• 2024-03-30 00:44:57
  • ព័ត៌មាន

ធ្លាប់ស្លៀកក្បិន? តស់ មកស្លៀកក្បិនមើលល្ខោន ជាមួយបុណ្យភូមិនៅឆ្នាំនេះ!

  • 2024-03-30 00:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពសិល្បៈ បុណ្យភូមិ ដែលពេញនិយមសំរាប់ប្រជាជនកម្ពុជា ដែលនិយមមកកម្សាន្តនូវល្បែងប្រជា ប្រិយខ្មែរ ទស្សនាល្ខោន និង ការសម្តែង Concert បែបខ្មែរទាន់សម័យបានត្រលប់មកវិញហើយ ជាមួយឆ្នាំទី១១ របស់ខ្លួន ដោយឆ្នាំនេះមហោស្រពសិល្បៈ បុណ្យភូមិ នឹងប្រព្រឹត្តទៅរយ:ពេលបីថ្ងៃ ចាប់ពី ថ្ងៃទី៥,៦,៧ ខែមេសា នៅក្នុងបរិវេណវត្តព្រែកថ្លឹង។

ក្នុងរយ:ពេលជាង១ទ.វ មកនេះ បុណ្យភូមិតែងតែនាំនូវភាពអស្ចារ្យនៃទម្រង់សិល្ប: ខ្មែរដើម្បី ចាក់ដោតក្នុងអារម្មណ៍ និង អោយប្រជាជនខ្មែរបានស្គាល់ពីភាពរុងរឿងនៃវប្បធម៌ខ្មែរ។ កាន់តែពិសេសនៅក្នុងឆ្នាំនេះ បុណ្យភូមិនឹងនាំអារម្មណ៍លោកអ្នកទៅកាន់អតីតកាល ដោយឡេឡេទាំងអស់ (យុវជនស្ម័គ្រចិត្ត) បានលើកឡើងនៅកម្មវិធី "រាត្រីក្បិន"។

អាវទាន់សម័យបានបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់អ្នក នាសម័យបច្ចុប្បន្ន។ ចុះអ្នកដែលធ្លាប់ឃើញសម្រស់របស់ខ្លួនពេលស្លៀកក្បិនដែរឬទេ?

នេះជាឱកាសដ៏ល្អសំរាប់បងប្អូនចូលរួម នៅរាត្រីក្បិន ដែលជាទិដ្ឋភាពមួយដែលឆ្លុះបង្ហាញពីបរិបទកំសាន្តនាសម័យមុនរបស់ខ្មែរ និង រំលឹកអ្នកស្រុកបុណ្យភូមិពីបែបបទកំសាន្តតាមរយៈការអង្គុយទស្សនាល្ខោនយីកេ។

យោងតាមឯកសារ តាំងពីបុរាណកាលមក «ក្បិន» ត្រូវបានប្រជាជនខ្មែរ ជាពិសេសបុរស តែងតែស្លៀកពាក់ជាប្រចាំ។ ចំណែកឯស្រ្តីខ្មែរបុរាណវិញតែងតែស្លៀកសំពត់សម្លុយ។ ដើម្បីអោយរាត្រីមើលល្ខោនយីកេកាន់តែពិសេស បុណ្យភូមិនឹងរៀបចំ«រាត្រីក្បិន» ឡើង ដើម្បីអោយកូនខ្មែរ ជំនាន់ក្រោយទទួលបានបទពិសោធន៍ ស្លៀកក្បិនមើលល្ខោនយីកេ។ រាត្រីក្បិននេះ នឹងរៀបចំ នាយប់ទី ២ ពោលគឺថ្ងៃទី៦ ខែមេសា។

សូមបញ្ចាក់ថា បុណ្យភូមិ ជាមហោស្រពសិល្បៈមួយដែលបានរួមបញ្ចូលនូវការតាំង និង បង្ហាញពីស្នាដៃសិល្បៈគ្រប់ទម្រង់ដែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីបរមបុរាណមក ដែលឆ្លុះបញ្ចាំងពីវប្បធម៍ អរិយធម៍ ប្រពៃណី ទំនៀមទម្លាប់នានារបស់ខ្មែរតាមសម័យកាលនីមួយៗ។

ចាប់តាំងពីការលេចរូបរាងដំបូងនៃកម្មវិធីក្នុងឆ្នាំ ២០១៤ មហោស្រពសិល្បៈ បុណ្យភូមិបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ និងទទួលបានសន្ទុះនៃការគាំទ្រពីបណ្តាអ្នកស្រុកបុណ្យភូមិ ដែលមានវត្តមានចូលរួមជាបន្តបន្ទាប់ ដែលជាសមិទ្ធផលមួយសមស្របទៅនឹងគោលបំណងរបស់កម្មវិធីបុណ្យភូមិ ដែលចង់ពាំនាំនូវបរិយាកាសអបអរសាទរទៅកាន់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាមទម្រង់បែបបទរបស់អ្នកស្រុកអ្នកភូមិពីជំនាន់ដើមរបស់ខ្មែរ ក៏ដូចជាចូលរួមលើកស្ទួយ ផ្សព្វផ្សាយ អភិរក្សទម្រង់សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ រួមជាមួយនឹងសិល្បៈបុរាណខ្មែរផងដែរ៕

មតិយោបល់