• 2024-01-13 07:13:33
  • ព័ត៌មាន

ក្រោយបទ "CALL ME PAPA" ផ្ទុះខ្លាំង តារារ៉េបខ្មែរមួយជីវិត និយាយ ប៉ះលើកំពូលតារាចម្រៀង រៀមច្បង​ ២ដួង

  • 2024-01-13 07:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ប្អូនគ្មានសិទ្ធិមកចាត់ចែងបង ឲ្យច្រៀង ឬមិនច្រៀងចង្វាក់នេះ ឬចង្វាក់នោះទេ”។ នេះគឺជាការឆ្លើយតបរបស់កំពូល តារាចម្រៀង ខេមរៈ សិរីមន្ដ ដែលគេដឹងច្បាស់ថាម្ចាស់ បទ«CALL ME PAPA» ចង់ឆ្លើយតបទៅកាន់អ្នកចម្រៀងរ៉េបឈ្មោះ ខ្មែរមួយជីវិត ក្រោយពីខ្មែរមួយជីវិត បានលើកឡើង ក្នុងបទសម្ភាសន៍មួយ នាពេលកន្លងទៅ ថា វាជារឿងដ៏គួរឲ្យអាម៉ាសដែលមានអ្នកច្រៀងបទពីដើមៗ មកចង់ច្រៀងរ៉េបដូចក្មេងសម័យឥឡូវ ហើយថែទាំងបានលើកចំៗឈ្មោះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ និង កំពូលតារាចម្រៀងព្រាប សុវត្ថិ ទៀតផង ដោយមិនខ្លាចញញើត។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឧកញ៉ា ខេមរៈ សិរីមន្ដ បានលើកឡើងថា បើតាំងខ្លួនជាអ្នកសិល្បៈហើយ សូមកុំចង្អៀតចង្អល់ពេក ព្រោះក្នុងរយៈពេល ២០ឆ្នាំមកនេះ តើមានចង្វាក់អ្វីដែលលោកមិនធ្លាប់ច្រៀងនោះ ហើយបានច្រៀងតាំងពីបងប្អូនសិល្បៈខ្លះមិនទាន់ចេះស្លៀកខោទៀតផង។ លោកបញ្ជាក់ថា៖ “ប្អូនត្រូវចាំថា ប្អូនគ្មានសិទ្ធមកចាត់ចែង មិនឲ្យបងចម្រៀងចង្វាក់នេះចង្វាក់នោះទេ ទីផ្សារសេរីអ្នកណាធ្វើអីបានក៏ធ្វើទៅ តាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ប្អូនចង់ច្រៀងចង្វាក់អ្វីបងក៏មិនហាមដែរ ហើយចង្វាក់អស់ទាំងនោះបងបានច្រៀង ៣ ទៅ៤វ៉ុល តាំងពី១០ឆ្នាំមុនរួចទៅហើយ”។

មិនទាន់ឃើញមានប្រតិកម្មពីតារាចម្រៀង ព្រាប សុវត្ថិ ចំពោះការលើកឡើងចំៗរបស់អ្នកចម្រៀងរ៉េប ខ្មែរមួយជីវិត គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នេះ ប៉ុន្ដែអ្នកនិពន្ធប្រចាំផលិតកម្ម Galaxy Navatraលោក សក្ដិ ធារិទ្ធ បានចាត់ទុកថា ការលើកឡើងរបស់ ខ្មែរមួយជីវិត គឺចង់វាយប្រហារតែលើឧកញ៉ា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ហើយវាប្រាសចាកឆ្ងាយពីការពិត ព្រោះភាពល្បីល្បាញរបស់តារាចម្រៀងទាំងពីរនាក់ គឺស្ដែងចេញពីសមត្ថភាពពិតៗ។

