• 2023-11-17 08:05:32
  • ព័ត៌មាន

មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ចាប់ផ្តើមប្រារព្ធហើយក្នុងទីរួមខេត្តក្រចេះ

  • 2023-11-17 08:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមប្រារព្ធ ពិធីបើករបស់ខ្លួននៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួម និង គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ក្រសួងបរិស្ថាន អភិបាលរងខេត្ត យូនីសេហ្វ កម្ពុអ៊ែរ៉ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ និង ឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត) ជាច្រើននាក់យ៉ាងអាធិកអាធមដើម្បីរួមគ្នាអបអរ ទិវាកុមារពិភពលោក ក៏ដូចជាសាទរដល់យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក» ក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។

«បុណ្យភូមិមានជើង» គឺជាកម្មវិធីមួយដែលកើតចេញពី មហោស្រពសិល្បៈបុណ្យភូមិ ដែលតែងតែ រៀបចំនៅរាជធានីភ្នំពេញ។ រយ:ពេល១០ឆ្នាំនៃការផ្សព្ធផ្សាយនូវវប្បធម៌ ប្រពៃណី និងសិល្បៈគ្រប់ទម្រង់របស់ខ្មែរ កម្មវិធីនេះគឺតែងតែទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដូច្នេះហើយបុណ្យភូមិមានជើង នឹងបោះជំហានទៅគ្រប់ខេត្តក្រុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដោយជំហានដំបូងនេះ បុណ្យភូមិមានជើង បានធ្វើដំណើរមកកាន់ខេត្តក្រចេះ ដែលជាខេត្តដំបូងនៃការរៀបចំកម្មវិធីរបស់ខ្លួន។

កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកនៃមហោស្រពសិល្បៈ បុណ្យភូមិ និង ជាអ្នកដឹកនាំការរៀបចំកម្មវិធី បុណ្យភូមិមានជើង បានអោយដឹងពីមូលហេតុនៃការបោះជំហាននៅតាមបណ្តាខេត្តថា «យើងចង់ចូលរួមផ្សព្ធផ្សាយពីតំបន់ដែលមានធម្មជាតិស្រស់ស្អាត និង សំបូរទៅដោយវប្បធម៌ ដល់ប្រជាជនកម្ពុជាដែលគាត់មិនដែលបានចាប់អារម្មណ៍។ ជាក់ស្តែងដូចជាខេត្តក្រចេះ ដែលជាខេត្តមួយដែលមានសត្វផ្សោតទឹកសាប ដែលចាត់ទុកថាជាសត្វកម្រមួយ ហើយមានតែនៅក្នុងខេត្តក្រចេះ នៃប្រទេសកម្ពុជា»។ កញ្ញាបានបន្តទៀតថា៖ «ខេត្តក្រចេះគឺជាខេត្តដែលជាប់នៅតាមបណ្តោយទន្លេមេគង្គ ដូច្នេះប្រជាជនដែលរស់នៅតាមប្រាស្រ័យទឹកទន្លេសុទ្ធតែមានវប្បធម៌ និង ប្រពៃណី នៃការរស់នៅដ៏គួរចាប់អារម្មណ៍ ដូច្នេះយើងពិតជាចង់អោយប្រជាជនកម្ពុជាដាក់ខេត្តក្រចេះនៅក្នុងបេះដូងថាជាតំបន់មួយដ៏គួរអោយចាប់អារម្មណ៍នៅក្នុងដួងចិត្តរបស់ពួកគេ»។

កម្មវិធីបុណ្យភូមិមានជើងក៏ទទួលបានកិច្ចសហការពីយូនីសេហ្វក្នុងគោលបំណងរួមគ្នាដើម្បីអបអរសាទរទិវាកុមារពិភពលោក។ ជាផ្នែកមួយនៃការចូលរួមអបអរទិវាកុមារពិភពលោក បុណ្យភូមិមានជើងបានរៀបចំការហ្វឹកហាត់ដល់ ឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត) ដោយបានអញ្ជើញវាគ្មិនកិត្តិយសជាច្រើន មកផ្តល់ចំណេះដឹង និងបទពិសោធ ក្រោមប្រធានបទផ្សេងៗដែលទាក់ទងនឹងអាជីវកម្ម ការធ្វើការងារជាក្រុម ការរកខ្លួនឯងមុនរកអាហារូបករណ៍។ ជាពិសេសទៀតនោះ! យូនីសេហ្វ និងបុណ្យភូមិមានជើង សហការរៀបចំសិក្ខាសាលាចែក រំលែកចំណេះដឹងលើប្រធានបទ សុខភាពផ្លូវចិត្ត អាហារូបត្ថម្ភ ការប្រែប្រួលអាកាសធាតុ និងការអភិរក្សបរិស្ថាន ជូនដល់ឡេឡេផ្សោតប្រមាណជាង១០០នាក់ និងបងប្អូនដែលនឹងមកចូលរួមកម្មវិធីបុណ្យភូមិមានជើង។

