• 2024-03-25 06:20:41
  • ព័ត៌មាន

ចិត្តជាបងប្រុស! ទោះ ខេមរៈ សិរីមន្ត មានងារជាឧកញ៉ា ខេមរៈ ភារុណ នៅតាមជ្រោមជ្រែងគ្រប់ច្រកល្ហក

  • 2024-03-25 06:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជាឧកញ៉ា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ បន្ទាប់ពីទទួលបានគោរមងារជាឧកញ៉ា តារាចម្រៀង ខេមរៈ សិរីមន្ត នៅតែបន្តច្រៀង និងបញ្ចេញចម្រៀងថ្មីដូចធម្មតា ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន និងបណ្តាអ្នកគាំទ្ររបស់លោក។

ថ្មីៗនេះ បទចម្រៀង «Call Me PaPa» និងបទ «អូនរាំអែន» របស់ ខេមរៈ សិរីមន្ត សហការជាមួយ Rapper ថៃ បានផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាស្ទើរមិនគួរឱ្យជឿ ទាំងទីផ្សារក្នុង ក៏ដូចជាទីផ្សារក្រៅប្រទេសផងដែរ ដោយគេឃើញអ្នកប្រើប្រាស់កម្មវិធី Tik Tok យ៉ាងច្រើនបានលើកយកបទចម្រៀងនេះទៅត្រាប់លេងកម្សាន្តយ៉ាងសប្បាយរីករាយ ធ្វើឱ្យសន្ទុះគាំទ្របទនេះហក់ឡើងកាន់តែខ្លាំងលើសពីការរំពឹងទុក។

សមិទ្ធផលល្អឯកដែលទទួលបាននេះ កើតឡើងពីការរៀបចំគម្រោងយ៉ាងល្អិនល្អន់ពីក្រុមការងារ និងតារាចម្រៀងរូបនេះផ្ទាល់ រួមទាំងបុគ្គលសំខាន់ម្នាក់ទៀតមិនអាចខ្វះបាន គឺលោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់ ខេមរៈ សិរីមន្ត ផ្ទាល់តែម្តង។

ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗ ម្ចាស់បទ «Call Me PaPa» បានលើកឡើងថា ក្រៅពីក្រុមការងារ គឺមានភរិយា និងបង ប្រុសលោកបង្កើត គឺលោក ខេមរៈ ភារុណ ជាអ្នកនៅពីក្រោយចាំជួយជ្រោមជ្រែងលោកគ្រប់ច្រកល្ហក់។ ជាក់ស្តែង បងប្រុសរបស់លោក គឺជាទីប្រឹក្សាផ្ទាល់ខ្លួន និងជាអ្នកគ្រប់គ្រង ហើយក៏ជាអ្នកនិពន្ធ និងមានតួនាទីជាច្រើនទៀតផងដែរ។

ម្ចាស់បទ «ឆ្នាំនឹងសប្បាយខ្លាំង» បញ្ជាក់ឱ្យដឹងទៀតថា បងប្រុសលោកជាមនុស្ស មានការរវល់ច្រើនលើការងារ និងការសិក្សា។ លោកជាមនុស្សស្រឡាញ់ការរៀនសូត្រ មិនដែលបោះបង់ការសិក្សាឡើយ ពោលគឺរៀនបណ្ដើរធ្វើការតែងនិពន្ធបណ្ដើរ ហើយថ្មីៗនេះបងប្រុសលោកទើបទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់អនុបណ្ឌិត) ជំនាញរដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ខេមរៈ សិរីមន្ត រំឮកឱ្យដឹងថា រយៈពេលប្រមាណ២០ឆ្នាំហើយ ដែលបងប្រុសរបស់លោកនៅតាមជួយជ្រោមជ្រែងលោក មិនថាលោកផ្លាស់ទៅផលិតកម្មណាក៏តែងតែមានវត្តមាន ខេមរៈ ភារុណ ជួយតែងនិពន្ធបទចម្រៀងឱ្យលោកជានិច្ច។ ដោយឡែក ឆ្នាំថ្មីនេះតារាចម្រៀង ខេមរៈ សិរីមន្ត ប្តេជ្ញានាំយកចម្រៀងខ្មែរទៅទីផ្សារអន្តរជាតិ ដោយក្រុមការងារ ហ្គាឡាក់ ស៊ីណាវ៉ាត្រាខិតខំសម្រិតសម្រាំងយ៉ាងពិសេស ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

លោកក៏បង្ហើបឱ្យដឹងទៀតថា លោកបានសហការជាមួយប្រទេសធំៗជាច្រើន ហើយ MV ចម្រៀងថ្មីទាំងនោះ ក៏បានថតរួចរាល់ហើយដែរ រង់ចាំបើកបង្ហាញភាពភ្ញាក់ផ្អើលជាមួយអ្នកគាំទ្រតែប៉ុណ្ណោះ៕

អត្ថបទ៖ Ah Mouy

មតិយោបល់