ការសម្ដែង និងដើរម៉ូតឲ្យក្រុមហ៊ុនផលិតស្ពត និងម៉ូដែលមួយចំនួន លោក គាង តាំងគន កាន់តែស្រឡាញ់វិស័យសិល្បៈ ហើយប្ដេជ្ញាថានឹងប្រឡូកក្នុងវិស័យសម្ដែង ដើរម៉ូត និងធ្វើជាពិធីករអាជីព ទៅថ្ងៃអនាគត។

គិតត្រឹមខែតុលា ឆ្នាំ២០២៣ នេះ តាំងគន បានថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនល្បីៗនៅកម្ពុជាបានចំនួន ៦ហើយ ហើយខ្សែភាពយន្ដជីវិត ឬរឿងខ្លីៗវិញ គឺថតបានចំនួន ៣រឿង។ ក្នុងនោះមានរឿង “ដើរលេងជួបស្នេហ៍” ដែលជាខ្សែភាពយន្ដបែបមនោសញ្ចេតនា ហើយវាក៏ជារឿងដំបូង ដែលលោកស្រឡាញ់ជាងគេ បន្ទាប់មក គឺរឿង“ទិវាអ្នកម្ដាយ”ដែលនិយាយពីគុណម្ដាយ ហើយវាក៏ជារឿងដែលលោកមានឱកាសបានថតជាមួយតារាជើងចាស់ជាច្រើនរូបដែរ។

សម្រាប់រឿងទី៣ គឺជាខ្សែភាពយន្ដខ្លីផលិតដោយក្រុមហ៊ុន Sabay នឹងចេញក្នុងពេលឆាប់ៗនេះ។ វាជារឿងដែលលោកពេញចិត្ដខ្លាំងមួយទៀតក្នុងចំណោមរឿងទាំង ៣ ព្រោះលោកបានសម្ដែងយ៉ាងអស់ពីចិត្ដ។ គាង តាំងគន ជឿថា ខ្សែភាពយន្ដក្រោយនេះ នឹងមានអ្នកគាំទ្រ និងទស្សនាកាន់ច្រើន ហើយវាក៏ជាកម្លាំងចិត្ដមួយជំរុញឲ្យលោកឈោងចាប់ក្ដីស្រមៃជាតួអាជីពឲ្យបាន។

ក្នុងវ័យ ២៦ឆ្នាំ លោក គាង តាំងគន ជាបុគ្គលិកផ្នែកទីផ្សារម្នាក់នៅក្រុមហ៊ុនឯកជនមួយ។ ឆ្លៀតថ្ងៃសៅរ៍ និងអាទិត្យ ដែលក្រុមហ៊ុនលោកឈប់សម្រាក លោកតែងតែចូលរួមក្នុងកម្មវិធីសិល្បៈនានា ដើម្បីបង្កើនសមត្ថភាពសម្ដែង ដើរម៉ូត និងជំនាញជាពិធីករ។ ទន្ទឹមគ្នានេះ តាំងគន ដែលមានរូបសម្បត្ដិស្រស់សង្ហា បានដាក់គោលដៅចាប់យកអាជីពសិល្បៈពេញលេញក្នុងពេលដ៏ខ្លីខាងមុខ បើស្ថានភាពការងារសិល្បៈដែលលោកខំប្រឡូកតាំងពីឆ្នាំ២០២១ នោះ បានជោគជ័យមួយកម្រិតទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់