• 2024-03-04 03:23:10
  • ព័ត៌មាន

ថ្ងៃហុងស៊ុយពិតៗ! Taylor Swift និង IU អង្រួនឆាកប្រគំតន្ត្រីខ្នាតយក្ស ២ រៀងខ្លួនកក្រើកផ្អើលទ្វីបអាស៊ី

  • 2024-03-04 03:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ០២ ខែមីនា ជាពេលវេលាដែលតារា​ចម្រៀង​ស្រី​មាន​ឥទ្ធិពល​ ២ រូប គឺ Taylor Swift និង IU កាន់ក្បាលមេក្រូឡើងសម្ដែងជាពិសេស ស្វាគមន៍ព្រឹត្តិការណ៍នៃការប្រគំតន្ត្រីទេសចរណ៍រៀងខ្លួនទៅតាមកាលវិភាគដែលបានកំណត់។

ជាក់ស្ដែងការប្រគំតន្ត្រី The Era s Tour របស់តារាចម្រៀងអាមេរិក Taylor Swift បាន​ប្រព្រឹត្តិទៅ​ចាប់ពីថ្ងៃទី ០២, ០៣, ០៤ និង ០៧, ០៨, ០៩ ខែមីនា នៅឯពហុកីឡដ្ឋាន Singapore’s National Stadium ស្ថិតក្នុងទឹកដីប្រទេស​សិង្ហបុរី។

ព្រឹត្តិការណ៍នេះបាន​កេណ្ឌអ្នកចូលរួមយ៉ាងច្រើនក្រាស់ក្រែលទាំងក្នុង​និងក្រៅប្រទេស ដោយក្នុងនោះក៏មានតារាល្បីៗផងដែររួមមាន៖ Lisa (BLACKPINK), Katy Perry, Rita Ora, Taika Wititi និងសូម្បី Minho (SHINee) ក៏បង្ហាញ​វត្តមាននៅទីនោះដែរ។

Taylor បានធ្វើឲ្យអ្នកចូលរួមទាំងអស់ទទួលបទពិសោធដ៏សែនអស្ចារ្យ រកពាក្យអ្វីមក​ថ្លែងពុំបាន ​ព្រោះ​យ៉ាង​ដែល​ត្រូវបានបង្ហាញ​ប្រៀបដូចសុបិន ហើយម្នាក់ៗលាន់មាត់ពេញចិត្ត មានក្ដីសុខនឹងទស្យនីយភាពមួយនេះ ពិសេសក៏មិនស្ដាយទឹកប្រាក់ និងពេល​វេលាមួយនេះឡើយ។ វត្តមាន​របស់ម្ចាស់បទ "Love Story” ក៏បានធ្វើឲ្យវិស័យសេដ្ឋកិច្ចប្រទេសសិង្ហបុរីហក់ឡើងមិនគួរឲ្យជឿដែរតាមរយៈកំណើននៃភ្ញៀវទេសចរមកពីបណ្ដាប្រទេសផ្សេងៗ។

ឈានចូលឥទ្ធិពលការប្រគំតន្ត្រី H.E.R. World Tour ដែលធ្វើឡើងនៅពហុកីឡដ្ឋាន KSPO DOME ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ០២ ខែមីនារបស់ IU វិញក៏មិនធម្មតាដែរ។

តារាមិនតិចនាក់ទេ ដែល​បាន​ចូលរួម​កម្មវិធីនៃការប្រគំតន្ត្រី​មួយនេះ។ ត្រួសៗរួមមានគូស្នេហ៍បណ្ដូលចិត្ត Lee Jong Suk, Winter (aespa), Yoo Jaesuk, Park Myung Soo, Yang Sechan, ក្រុម NewJeans (សម្ដែង និងចូលរួមទស្សនាដូចគ្នា), Mina, Yoojung, Chaeyeon, D.O (EXO), Lee Joo Young, Park Eun Bin...

នេះគឺជារឿងដ៏អស្ចារ្យ​បង្ហាញ​នៅនឹងភ្នែក បញ្ជាក់ពីសន្ធឹកប្រជាប្រិយភាព​របស់តារា​ស្រីទាំងពីរថាមាន​កម្រិតណា។ តាំងពី​ប្រឡូកជាតារាចម្រៀងតូចដែល​មាន​មហិច្ឆតាធំ គ្មានអ្វីក្រៅពីសមត្ថភាព​តស៊ូប្រឹងប្រែងជាមួយនឹង​បាតដៃទទេ រហូតប្រមូលបាននូវឥទ្ធិពលមិនធម្មតានាមជាតារាទោលប្រចាំវិស័យចម្រៀង។ ការតស៊ូ និងលទ្ធផលរបស់ Taylor Swift និង IU គឺជាគំរូ​បង្ហាញ​ដ៏ល្អបំផុត សម្រាប់មនុស្សគ្រប់គ្នាដែលកំពុងបាក់ទឹកចិត្តឲ្យស៊ូឡើង កុំចុះចាញ់ទោះបីបរាជ័យច្រើនដងក៏ដោយ៕

អត្ថបទ៖ ធារី

មតិយោបល់