អ្នកនិពន្ធរូបនេះ បន្ថែមថា បើគេសង្កេតមើលលើភាពល្បីល្បាញរបស់កំពូលតារាចម្រៀងជើងចាស់ទាំងពី គឺមិនបានកើតឡើងដោយចៃដន្យ ឬចេញពីបទចម្រៀងរ៉េបមួយចំនួនដែលក្មេងៗជំនាន់ក្រោយច្រៀងរ៉េបឌឺដង ឬជេរគ្នានោះទេ។ ពួកគាត់មានសមត្ថភាពចម្រៀងស្ទើរគ្រប់ទម្រង់ ឬចង្វាក់ភ្លេង ហើយទទួលបានការគាំទ្រខ្លាំង ដោយម្នាក់ៗបានប្រឡូកក្នុងអាជីពនេះ មិនតិចជាង ២០ ទៅ៣០ឆ្នាំនោះទេ។

តារាចម្រៀង ខេមរៈ សិរីមន្ដ កំពុងតែមានមោទនភាពចំពោះបទចម្រៀងបែបរ៉េប ក្រោមចំណងជើងថា “CALL ME PAPA” ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន ជាពិសេសនៅលើបណ្ដាញសង្គម។

បច្ចុប្បន្ន "CALL ME PAPA" ត្រូវបាន មហាជនមើលឃើញថា កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យក្នុងស្រុកស្ទើរគ្រប់កន្លែងលឺតែបាញ់ស្នេហ៍ ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់នៅពីក្រោយ ចំណែកលើឆាកអន្តរជាតិល្បីលឿង មិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្រ បទចម្រៀងរបស់ខ្មែរ រយៈពេលដ៍ខ្លីនេះ។

មហាជន ក៏ដួច អ្នកផលិតវីដេអូល្បីឈ្មោះជា ច្រើន បានវាយតម្លៃថាបទចម្រៀងរបស់កម្ពុជាមួយបទនេះ មិនចាញ់បទចម្រៀងល្បីលើពិភពលោកឡើយ ព្រោះកាមេរ៉ាដែលប្រើប្រាស់ថតបទចម្រៀងមួយបទនេះជា កាមេរ៉ា ទំនើបចុងក្រោយគេ ហើយអ្នកថតសុទ្ធតែប្រជុំទៅដោយ អ្នកជំនាញៗ។ តាមរយៈបទចម្រៀងនេះហើយបានជំរុញទឹកចិត្តឲ្យ កំពូល តារាចម្រៀងរូបនេះ នាំយកអ្វីដែលថ្មីៗទៅកាន់ទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួន។

ទាក់ទងនឹងការវាយបកវិញដោយពាក្យសម្ដីខ្លាំងៗបែបនេះពីសំណាក់តារាចម្រៀង ខេមរៈ សិរីមន្ដ និងអ្នកនិពន្ធរបស់ផលិតកម្មGalaxy Navatra នៅថ្ងៃនេះ Sabay មិនទាន់អាចទាក់ទងតារាចម្រៀងរ៉េប ខ្មែរមួយជីវិត ដើម្បីបកស្រាយបន្ថែមចំពោះការលើកឡើងនៅក្នុងបទសម្ភាសន៍របស់លោកមួយកាលពីចុងឆ្នាំ២០២៣ បានទេ។

សូមបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយកាលពីចុងឆ្នាំ២០២៣ ខ្មែរមួយជីវិតបានលើកឈ្មោះចំៗទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ និងខេមេរៈ សិរីមន្ដ ស្ដីពីការបកស្រាយបទចម្រៀងបែបរ៉េបដែលពួកគេទាំងពីរមិនសមនឹងបកស្រាយបទចម្រៀងបែបនេះ ហើយចាត់ថាវាជាភាពអាម៉ាស់មួយនៅក្នុងសង្គមសិល្បៈខ្មែរ។ យ៉ាងណា វីដេអូនេះ ទើបតែត្រូវបានឧកញ៉ា ខេមរៈ សិរីមន្ដ និងអ្នកនិពន្ធប្រចាំផលិតកម្មGalaxy បានឃើញ និងវាយបកទៅវិញបែបនេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់