• 2024-02-14 00:44:25
  • ព័ត៌មាន

បន្ទាប់​ពី​នាយ​គ្រឿន ប្រកាសលែង​យក​ខ្លួន​បៀត ថ្ងៃ​នេះ តន់ ចន្ទសីម៉ា បញ្ជាក់​ជំហរ​ជាថ្មីរឿង​ផ្សព្វផ្សាយ​ល្បែងអនឡាញ

  • 2024-02-14 00:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​លោក ចែម សារឿន ហៅ​នាយ​គ្រឿន បាន​សុំ​ទោស​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​ជា​សាធារណៈ ចំពោះ​សកម្មភាព​រាំ​ច្រៀង​បង្ហាញ​ពី​ការ​លេង​ល្បែង​ស៊ីសង​តាម​អន​ឡាញ។ នៅ​ថ្ងៃ​នេះ តារាចម្រៀង​ម្នាក់​ទៀត គឺ​កញ្ញា តន់ ចន្ទសីម៉ា បាន​ចេញមុខ​បញ្ជាក់​ជំហរ​មិន​បន្ដ​ផ្សព្វផ្សាយ​ល្បែង​ស៊ីសង ហើយ​ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន​គោរព​កិច្ច​សន្យា។

យោង​តាម​គណនី​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​តារា​ចម្រៀង​រូប​នេះ ខ្លួន​បាន​បញ្ចប់​កុងត្រា​ផ្សព្វផ្សាយ​រឿង​ល្បែង​ស៊ីសង​ជាមួយ​ក្រុម​ហ៊ុន​មួយ​តាំង​ពី​ចុង​ឆ្នាំ​២០២២ ហើយ​កញ្ញា​ក៏​មិន​បាន​បន្ដ​កុងត្រា ឬ​ធ្វើ​ការងារ​ថ្មី​ទាក់ទង​នឹង​អំពើ​មិនគម្បី​ចំពោះ​មហាជន​ផ្សេង​ទៀត​ដែរ។

តន់ ចន្ទសីម៉ា៖ "សូមមេត្តាភាគីក្រុមហ៊ុនគោរពនូវកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយជារូបភាពនិង វីដេអូដែលធ្វើឱ្យពុកម៉ែបងប្អូនមានការយល់ច្រឡំ។ ហើយក៏បញ្ជាក់ជូនពុកម៉ែបងប្អូនម្តងទៀតថានាងខ្ញុំមិនទទួលផ្សាយ Game online តាំងពីឆ្នាំ2022 មកម្ល៉េះ"។

ចំពោះ​ការ​ប្រកាស​លែង​យក​ខ្លួន​បៀត ឬ​បញ្ចប់​កុងត្រា​រឿង​ល្បែង​ស៊ីសង​តាម​អន​ឡាញ​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​នាយ​គ្រឿន និង​កញ្ញា តន់ ចន្ទសីម៉ា មួយ​ចំនួន​គាំទ្រ ដោយ​អ្នក​ខ្លះ​និយាយ​ថា​ចង់​ឃើញ​តារា​របស់​ខ្មែរ​លើក​កម្ពស់​វិស័យ​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់ ជាជាង​ផ្សព្វផ្សាយ​លើក​កម្ពស់​ល្បែង ឬ​គ្រឿង​ស្រវឹង​ដែល​នាំ​ទៅ​រក​បញ្ហា​សង្គម សេដ្ឋកិច្ច​ធ្ងន់ធ្ងរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់