• 2024-04-08 04:02:30
  • ព័ត៌មាន

សិល្បករ-បុគ្គលល្បីៗ ប្រកាសស្វែងរកជំនួយជួយកូនប្រុសសិល្បករគំនូរ ព្រហ្ម ពន្លឺ ដែលកើតមហារីកដំណាក់កាលទី៤

  • 2024-04-08 04:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះអការៈជំងឺរបស់កុមារា ពន្លឺ វីរៈបុត្រ ហៅ ឆលី ជាកូនប្រុសរបស់សិល្បករគំនូរដ៏មានទេពកោសល្យ លោក ព្រហ្ម ពន្លឺ ដែលបានកើតជំងឺមហារីកខួរក្បាល ដោយគិតមកទល់ពេលនេះ ស្ថានភាពជំងឺរបស់ ឆលី ឈានដល់ដំណាក់កាលទី ៤ ហើយ។

ទំព័រហ្វេសប៊ុក Charlie - Erik ឆលី អេរិក (Two brothers) បានរៀបរាប់ឱ្យដឹងថា ឆលី ពិនិត្យឃើញដុះសាច់ខួរក្បាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ក្រោយពិនិត្យឃើញបែបនេះ ក្រុមគ្រួសារបានសម្រេចចិត្តយក ឆលី ទៅព្យាបាលនៅប្រទេសថៃ ដើម្បីទទួលការទទួលការព្យាបាលដោយបាញ់កាំរស្មី និងបាញ់គីមី។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុក Charlie - Erik ឆលី អេរិក (Two brothers) បានធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺរបស់ ឆលី ដោយបញ្ជាក់ឱ្យដឹងថា ឆលី បានវះយកសាច់ចេញពីខួរក្បាលដោយជោគជ័យ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ តែដោយសារជំងឺធ្វើទុក្ខខ្លាំង កុមារាអាយុជាង ៣ ឆ្នាំ ទទួលការវះកាត់លើកទី ២ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ហើយថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឆលី ទទួលការព្យាបាលមហារីកដំណាក់កាលទី៤ ដែលការព្យាបាលជំងឺមហារីកត្រូវការចំណាយប្រាក់រាប់ម៉ឺនដុល្លារឯណោះ។

ដើម្បីទប់ទល់ការចំណាយដ៏ច្រើនសន្លឹកសន្ធាប់របស់កូនប្រុស សិល្បករគំនូរ ព្រហ្ម ពន្លឺ បានប្រកាសលក់ស្នាដៃគំនូររបស់ខ្លួនជាច្រើនផ្ទាំង និងច្រើនប្រភេទ កាលពីចុងខែកុម្ភៈ ក្នុងបំណងស្វែងរកថវិកាដែលបានពីការទិញគំនូរ និងជំនួយផ្សេងៗ សម្រាប់មើលថែកូនប្រុសរបស់ខ្លួនដែលកំពុងគេងព្យាបាលជំងឺមហារីកខួរក្បាលឈ្មោះថា Medulloblastoma នៅមន្ទីរ Chula Cancer ប្រទេសថៃ និងអំពាវនាវដល់សប្បុរសជន ក្នុងការស្វែងរកថវិកាព្យាបាលកូនប្រុសតូចរបស់ខ្លួនផងដែរ។

ក្រោយឃើញការបង្ហោះរៀបរាប់ពីស្ថានភាពជំងឺរបស់កុមារា ឆលី លើទំព័រហ្វេសប៊ុក Charlie - Erik ឆលី អេរិក (Two brothers) សិល្បករ-សិល្បការនីល្បីៗ រួមមានបុគ្គលមានឥទ្ធិពលលើបណ្តាញសង្គមជាច្រើន បានបង្ហាញក្តីអាណិតអាសូរពន់ពេកដល់កុមារា ឆលី ដែលត្រូវជួបប្រទះជំងឺកាច់សាហាវបែបនេះវ័យក្មេង។

មិនឱបដៃឈរមើលនោះឡើយ តារាចម្រៀង ពេជ្រ សូលីកា, ពិធីការនី និងតារាសម្តែង គង់ ច័ន្ទស្រីមុំ, អតីតពិធីការនី លី ចាន់ដាលីស, តារាសម្តែង សិទ្ធី នីកា, ស្រីអូន សម្រស់ធម្មជាតិ រួមទាំងសិល្បករ-សិល្បការនី និងបុគ្គលល្បីមួយចំនួនទៀត បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រួលដល់បន្ទុកនៃការព្យាបាលជំងឺរបស់ ឆលី ថែមទាំងបានចូលរួមចែករំលែការបង្ហោះរបស់គ្រួសារ ឆលី ឱ្យសាធារណជន និងប្រជាជនកម្ពុជាទូទាំងប្រទេសបានដឹង ហើយចូលរួមចំណែកជួយដល់ការព្យាបាលរបស់ ឆលី ម្នាក់បន្តិចៗទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ទន្ទឹមការជួយអំពាវនាវរបស់សិល្បករ-សិល្បការនី សិល្បករគំនូរ ព្រហ្ម ពន្លឺ ក៏សូមអំពាវនាវដល់សប្បុរសជនជួយដល់កូនប្រុសរបស់លោកតាមរយៈការជាវទិញស្នាដៃគំនូរបស់លោក ឬពុកម៉ែបងប្អូនអាចចូលរួមបរិច្ចាគជាថវិកាតាមទឹកចិត្ត ដើម្បីយកប្រាក់នោះផ្គត់ផ្គង់លើការចំណាយរបស់ ឆលី ដែលមួយសប្តាហ៍ត្រូវចំណាយខ្ទង់ម៉ឺនដុល្លារ។ សម្រាប់ព័ត៌មានលម្អិតពីអាការៈជំងឺរបស់ ឆលី លោកអ្នកអាចចូលទៅតាមដានដល់ទំព័រហ្វេសប៊ុក Charlie - Erik ឆលី អេរិក (Two brothers) និងអាចធ្វើការបរិច្ចាគថវិកាតាមរយៈគណនី ABA របស់ លោក ព្រហ្ម ពន្លឺ និងភរិយា ៖ 000 547 860 (Hengly ENG)៕

រូបភាព៖ ហ្វេសប៊ុក Charlie - Erik ឆលី អេរិក (Two brothers) និង Ponleu Art

អត្ថបទ៖ Ah Mouy

មតិយោបល់