- 2024-03-01 09:56:48
- ព័ត៌មាន
ស៊ីន យូប៊ីន បង្ហាញការយល់ឃើញចំពោះវិស័យ beauty pageant នាពេលបច្ចុប្បន្ន
- 2024-03-01 09:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីន យូប៊ីន បង្ហាញការយល់ឃើញចំពោះវិស័យ beauty pageant នាពេលបច្ចុប្បន្ន
ចន្លោះមិនឃើញ
ដូចបានជ្រាបហើយថា មុនពេលក្លាយជាតារាសម្តែងស្រីឆ្នើមលំដាប់ប្រទេសដូចសព្វថ្ងៃ កញ្ញា ស៊ីន យូប៊ីន ជាអតីតជយលាភីលេខ ១ ជំនាន់ទី១២ នៃកម្មវិធី Freshie Girl & Boy។ ដោយសារ សមត្ថភាព ទេពកោសល្យ និងភាពប៉ិនប្រសព្វ បានជួយក្រសោបភាពល្បីល្បាញឱ្យតារាស្រីរូបនេះយ៉ាងឆាប់រហ័ស រហូតក្លាយជា idol ក្នុងដួងចិត្តប្រជាជនកម្ពុជាទូទាំងប្រទេស។
មិនត្រឹមតែសាងភាពល្បីល្បាញឱ្យខ្លួនឯង យូប៊ីន ក៏បានសាងភាពល្បីល្បាញជូនប្រទេសកម្ពុជាលើឆាកអន្តរជាតិទៀតផង តាមរយៈការចូលរួមកម្មវិធីអន្តរជាតិធំៗ ដែលពុំធ្លាប់មានសិល្បករខ្មែររូបណាមានឱកាសបានចូលរួមពីមុនមកឡើយ។
ដ្បិត យូប៊ីន មិនសូវបញ្ចេញឱ្យឃើញត្រង់ៗ តែនាងបានប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹង ក្នុងពិធីជំនួបតារា និង Mini Concert ថា នាងបានតាមមើលវិស័យ beauty pageant ខ្លះៗដែរ ថែមទាំងមើលឃើញថា បេក្ខភាពជំនាន់ក្រោយៗសុទ្ធសឹងតែអ្នកមានសមត្ថភាពខ្លាំងៗ និងមានការត្រៀមខ្លួនល្អថែមទៀតផង។
តួឯកស្រីរឿង «ដឹកបេះដូងរកស្នេហ៍» យល់ឃើញថា វិស័យ beauty pageant រយៈពេលចុងក្រោយនេះពិតជាមានសន្ទុះខ្លាំងមែនទែន ហើយនាងពិតជាសប្បាយចិត្តខ្លាំងណាស់ពេលឃើញពុកម៉ែបងប្អូននាំគ្នាជំរុញគាំទ្រវិស័យនេះ។ ព្រោះមែនទែនទៅ កម្ពុជាយើងបានបាត់បង់វិស័យ beauty pageant មួយរយៈធំ ហើយនាងពិតជាសោកស្តាយដែលមិនឃើញមានវត្តមានបវរកញ្ញាកម្ពុជាលើឆាកអន្តរជាតិដូចគេឯង។ ប៉ុន្តែ ឥឡូវនេះនាងពិតជារំភើប ព្រោះឃើញវិស័យបវរកញ្ញានៅកម្ពុជាងើបឡើងវិញហើយមានបងប្អូនគាំទ្រច្រើនដូច្នេះ។
យូប៊ីន សង្ឃឹមថា បេក្ខភាពដែលចូលរួមប្រកួតទាំងអស់នឹងពង្រឹងសមត្ថភាពឱ្យបានកាន់តែខ្លាំង យល់ពីកតិកា និងការប្រកួតឱ្យបានច្បាស់លាស់ ថ្ងៃណាមួយកម្ពុជាយើងនឹងអាចដណ្តើមមកុដពីឆាកអន្តរជាតិបានជាក់ជាមិនខាន។
អតីតជយលាភីលេខ ១ រូបនេះបានឱ្យដឹងទៀតថា នាងគ្មានបំណងចូលរួមវិស័យបវរកញ្ញាទេ ទោះបីមានហ្វេនទទូចសុំច្រើនក៏ដោយ ព្រោះយល់ថា អាយុនាងច្រើនហើយ។ ម៉្យាង ចង់ទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយបានបញ្ចេញសមត្ថភាព ដើម្បីបំពេញក្តីស្រមៃរបស់ពួកគេ។ សម្រាប់ យូប៊ីន សូមត្រឹមតែពុកម៉ែបងប្អូនស្គាល់ក្នុងនាមអតីតជយលាភីលេខ ១ និងជាតារាសម្តែងឆ្នើមម្នាក់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ៕