សូមបញ្ចាក់ថា «បុណ្យភូមិមានជើង» នៅខេត្តក្រចេះនេះនឹងធ្វើឡើងរយ:ពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ដោយមានការរៀបចំកម្មវិធីពិសេសៗជាច្រើនទៅតាមតំបន់សំខាន់នានានៅក្នុងខេត្តក្រចេះដូចជា៖

១/ អន្លង់ផ្សោតកាំពី៖ ដែលបុណ្យភូមិមានជើងជ្រើសរើសអន្លង់ផ្សោតព្រោះយើងមានគោលបំណងក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ដ៏ល្អឯកមានតែមួយគត់នេះឲ្យបានទូលំទូលាយពីការពន្យល់បង្ហាញការថែរក្សាអភិរក្សនូវសម្បត្តិធម្មជាតិមួយនេះដោយមានការចូលរួមធ្វើបទបង្ហាញពី ឡេឡផ្សោត (ក្រុមទេសចរណ៍)។

២/ សាលមហោស្រពខេត្តក្រចេះ៖

ដោយបានដាក់ទីតាំងនេះដើម្បីរៀបចំកម្មវិធីប្រកួតសមត្ថភាពរបស់សិស្សានុសិស្សដែលមានការចូលរួមពីបណ្ដា៣វិទ្យាល័យផ្សេងៗគ្នាដើម្បីប្រកួតប្រជែងគ្នានិងជាការគាំទ្រស្នាដៃទេពកោសល្យរបស់ពួកគេនិងជាការជម្រុញទឺកចិត្តពួកគេក្នុងការចាប់យកក្ដីស្រមៃបន្តទៀត។

៣/ វត្តរកាកណ្ដាលចាស់៖

ជាទីតាំងមួយដែលបានកំណត់ដើម្បីមកបើកបង្ហាញការសម្ដែងសិល្បៈបែបប្រពៃណី ការទស្សនាផ្សាយចំណេះដឹងផ្នែកសិល្បៈដោយនៅទីនោះ មានផ្ទះសិល្បៈផងដែរ។ លើសពីនេះទៅទៀតគឺជាការបង្ហាញស្មារតីសាមគ្គីភាពរួមគ្នាដោយមានការមើលល្ខោនស្បែកធំ រាំកម្សាន្ដ និង លេងល្បែងប្រជាប្រិយ។

៤/ ទីធ្លាវិមានឯករាជ្យនិងមាត់ទន្លេក្រុងក្រចេះ៖

ជាកន្លែងដែលបុណ្យភូមិមានជើងរបស់យើង បាននាំយកនូវភាពរីករាយបន្ថែមមកចែកជូន បងប្អូនដោយមានការរៀបចំនូវការប្រគុំតន្រ្តីសម័យដែលមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនរូបនៅវេលាម៉ោង៦ល្ងាចដល់៩និង៣០នាទីល្ងាច ថ្ងៃទី១៩ខែវិច្ឆិកា។

កម្មវិធីដ៏ធំសម្បើមនេះ ប្រព្រឹត្តទៅបានដោយមានកិច្ចសហការរៀបចំដោយយូនីសេហ្វ និងជំនួយអភិវឌ្ឍន៍ប្រទេសអូស្រ្តាលី ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា សហការជាមួយ បារមី គាំទ្រដោយកម្មវិធីមូលនិធិរុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់។

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

លោក រៀម ចំរើន

តួនាទី៖ ឡេឡេផ្សោត ផ្នែកទំនាក់ទំនង

ទូរស័ព្ទ៖ 097 5308 312

Telegram: 081 76 44 80

មតិយោបល់