• 2024-04-10 06:31:56
  • ព័ត៌មាន

រៀបចំ​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​រួច ទើប សាយ សៀរ៉ា ទម្លាយ​ថា​ឡើង​ដោយ​ប្រថុចញ៉ុច

  • 2024-04-10 06:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រមូល​ថវិកា​ដែល​បាន​សន្សំ​ទុក​ជា​យូរ​ឆ្នាំ​ពី​អាជីព​សិល្បៈ ព្រម​ទាំង​បាន​លក់​ដី​ខ្លះ​នៅ​ភ្នំពេញ ដើម្បី​សង់​ផ្ទះ​វីឡា​តូច​ល្មម​មួយ​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់​ចាម ដើម្បី​បំពេញ​ក្ដី​ប្រាថ្នា​មួយ​របស់​អ្នក​មាន​គុណ​ទាំង​ពីរ​របស់​ខ្លួន លោក សាយ សៀរ៉ា បាន​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​យ៉ាង​ប្រថុចញ៉ុច​កាល​ពី​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០២៤។

ធ្វើ​ឡើង​ដោយ​ប្រថុចញ៉ុច ក៏​ដោយសារ​តែ​រូប​លោក​ផ្ទាល់​គ្រោង​ធ្វើ​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២៤ ប៉ុន្ដែ​ប៉ា​លោក​ប្រាប់​ថា​វេលា​មិន​សូវ​ល្អ ក៏​ត្រូវ​ពន្យារ​ពេល​ដោយ​មិន​កំណត់​ថ្ងៃ។ ស្រាប់​តែ​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០២៤ នេះ ក៏​ស្រាប់​តែ​ប៉ា​របស់​លោក​ទៅ​ដេញ​វេលា​ម្ដង​ទៀត ក៏​ឃើញ​ថា​មាន​វេលា​ល្អ​នៅ​ដើម​ខែ​មេសា មុន​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ ក៏​លោក​ត្រូវ​គិត​គូ​អញ្ជើញ​ភ្ញៀវ និង​រៀបចំ​ពិធី​ភ្លាមៗ​តែ​ម្ដង។

បើ​តាម​តារា​សម្ដែង និង​ជា​ពិធីករ​ចាស់​វស្សា​រូប​នេះ បើ​ទោះ​បី​ធ្វើ​ឡើង​ដោយ​ប្រថុចញ៉ុច និង​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ក៏​ប៉ុន្ដែ​សាច់ញាតិ និង​មិត្រភក្ដិ​ក៏​មិន​បាន​ចោល​ពិធី​ឡើង​គេហដ្ឋាន​របស់​លោក​ដែរ។ ដោយ​មាន​ភ្ញៀវ​ច្រើន​ពេក​នៅ​អំឡុង​ពេលល្ងាច គឺ​ជា​ពេល​ពិសារ​ភោជនីយ​អាហារ​នោះ រូប​លោក​ផ្ទាល់​ក៏​មិន​បាន​ទទួល​រាក់ទាក់​ដល់​ភ្ញៀវ​គ្រប់​គ្នា និង​បាន​នៅ​ជជែក​លេង​យូរ​ដែរ។ ទើប​ក្រោយ​បញ្ចប់​កម្មវិធី​ភ្លាមៗ​រូប​លោក និង​គ្រួសារ​បាន​ចេញ​វីដេអូ​មួយ​សូម​ថ្លែង​អំណរ​គុណ​ដល់​ភ្ញៀវ​ដែល​បាន​ផ្ដល់​កិត្ដិយស​ទាំង​អស់ ហើយ​ក៏​សូម​អភ័យ​ទោស​ចំពោះ​ភ្ញៀវ ឬ​មិត្ដភក្ដិ​ដែល​មិន​សូវ​ទទួល​បាន​រាក់​ទាក់​នៅ​ថ្ងៃ​នោះ។

សូម​រំលឹក​ថា លោក សាយ សៀរ៉ា បាន​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី នៅ​ភូមិ​ស្វាយ​ក្រោម ឃុំ​ស្វាយសាច់ភ្នំ ស្រុក​ស្រីសន្ធរ ខេត្ដ​កំពង់​ចាម ដែល​មាន​ចម្ងាយ​ផ្លូវ​ជិត ១០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ ប៉ុន្ដែ​នៅ​ក្នុង​ថ្ងៃ​រៀបចំ​ពិធី​នោះ​គេ​ឃើញ​មិត្ដ​សិល្បៈ ព្រម​ទាំង​មន្ដ្រី​រាជការ​មួយ​ចំនួន​បាន​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះករ។ សម្រាប់​ក្នុង​រង្វង់​សិល្បៈ​វិញ គេ​ឃើញ​វត្ដមាន​ដូច​ជា៖ អ្នកស្រី ចន ច័ន្ទលក្ខិណា លោក ញ៉ែម សំអូន និង​ភរិយា លោក ញ៉ែម សុគន្ធ លោក ជា សុវណ្ណនរាហ៍ និងលោក ភុល សុវណ្ណដានីន ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់