- 2024-03-12 06:46:48
- ព័ត៌មាន
អ្នកគាំទ្រត្រៀម! ភាពយន្តខ្នាតធំដ៏រន្ធត់ ព្រះនាងតូច ជេនណា ចូលរួមសម្តែង ជិតដល់ថ្ងៃបញ្ចាំងហើយ
- 2024-03-12 06:46:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រត្រៀម! ភាពយន្តខ្នាតធំដ៏រន្ធត់ ព្រះនាងតូច ជេនណា ចូលរួមសម្តែង ជិតដល់ថ្ងៃបញ្ចាំងហើយ
ចន្លោះមិនឃើញ
ព្រះនាងតូច នរោត្តម ជេនណា បានសព្វព្រះរាជហឫទ័យយាងចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំរបស់ LD Entertainment ចំណងជើង "បណ្ដាសានាងរាត្រី - The Night Curse of Reatrei " ជាមួយតារាសម្តែងល្បីៗរួមមាន៖ កញ្ញា ស៊ីន យូប៊ីន, តារាភាពយន្តភូមា លោក Paing Takhon, តារាជំនាញក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន, កុមារីពេញដោយសមត្ថភាពទេពកោសល្យសម្តែង ម៉ានីកា រួមទាំងតារាវ័យក្មេងផ្សេងទៀតផងដែរ។
នេះមិនត្រឹមតែជាលើកដំបូងដែល ព្រះនាងតូច ជេនណា ចូលរួមសម្តែងភាពយន្តខ្នាតធំប៉ុណ្ណោះទេ តែក៏ជាលើកដំបូងដែលតារាសម្តែងល្បីឈ្មោះ ស៊ីន យូប៊ីន, ព្រះនាងតូច ជេនណា និងលោក Paing Takhon ប៉ះគ្នាជាលើកដំបូងផងដែរ។
គ្រាន់តែឃើញ poster និងបានទស្សនា trailer រឿងនេះ ទស្សនិកជន ពិសេសអ្នកនិយមទស្សនារឿងបែបរន្ធត់ព្រឺព្រួច ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយមើលទៅវាហាក់មានអ្វីជាអាថ៌កំបាំងបង្កប់នូវក្នុងនោះ រួមជាមួយឈុតឆាករន្ធត់ៗជាច្រើននឹកស្មានមិនដល់ ធ្វើឱ្យពួកគេអន្ទះសារចង់ទស្សនារឿងនេះគ្រប់ៗគ្នា។ ម៉្យាង តួអង្គសម្តែងបានអះអាងថា រឿងនេះផលិតឡើងយ៉ាងសម្រិតសម្រាំង ប្រកបដោយគុណភាព ស្តង់ដាអន្តរជាតិ គួបផ្សំការសម្តែង បច្ចេកទេសថត និងការកាត់ត មើលទៅរឹតតែគួរឱ្យចង់ទស្សនាខ្លាំងឡើង។
គួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះនាងតូច ជេនណា ក្នុងរឿង «បណ្ដាសានាងរាត្រី» ជាប្រភេទរឿង horror movie ថ្មីរបស់ LD Entertainment ពិតជាពិសេសអស្ចារ្យ ដោយអ្នកចូលទស្សនារឿងថ្ងៃសម្ភោធផ្លូវការ បានលើកសរសើរពីការសម្តែងរបស់ទ្រង់ថា ពិតជាល្អ ទាំងទឹកមុខ កាយវិការ បើនិយាយពីរូបថតលើ poster វិញ ឃើញហើយរន្ធត់ខ្លាំងតែម្តង។ ក្នុងរឿងនេះផងដែរ ព្រះនាងតូច ជាអ្នកមើលឃើញវិញ្ញាណខ្មោចកំណាចមុនគេ ក្នុងចំណោមអ្នកផ្ទះ សិស្សដែលចូលទៅរស់នៅក្នុងផ្ទះដ៏គ្រោះថ្នាក់នោះ។
ក្រោយបានចូលរួមសម្ភោធរឿង «បណ្ដាសានាងរាត្រី | The Night Curse of Reatrei» កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅរោងភាពយន្ត Major Cineplex Aeon Mall ទំព័រហ្វេសប៊ុកផ្លូវការ Jenna Norodom (Princess Jenna Norodom) បានបង្ហោះរូបថត ភ្ជាប់ជាមួយ Caption ថា «ខ្ញុំមានសេចក្តីរីករាយឥតឧបមាដែលបានចូលរួមក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តរឿង "បណ្ដាសានាងរាត្រី - The Night Curse of Reatrei " ដោយបានឃើញវត្តមានរបស់ពុកម៉ែបងប្អូនមកចូលរួមយ៉ាងច្រើនកុះករ ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រុមការងាររបស់ផលិតកម្ម LD និងបងៗសិល្បករទាំងអស់ដែលបាន surprise នំខេកមុនថ្ងៃកំណើតខ្ញុំ»។
គួររំឮកផងដែរថា នេះជាលើកដំបូងដែលព្រះនាងតូច ចូលរួមថតភាពយន្តខ្នាតធំ ហើយថែមទាំងជារឿងខ្មោចទៀត។ នៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ រឿង "បណ្ដាសានាងរាត្រី - The Night Curse of Reatrei " នឹងបង្ហាញខ្លួនលើផ្ទាំងសំពត់សរនៃរោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជា ពោលគឺចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តទៅ!